សារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២១ ខែមេសា ឆ្នាំ២០២៣ បានផ្សាយថា នៅថ្ងៃទី២១ខែមេសា ការិយាល័យនាយករដ្ឋមន្រ្តីអូស្រ្តាលី បានឱ្យដឹងថា នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក Anthony Albaneseនឹងធ្វើដំណើរទៅចូលរួមកិច្ចប្រជុំកំពូលរបស់អង្គការណាតូ នៅខែកក្កដាខាងមុខ ខណៈដែលប៉ុន្មានថ្ងៃមុន នាយករដ្ឋមន្រ្តីនូវែលហ្សេឡង់ លោក Chris Hipkins ក៏បានបញ្ជាក់ថា លោកនឹងទៅចូលរួមដូចគ្នា។
អូស្រ្តាលីនិងនូវែលហ្សេឡង់ មិនមែនជាសមាជិក NATO ទេ ប៉ុន្តែមានទំនាក់ទំនងរាប់ទសវត្សរ៍មកហើយជាមួយបក្សសម្ព័ន្ធយោធាលោកខាងលិចមួយនេះ។ ប្រទេសទាំងពីរក៏បានចូលរួមកិច្ចប្រជុំកំពូល NATO កាលពីឆ្នាំមុននៅទីក្រុងម៉ាឌ្រីដផងដែរ ក្នុងនាមជាប្រទេសចូលរួមមិនមែនសមាជិក។ សម្រាប់កិច្ចប្រជុំកំពូលឆ្នាំនេះ គឺនឹងត្រូវរៀបចំឡើងនៅទីក្រុងវីលនីញូសនៃប្រទេសលីទុយអានី។ ការិយាល័យលោក អាល់បានីស បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា អូស្រ្តាលីចែករំលែកនូវការប្តេជ្ញារបស់ក្រុមសមាជិកណាតូក្នុងការគាំទ្រប្រជាធិបតេយ្យ សន្តិភាព និងសន្តិសុខ ក៏ដូចជាក្នុងការរក្សាការពារនីតិរដ្ឋ ខណៈដែល NATO កំពុងព្យាយាមពង្រីក និងពង្រឹងចំណងទាក់ទងរបស់ខ្លួន។
គួរបញ្ជាក់ថា កន្លងមកនេះ លោក អាល់បានីស ធ្លាប់បាននិយាយថា រូបលោកកំពុងពិចារណាថា គួរឬមិនគួរធ្វើដំណើរទៅចូលរួមកិច្ចប្រជុំកំពូល NATO ខាងលើ។ អូស្រ្តាលី គឺជាប្រទេសមិនមែនសមាជិក NATO ដែលបានចូលរួមចំណែកយ៉ាងធំទៅក្នុងកិច្ចប្រឹងប្រែងគាំទ្ររបស់បក្សសម្ព័ន្ធយោធានេះសម្រាប់អ៊ុយក្រែន ប្រឆាំងនឹងសង្រ្គាមឈ្លានពានរបស់រុស្ស៉ី៕ ដោយធីរីណា
រូបថត : TTXVN-VNA