អង្គការសហប្រជាជាតិបានប្រារពទិវាភៀសខ្លួនពិភពលោកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦នេះ នៅក្នុងប្រទេសស៊ីរី
លោក Sajjad Makik អគ្គនាយកអង្គការជនភៀសខ្លួនពិភពលោកនៅទីក្រុងដាម៉ាកាស បានឲ្យដឹងថា ស៊ីរី មានពលរដ្ឋរាប់លាននាក់ត្រូវភៀសខ្លួនក្នុងរយៈពេលមួយទស្សវត្ត។ លោកបន្តទៀតថា សង្គ្រាមស៊ីវិលនៅក្នុងប្រទេសស៊ីរីធ្វើឲ្យពលរដ្ឋនៅក្នុងប្រទេសនេះបានក្លាយជាជនរង្គ្រោះ និងជាជនភៀសខ្លួនច្រើនជាងគេបំផុតលើពិភពលោក។
អង្គការសហប្រជាជាតិបានរៀបចំឲ្យមានសកម្មភាពមនុស្សធម៌នៅក្នុងប្រទេសស៊ីរីនាថ្ងៃទី២០ ខែមិថុនា ដើម្បីបង្កើនការយល់ដឹងថា ជនភៀសខ្លួនជាពលរដ្ឋធម្មតាត្រូវបង្ខំចិត្តរត់ចោលស្រុក ដូច្នេះមិនត្រូវរើសអើងចំពោះជនភៀសខ្លួននោះឡើយ។
ជាមួយគ្នានេះដែរឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនលោក ហ្វ៊ីលីប៉ូ ហ្ក្រង់ឌី (Filippo Grandi) បានបង្ហាញការព្រួយបារម្ភចំពោះស្ថានភាពជនភៀសខ្លួននៅអឺរ៉ុប។ គំនិតជាតិនិយមស្អប់ជនបរទេសហាក់កំពុងគ្របដណ្តប់ទឹកដីអឺរ៉ុបរាល់ថ្ងៃ។ លោក ហ្ក្រង់ឌី ចាត់ទុកបរាជ័យក្នុងដំណោះស្រាយបញ្ហាជនភៀសខ្លួនថា ជាបរាជ័យផ្នែកនយោបាយមិនមែនជាបរាជ័យផ្នែកជំនួយទេ។
សម្រាប់លោក ហ្ក្រង់ឌី ជាឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនអឺរ៉ុបមិនបានអនុវត្តដំណោះស្រាយលំហូចូលជនភៀសខ្លួនស្របតាមការសម្រេចរបស់សមាជិកខ្លួនកាលពីឆ្នាំមុនទេ។ មូលហេតុគឺថា ជាជាងសហការគ្នារួបរួមគ្នាដោះស្រាយបញ្ហាប្រទេសនិមួយៗដោះស្រាយតាមយោបាយជាតិផ្ទាល់ខ្លួនរៀងៗខ្លួន។
ផលវិបាកគឺថា មានប្រទេសតិចតួចណាស់ ដែលយល់ព្រមទទួលយកជនភៀសខ្លួន។ ប្រទេសអឺរ៉ុបជាច្រើនបានបិទព្រំដែនមិនឲ្យជនភៀសខ្លួនចូលទឹកដីខ្លួន។
លោក ហ្ក្រង់ឌី លើកឡើងថា អ្នកនយោបាយអឺរ៉ុបត្រូវតែពន្យល់គ្រប់គ្នាថា អន្តោប្រវេសន៍ក៏ចូលរួមក្នុងការអភិវឌ្ឍន៍សង្គមដែរ។ អ្នកនយោបាយអឺរ៉ុបត្រូវពន្យល់ថា ជនភៀសខ្លួនមិនមែនជាគ្រោះថ្នាក់សម្រាប់អឺរ៉ុបទេ។ ផ្ទុយទៅវិញ ពួកគេត្រូវការការការពារព្រោះពួកគេរត់គេចពីតំបន់គ្រោះថ្នាក់ដើម្បីការពារអាយុជីវិត។
ឧត្តមស្នងការទទួលបន្ទុកជនភៀសខ្លួនក៏បារម្ភផងដែរពីប្រជាជនស៊ីវិលនៅតាមប្រទេសសង្គ្រាមពិសេសនៅតំបន់ដើមបូព៌ា។ ប្រជាជនទាំងនោះកំពុងភៀសខ្លួនពីផ្ទះសម្បែងជាប់ផុងខ្លួនក្នុងតំបន់គ្រោះថ្នាក់ដែលក្រុមសង្គ្រោះពិបាកចូលទៅជួយពួកគេ។
ក្នុងដំណើរទស្សនកិច្ចនៅអ៊ីរ៉ង់ លោក ហ្ក្រង់ឌី បានលើកសរសើរពីអ៊ីរ៉ង់ និងប៉ាគីស្ថាន ដែលជាប្រទេសជាប់របងជាមួយអាហ្វហ្កានីស្ថាន ថា ជាប្រទេសគាំទ្រខ្លាំងក្លាដល់ជនភៀសខ្លួនអាហ្វហ្កានីស្ថាន។ បច្ចប្បន្នអ៊ីរ៉ង់មានជនភៀសខ្លួនអាហ្វហ្កានីស្ថាន ជិត១លាននាក់។ ឆ្នាំ២០១៥ កន្លងទៅប្រមុខដឹកនាំសាសនា ខាមេណី ថែមទាំងបានចេញក្រិត្យច្បាប់ជួយឲ្យកុមារអាហ្វហ្កានីស្ថាន អាចបានចូលសាលារៀនរបស់អ៊ីរ៉ង់ទៀតផង។
ក្រោយពីទស្សនកិច្ចអ៊ីរ៉ង់ នៅថ្ងៃទី២០ ខែមិថុនា នេះឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន លោក ហ្ក្រង់ឌី ចូលរួមប្រារព្ធទីវាពិភពលោកជនភៀសខ្លួននៅអាហ្វហ្កានីស្ថាន។ លោកសម្រេចរើសយកតំបន់នេះ ជាកន្លែងប្រារព្ធទិវាក៏ដោយសារតែក្នុងតំបន់អាជ្ញាធរកំពុងប្រឈមនឹងវិបត្តិជនភៀសខ្លួនជាពលរដ្ឋអាហ្វហ្កានីស្ថាន៕
ប្រែសម្រួល៖ សាធី