ខេត្តក្រចេះ៖ លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផល និងជាប្រធានក្រុមអភិរក្សសត្វផ្សោតខេត្តក្រចេះ បានថ្លែងឱ្យដឹងនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣នេះថា៖ មន្ត្រីជំនាញជលផលខេត្តក្រចេះ សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ និងអង្គការដៃគូ បានបង្កើនកម្លាំង និងសកម្មភាពការពារសត្វផ្សោត ក្នុងតំបន់អភិរក្ស បានធ្វើឲ្យកំណើតសត្វផ្សោត មានការកើនឡើងវិញ និងមិនមានងាប់ថ្មី នៅដើមឆ្នាំ២០២៣នេះ ។
លោកនាយខណ្ឌរដ្ឋបាលជលផលរូបនេះ បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ ក្នុងការងារអភិរក្សសត្វផ្សោតនៅឆ្នាំ២០២៣នេះ អាជ្ញាធរបានប្រមូលនូវកម្លាំងពីតំបន់ផ្សេងៗ មកជួយល្បាតនៅតំបន់កាំពី សហការជាមួយសហគមន៍នេសាទ អាជ្ញាធរមូលដ្ឋាន និងមន្ត្រីអង្គការ WWF ដោយល្បើត២៤ម៉ោងលើ២៤ម៉ោង ចែកចេញជាពីរក្រុម ក្នុងមួយក្រុមចំនួន ១២នាក់ ប្រើប្រាស់ម៉ាស៊ីនទូក ៤គ្រឿង និងអូប័រ ១គ្រឿង ប្រចាំការ ។
លោកប្រធានក្រុមអភិរក្សសត្វផ្សោតខេត្ត បានបន្ថែមទៀតថា ចាប់ពីខែមករា រហូតដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ ដោយសារមានយន្តការថ្មីនេះ ពុំទាន់មានករណីសត្វផ្សោតងាប់ថ្មី ដូចឆ្នាំ២០២២កន្លងមកនោះទេ ហើយនៅដើមឆ្នាំ២០២៣នេះ សត្វផ្សោតកើតកូនបានចំនួន ២ក្បាលបន្ថែមទៀត ខណៈគិតត្រឹមឆ្នាំ២០២០ សត្វផ្សោតនៅតំបន់អភិរក្សមានចំនួន ៨៩ក្បាល។
បន្ថែមពីនេះ លោក ម៉ុក ពន្លក បន្តថា បច្ចុប្បន្ននេះមន្ត្រីជំនាញមិនមែនផ្ដោតលើតែការបង្ក្រាប ការពារនៅក្នុងទឹកនោះទេ ខណ្ឌរដ្ឋបាលជលផលខេត្ត បានសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ និងអង្គការ WWF បានចុះផ្សព្វផ្សាយដល់ប្រជាពលរដ្ឋតាមភូមិ ឲ្យដឹងពីសារសំខាន់នៃសត្វផ្សោត ដើម្បីឲ្យពួកគាត់ចូលរួមថែរក្សា និងអភិរក្សផងដែរ ។ លោក បន្ថែមថា កាលពីពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរកន្លងទៅថ្មីៗនេះ តំបន់រមណីយដ្ឋានកាំពី មានភ្ញៀវទេសចរណ៍ទៅលេងកម្សាន្ត និងទស្សនាសត្វផ្សោត បានប្រមាណជិត ៦ម៉ឺននាក់ផងដែរ។
គួតបញ្ជាក់ថា អ្នកបើកទូកទេសចរប្រចាំអន្លង់កាំពី កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ បានប្រទះឃើញកូនផ្សោតកើតថ្មីចំនួន ១ក្បាល កំពុងហែលលេងជាមួយហ្វូងផ្សោតពេញវ័យជាច្រើនទៀតនៅអន្លង់កាំពី ស្ថិតក្នុងស្រុកចិត្របុរី ហើយថ្ងៃទី១៨ ខែមេសា ម្សិលមិញ ក្រុមស្រាវជ្រាវ នៃខណ្ឌជលផលខេត្តក្រចេះ និងអង្គការ WWF បានចុះតាមដានកូនផ្សោតទើបកើតថ្មី ដោយតាមការប៉ាន់ប្រមាណកូនផ្សោតនេះ ទើបតែមានអាយុប្រមាណ៣ថ្ងៃ ហើយកាលពីឆ្នាំ២០២២ ក្រុមការងារកត់ត្រាកូនផ្សោតបានចំនួន ៦ក្បាល និងនៅឆ្នាំ២០២១ ក្រុមការងារបានកត់ត្រាកូនផ្សោតបានចំនួន៦ក្បាលផងដែរ៕ដោយ៖សហការី