ភ្នំពេញ : កិច្ចប្រជុំគណៈកម្មការសហការរៀបចំគ្រប់គ្រងទូទៅនៃការប្រឡងជ្រើសរើសមន្ត្រីរដ្ឋបាលទូទៅក្នុងក្របខណ្ឌ ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដោយ មានកិច្ចសហការចូលរួមគាំទ្រដោយក្រសួងមុខងារសារធារណៈ និងសាលាភូមិន្ទរដ្ឋបាល នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣។
ក្នុងឆ្នាំ២០២៣នេះ ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំការប្រឡងជ្រើសរើសមន្ត្រីរដ្ឋបាលទូទៅចំនួន ១០០កន្លែង(ក្របខណ្ឌប្រភេទ ក) ដើម្បីចូលបម្រើការងារផ្នែករដ្ឋបាលនៅតាមអង្គភាពរដ្ឋបាល គ្រឹះស្ថាន ឧត្តមសិក្សា និងគ្រឹះស្ថានបណ្តុះបណ្តាល ក្រោមឱវាទ ទីស្ដីការក្រសួងអប់រំ យុវជន និងកីឡា។
ក្របខណ្ឌចំនួន ១០០កន្លែង ត្រូវបានកាត់ចេញពីក្របខណ្ឌប្រចាំឆ្នាំ២០២៣ របស់ក្រសួងអប់រំ យុវជន និងកីឡា។ ដើម្បីឱ្យ ដំណើរការប្រឡងប្រព្រឹត្តទៅដោយរលូន ស្របតាមវិធាននៃការប្រឡងជ្រើសរើសមន្ត្រីរដ្ឋបាលទូទៅ (ពុំមែនជា ក្របខណ្ឌគ្រូបង្រៀន) ធានាបាននូវយុត្តិធម៌ តម្លាភាព គោលការណ៍ច្បាប់ និងការជ្រើសរើសបានត្រឹមត្រឹម ក្រសួងអប់រំ យុវជន និងកីឡា បានស្នើសុំកិច្ចសហការជាមួយសាលាភូមិន្ទរដ្ឋបាល និងបានស្នើសុំការគាំទ្រពីក្រសួងមុខងារសាធារណៈ។
ក្រសួងមុខងារសាធារណៈ និងសាលាភូមិន្ទរដ្ឋបាលបានឆ្លើយតប និងគាំទ្រការរៀបចំប្រឡងជ្រើសរើស មន្ត្រីរដ្ឋបាលទូទៅ តាមសំណើរបស់ក្រសួងអប់រំ យុវជន និងកីឡា។ លើមូលដ្ឋាននេះ ក្រុមការងារក្រសួងអប់រំ យុវជន និងកីឡា តំណាងដោយ លោកបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការ និងសាលាភូមិន្ទរដ្ឋបាលដឹកនាំដោយ លោក យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាលបានជួបប្រជុំពិភាក្សាលើដំណើរការ នៃការរៀបចំប្រឡងនេះជាបន្តបន្ទាប់ ព្រមទាំងបានបង្កើតក្រុមការងារបច្ចេកទេសដើម្បីបន្តរៀបចំគោលការណ៍នានាពាក់ព័ន្ធដំណើរការប្រឡងនេះផងដែរ៕
ដោយ : សហការី