ក្រុមហ៊ុនអាកាសចរណ៍United Airlines បានបញ្ចេញរបាយការណ៏ខាតប្រាក់សម្រាប់រយះពេល៣ខែដើមឆ្នាំ២០២៣នេះដោយសារតែមានការធ្លាក់ចុះនៃការធ្វើដំណើរលក្ខណៈអាជីវកម្ម និងដំណើរកម្សាន្តទេសចរ ប៉ុន្តែអគ្គនាយកក្រុមហ៊ុននេះរំពឹងថានឹងទទួលបានប្រាក់ចំណេញមកវិញនៅត្រីមាសទី២ដោយសារតែមានការកក់សំបុត្រយន្តហោះជាច្រើនសម្រាប់រដូវកាលធ្វើដំណើរនាពេលខាងមុខ។
បើទោះបីជាមានការព្យាករណ៍ខ្លះថាសេដ្ឋកិច្ចពិភពលោកនៅតែមានបញ្ហាក៏ដោយ ក៏ក្រុមហ៊ុន United Airlines និងក្រុមហ៊ុនអាកាសចរណ៍Delta Air Linesបានចេញរបាយការណ៏រួមគ្នាថានឹងមានតម្រូវការធ្វើដំណើរតាមយន្តហោះឡើងវិញយ៉ាងខ្លាំងក្លាសម្រាប់និទាឃរដូវ និងរដូវក្តៅខាងមុខ។
លោក Scott Kirby នាយកប្រតិបត្តិរបស់ United Airlines បាននិយាយថា សេដ្ឋកិច្ចអាចមានភាពរឹងមាំ ប៉ុន្តែគាត់ក៏បានព្រមានថាក្រុមហ៊ុនអាកាសចរណ៍ចាំបាច់ត្រូវរៀបចំខ្លួនផងដែរចំពោះសម្រាប់ភាពទន់ខ្សោយដែលអាចកើតមាន និងវិបត្តិសេដ្ឋកិច្ចដែលមិនអាចមើលឃើញ។
នាយកប្រតិបត្តិដដែរនេះបានបន្ថែមទៀតថាការកក់របស់អតិថិជនក្នុងការធ្វើដំណើរអាជីវកម្មធំៗមានតិចតួចបើធៀបនឹងតម្រូវការធ្វើដំណើរបែបលំហែកម្សាន្ត ជាពិសេសការលំហែអន្តរជាតិ។
ការដួលរលំធនាគារ Silicon Valley កាលពីដើមឆ្នាំនេះបានធ្វើឲ្យការកក់សំបុត្រធ្វើដំណើរអាជីវកម្មធ្លាក់ចុះយ៉ាងខ្លាំង ប៉ុន្តែលោកScott Kirby បានបញ្ចាក់ថាការកក់ទាំងនោះបានស្ទុះងើបឡើងវិញយ៉ាងឆាប់រហ័សហើយ។
ប្រភពCNBC