សារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៩ ខែមេសា ឆ្នាំ២០២៣ មេបញ្ជាការកងទ័ពជើងគោកអ៊ុយក្រែនម្នាក់ បាននិយាយថាកងកម្លាំងរុស្ស៉ី បាន និងកំពុងបង្កើនការវាយប្រហារតាមផ្លូវអាកាស និងការបាញ់ផ្លោងកាំភ្លើងធំ នៅក្នុង ទីក្រុងបាកមូត ស្ថិតនៅភាគខាងកើតនៃប្រទេស។
ការវាយប្រយុទ្ធគ្នាយ៉ាងបង្ហូរឈាម នៅក្នុង និងជុំវិញទីក្រុងបាកមូត (Bakhmut) បានអូសបន្លាយពេលជាច្រើនខែមកហើយ ដោយបណ្ដាលឱ្យភាគីទាំងសងខាងខាតបង់ ធ្ងន់ធ្ងររៀងៗខ្លួន។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយនៅថ្ងៃអង្គារសប្ដាហ៍នេះ ឧត្ដមសេនីយ៍អ៊ុយក្រែន លោក អូឡិចសាន់ឌឺ សៀស្គី (Oleksandr Syrskyi) បានកត់សម្គាល់ថា «បច្ចុប្បន្ន សត្រូវកំពុងបង្កើនសកម្មភាពវាយប្រហារដោយកាំភ្លើងធំ និងការវាយប្រហារតាមផ្លូវអាកាស ដោយបានប្រែក្លាយទីក្រុង (បាកមូត) ទៅជា សំណល់កម្ទេចកម្ទីបែកបាក់»។ លោកបន្តថារុស្ស៉ីនៅតែបន្តប្ដេជ្ញាចិត្តវាយដណ្ដើមទីក្រុងបាកមូត ទោះត្រូវលះបង់ក្នុងតម្លៃណាក៏ដោយ តែព្រមពេលជាមួយគ្នា ក៏បានទទួល រងការខាតបង់ធ្ងន់ធ្ងរនៅក្នុងសមរភូមិដើម្បីទីក្រុងមួយនេះផងដែរ។
រុស្ស៉ី ក៏ធ្លាប់បានអះអាងថាអ៊ុយក្រែនបានខាត់បង់ធ្ងន់ធ្ងរនៅក្នុងសមរភូមិបាកមូតដែរ។ បាកមូតគឺជាទីក្រុងមួយស្ថិតនៅក្នុងតំបន់ដូណេត និងធ្លាប់មានប្រជាជន រស់នៅជាង ៧០,០០០នាក់ មុនសង្រ្គាមផ្ទុះឡើង ហើយបើតាមក្រុមអ្នកជំនាញមួយចំនួន ការដណ្ដើមយកបានទីក្រុងមួយនេះអាចនឹងផ្ដល់ភាពងាយស្រួលដល់រុស្ស៉ី ក្នុង ការពន្លឿនការវាយលុកលើទីក្រុងធំចំនួន២ផ្សេងទៀត នៃតំបន់ដូណេត នោះគឺទីក្រុងក្រាម៉ាទ័ស (Kramatorsk) និងស្លូវីយ៉ាន់ស្កិ៍ (Sloviansk)។ មកទល់នឹងពេលនេះ ក្រុមទាហានស៊ីឈ្នួល Wagner ដែលទទួលបន្ទុលវាយយកបាកមូត បានអះអាងថាក្រុមអ្នកប្រយុទ្ធរបស់ខ្លួនបានគ្រប់គ្រងទឹកដីជាង ៨០ភាគរយហើយនៃទីក្រុងបាមូត។
ប៉ុន្តែខាងអ៊ុយក្រែនបានច្រានចោលការអះអាងបែបនេះ ដោយថាទាហានរបស់ខ្លួននៅតែបន្តប្រយុទ្ធដើម្បីការពារទីក្រុងបាកមូតនៅឡើយ។ អ៊ុយក្រែនត្រូវបានគេរំពឹងថាអាច នឹងបើកប្រតិបត្តិការវាយបកនៅប៉ុន្មានសប្ដាហ៍ ឬខែខាងមុខនេះ ដើម្បីដណ្ដើមយកទឹកដីរបស់ខ្លួនដែលរុស្ស៉ីកំពុងកាន់កាប់មកវិញ ដោយមានជំនួយអាវុធថ្មីៗពី NATO ជាពិសេសពីសហរដ្ឋអាមេរិក៕
រូបភាព : Reuters