ភ្នំពេញ : ទីស្តីការក្រសួង៖ ថ្ងៃពុធ ១៤រោច ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអនុញ្ញាតឱ្យគណៈប្រតិភូអញ្ជើញមកពីព្រះរាជាណាចក្រថៃ ដឹកនាំដោយ លោក Supachai Verapuchong អគ្គនាយកក្រុមហ៊ុន Logistics Intelligence Cambodia Co., Ltd
ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ដោយមានការចូលរួមពី លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប។
ជំនួបនេះរៀបចំឡើង ដើម្បីពិភាក្សា ផ្លាស់ប្តូរយោបល់ ក្នុងគោលបំណងស្វែងយល់បន្ថែមអំពីសក្តានុពល និងកាលានុវត្តភាព ក្នុងការវិនិយោគលើវិស័យភស្តុភារកម្មនៅក្នុងប្រទេសកម្ពុជា ព្រមទាំងដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្មបន្ថែមទៀតរវាងប្រទេសទាំងពីរ កម្ពុជា-ថៃ នៅពេលខាងមុខ។
ការអភិវឌ្ឍលើវិស័យភស្តុភារកម្ម នៅតែជាយុទ្ធសាស្រ្តចំបងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សេដ្ឋកិច្ចជាតិ ក្នុងនោះមានគម្រោងជាង ៣០០ ក្នុងទំហំទឹកប្រាក់ប្រមាណ ៥០ពាន់លានដុល្លារអាមេរិក ត្រូវបានដាក់បញ្ចូលទៅក្នុងផែនការមេភស្តុភារកម្ម សម្រាប់ធ្វើការអនុវត្តក្នុងរយៈពេល១០ឆ្នាំទៅមុខ ដើម្បីឱ្យកម្ពុជាក្លាយទៅជាមជ្ឈមណ្ឌលភស្តុភារកម្ម នៅក្នុងតំបន់។ ជាមួយគ្នានេះដែរ ក្រសួងទើបបានចុះកិច្ចព្រមព្រៀងសេវាទីប្រឹក្សាហិរញ្ញវត្ថុ (Financial Advisory Service Agreement) ជាមួយសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (International Finance Corporation) ក្នុងការសិក្សាសមិទ្ធិលទ្ធភាព គម្រោងមជ្ឈមណ្ឌលភស្តុភារកម្មក្រុងព្រះសីហនុ (Sihanoukville Logistics Complex) ជាគម្រោងអភិវឌ្ឍមជ្ឈមណ្ឌលភស្តុភារកម្មលើកទី២ ដែលក្រសួងបានអនុវត្ត ។
ថ្លែងក្នុងឱកាសនេះ លោកទេសរដ្ឋមន្ត្រី បានលើកឡើងអំពីវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនតាមផ្លូវគោក ដែលត្រូវបានអភិវឌ្ឍជាបន្តបន្ទាប់ដើម្បីឱ្យការតភ្ជាប់ ប្រទាក់ក្រឡាពាសពេញផ្ទៃប្រទេស ជាក់ស្តែងគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត គ្រោងបើកការដ្ឋាននៅពាក់កណ្តាលឆ្នាំ២០២៣ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប កំពុងធ្វើការសិក្សា ព្រមទាំងគម្រោងលើកកម្រិតគុណភាពផ្លូវជាតិ ផ្លូវខេត្តជាច្រើនខ្សែទៀត ដែលកំពុងអនុវត្តការសាងសង់សព្វថ្ងៃ។ លើសពីនេះ ផ្លូវរថភ្លើងភ្នំពេញ-ប៉ោយប៉ែត ត្រូវបានសិក្សាលើកកម្រិត ឱ្យទៅជាផ្លូវរថភ្លើងល្បឿនលឿន ដែលរាជរដ្ឋាភិបាលជំរុញឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពន្លឿនកិច្ចការនេះ និងស្វែងរកដៃគូវិនិយោគ។
ទាក់ទងនឹងវិស័យដឹកជញ្ជូនតាមផ្លូវទឹក និងកំពង់ផែ លោកទេសរដ្ឋមន្ត្រី បានលើកឡើងពីគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ ការង្រីកវិសាលភាពកំពង់ផែទឹកជ្រៅក្នុងក្រុងព្រះសីហនុ និងគម្រោងស្ថាបនាកំពង់ផែពហុបំណងខេត្តកំពត ដែលទាំងអស់នេះធ្វើឡើងដើម្បីសម្រួលដល់ការដឹកជញ្ជូនទំនិញតាមផ្លូវទឹក ឱ្យកាន់តែមានភាពងាយស្រួល ចំណេញពេលវេលា កាត់បន្ថយការចំណាយ និងលើកមុខមាត់កម្ពុជាទាំងមូល ក្នុងវិស័យនាវាចរណ៍ផងដែរ។
លោក Supachai Verapuchong ក្នុងនាមជាអ្នកដឹកនាំគណៈប្រតិភូ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរបស់ប្រទេសកម្ពុជា ជាពិសេសក្នុងវិស័យហេដ្ឋារចនាសម្ព័នដឹកជញ្ចូន និងផែនការអភិវឌ្ឍនវិស័យភស្តុភារកម្ម នៅកម្ពុជា ដែលទាំងអស់នេះ គឺជាការខិតខំប្រឹងប្រែងពីសំណាក់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដែលមានក្រសួងសាធារណការ និងដឹកជញ្ជូន ជាសេនាធិការ។ ជាមួយគ្នានេះដែរ គណៈប្រតិភូដែលមានវត្តមាននាឱកាសនោះ បានបង្ហាញឆន្ទៈខ្ពស់ក្នុងការស្វែងរកឱកាសវិនិយោគ ព្រមទាំងសង្ឃឹមយ៉ាងមុតមាំថា នឹងបានសហការគ្នាជាមួយកម្ពុជាក្នុងពេលអនាគតឆាប់ៗ៕
ដោយ : សហការី