ក្លិបតោខៀវ Chelsea បានពិភាក្សាជាមួយលោក Julian Nagelsmann ជាផ្នែកមួយនៃការស្វែងរកអ្នកចាត់ការថ្មីរបស់ក្រុម។បុរសសញ្ជាតិអាឡឺម៉ង់រូបនេះត្រូវបានម្ចាស់ជើងឯក Bundesliga ក្លិប Bayern Munich បណ្តេញចេញពីតំណែងកាលពីខែមីនាបន្ទាប់ពីដឹកនាំតិចជាង២ឆ្នាំ។
យោងតាមការចេញផ្សាយរបស់ BBC Sport បានឲ្យដឹងថា ក្លិប Chelsea មិនទាន់មានជម្រើសដែលពេញចិត្តក្នុងការជំនួសលោកGraham Potter ដែលត្រូវបានបណ្តេញចេញកាលពីខែមេសានៅឡើយទេ។ ទោះបីជាកំពុងពិភាក្សាជាមួយ Nagelsmann វ័យ៣៥ឆ្នាំក៏ដោយ ក៏ដំណើរការស្វែងរកគ្រូបង្វឹកថ្មីកំពុងបន្ត ដោយលោក Luis Enrique ក៏ត្រូវបានគេរាយការណ៍ថាចាប់អារម្មណ៍ទៅ Chelsea ផងដែរ។
លោក Potter បានចាកចេញពី Stamford Bridge តិចជាង៧ខែបន្ទាប់ពីចាកចេញពីក្លិប Brighton & Hove Albion ដើម្បីជំនួសតំណែងលោក Thomas Tuchel។
លោក Nagelsmann ដែលជាគ្រូបង្វឹកវ័យក្មេងម្នាក់មានចំណាត់ថ្នាក់ខ្ពស់បំផុតនៅក្នុងការប្រកួតនោះក៏ត្រូវបានផ្សារភ្ជាប់ជាមួយនឹងក្រុម Tottenham Hotspur ផងដែរ។ គាត់បានធ្វើការជាមួយប្រធានផ្នែកកីឡារបស់ក្លិប Chelsea លោក Laurence Stewart និងនាយកបច្ចេកទេសលោក Christopher Vivell ខណៈពេលដែលគាត់ទទួលបន្ទុកនៅក្លិប RB Leipzig ។
លោក Nagelsmann ត្រូវបានគេចាត់ទុកថា ជាអ្នកចាត់ការដ៏ជោគជ័យវ័យក្មេងម្នាក់ក្នុងវិស័យបាល់ទាត់នេះ ដោយបានដឹកនាំក្លិបHoffenheim ដែលមានអាយុទើបតែ២៨ឆ្នាំ មុនពេលផ្លាស់ទៅដឹកនាំក្លិប RB Lepizig ដែលគាត់បានដឹកនាំក្រុមនេះលើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champions League។
បន្ទាប់មកគាត់បានចូលរួមជាមួយជើងឯក Bundesliga ក្លិប Bayern Munich ក្នុងឆ្នាំ២០២១ ដោយបានឈ្នះពានរង្វាន់លីកក្នុងរដូវកាលដំបូងរបស់គាត់ជាមួយនឹង German Supercups ចំនួន២។
ក្លិប Bayern Munich ដែលបានតែងតាំងលោក Tuchel បន្ទាប់ពីបណ្តេញលោក Nagelsmann ចេញបានធ្វើការចរចារជាមួយគ្រូបង្វឹកក្រុម Chelsea លោក Anthony Barry ហើយការចរចានៅតែបន្តរវាងក្លិបនឹងលោកផ្ទាល់នៅឡើយ ៕ (រូបភាព ៖ BBC Sport)