ខេត្តកំពត៖ ដីដែលជាចំណីអូរសាធារណៈរបស់រដ្ឋប៉ែកខាងលិច ស្ថិតនៅខាងលិចផ្សារទូកមាស ក្នុងភូមិក្រាំងដូង ឃុំសំរោងក្រោម ស្រុកបន្ទាយមាស ខេត្តកំពត ត្រូវបានគេចាក់ដីរំលោភយកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួនជាបណ្តើៗហើយ នេះបើតាមសកម្មភាពជាក់ស្តែងមកត្រឹមថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣នេះ។
ក្រោយមានការចាក់ដីទន្ទ្រានយកចំណីអូរប៉ែកខាង លិច ពលរដ្ឋនៅក្បែរទីតាំងខាងលើបានប្រតិកម្មមិនពេញចិត្តនិងសកម្មភាពនេះទេ ហើយពួកគាត់លើកជាសំនួរថា តើលោកអភិបាលស្រុកបន្ទាយមាសដែលទើបមកកាន់តំណែងបានជាង៣ខែនេះជាអ្នកអនុញ្ញាតច្បាប់ឬយ៉ាងណា បានជាមានករណីនេះ ព្រោះចៅហ្វាយស្រុកមុនៗគ្មានការចាក់ដីនៅទីតាំងអូរនេះទេ ម្យ៉ាងទីតាំងនេះនៅមិនឆ្ងាយពីសាលាស្រុកទេ បើលោកថាមិនដឹងក៏ ដូចជាមិនទំនង។
ប្រជាពលរដ្ឋជាច្រើនសុំធ្វើការសំណូមពរទៅលោក ម៉ៅ ធនិន្ទ អភិបាលខេត្តកំពត សូមមេត្តាពិនិត្យ ស្រាវជ្រាវករណីនេះផង ជៀសវាងអ្នកមានលុយឃុបឃឹតជាមួយមន្ត្រីមូលដ្ឋានលាក់បាំងថ្នាក់លើ ទន្ទ្រានកាន់កាប់សម្បត្តិរដ្ឋជាកម្មសិទ្ធផ្តាច់មុខ ។
ជុំវិញករណីខាងលើលោក នូ ចិន្តា អភិបាលស្រុកបន្ទាយមាសបានបញ្ជាក់កាលពីពេលថ្មីៗនេះថា ម្ចាស់ដីគេមានប័ណ្ណកម្មសិទ្ធទើបគេចាក់ដីបំពេញដីគេដើម្បីអភិវឌ្ឍន៍ ហើយលោកក៏ទទួលស្គាល់ថាពិតជាចាក់ចូលដីចំណីអូរប៉ែកខាងលិចតិចតួចមែន តែបើធៀបនិងពលរដ្ឋដែលកំពុងរស់នៅរំលោភចំណីអូរ ម្ខាងទៀតនោះ ក៏មានមិនតិចដែរ។ លោកអភិបាលស្រុកបន្ថែមថា ទាំងនេះជាបញ្ហាដែលលោកត្រូវតែដោះស្រាយ ដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ហើយជាគោលការណ៍លោកនិងស្នើសុំស្ថារអូរនេះ និងរៀបចំរចនាសម្ព័ន្ធឲ្យបានស្អាតដើម្បីកុំឲ្យមានការទន្ទ្រានកាន់កាប់រំលោភដីចំណីអូរបន្តទៀត ចំពោះការចាក់ដីចូលចំណីអូរលោកនិងឲ្យកាយឡើងវិញធ្វើជាខ្នងអូរតែម្តង៕