រដ្ឋមន្រ្តីក្រសួងការងារ វាយតម្លៃខ្ពស់ ចំពោះក្រុមប្រឹក្សាជាតិគាំពារសង្គម ដែលបានខិតខំប្រឹងប្រែងកសាងប្រព័ន្ធគាំពារសង្គមមួយ ដែលមានភាពយ៉ាងរឹងមាំ និងមានសុខដុមនីយកម្ម

ចែករំលែក៖

ភ្នំពេញ ៖ ក្នុងជំនួបទទួលជួបសម្តែងការគួរសម ផ្តល់ធាតុចូល និងអនុសាសន៍សំខាន់ៗដល់ក្រុមការងារបច្ចេកទេសរៀបចំ“ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០៣០” នារសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ លោកបណ្ឌិត អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ កោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមប្រឹក្សាជាតិគាំពារសង្គម ដែលកន្លងមកបានចូលរួមជួយលើស្ទួយជីវភាពប្រជាពលរដ្ឋ រក្សាភាពធន់របស់ប្រជាពលរដ្ឋកាន់រឹងមាំទោះក្នុងកាលៈទេសៈណាក៏ដោយ។ ជាក់ស្តែង រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រុមប្រឹក្សាជាតិគាំពារសង្គមដែលមានក្រសួង-ស្ថាប័នពាក់ព័ន្ធចំនួន១២ជាសមាជិក បានសម្របសម្រួលធ្វើសុខដុមនីយកម្មប្រព័ន្ធគាំពារសង្គមកាន់តែប្រសើរ និងឈានរហូតទៅអភិវឌ្ឍប្រព័ន្ធគាំពារសង្គមកាន់តែមានជីវភាពកាន់តែប្រសើរ និងមានភាពធន់ចំពោះហានិភ័យផ្នែកសេដ្ឋកិច្ចនានាដែលកម្ពុជាក៏ដូចពិភពលោកតែងតែជួបប្រទេះ។

លោករដ្ឋមន្រ្តី ក៏បានវាយតម្លៃខ្ពស់ថា ប្រព័ន្ធគាំពារសង្គមនេះ គឺមានសារសំខាន់ណាស់សំរាប់ប្រជាពលរដ្ឋ និងប្រទេសជាតិទាំងមូល និងបានស្នើឱ្យក្រុមការងារបច្ចេកទេសរៀបចំ“ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០៣០” គិតគូរធ្វើឱ្យប្រព័ន្ធសន្តិសុខសង្គម និងប្រព័ន្ធជំនួយសង្គមមានភាពឆ្លើយឆ្លងគ្នា តាមតម្រូវការរបស់ប្រជាពលរដ្ឋ ដើម្បីគាំពារប្រជាពលរដ្ឋតាមវដ្តជីវិត ចាប់តាំងពីចាប់កំណើតរហូតដល់មរណៈភាព។ 

លោករដ្ឋមន្រ្តីក៏បានគាំទ្រនឹងបន្តសហការផ្ដល់ធាតុចូលចាំបាច់នានាដើម្បីឱ្យក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គមជំហានទី២ មានភាពគ្រប់ជ្រុងជ្រោយ និងពេញលេញ ពាក់ព័ន្ធនឹងប្រព័ន្ធសន្តិសុខសង្គមដែលក្រសួងការងារ និងបណ្តុះបណ្តាលកំពុងអនុវត្ត។  

លោកបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម និងក្នុងនាមជាអនុប្រធានប្រចាំការក្រុមការងារបច្ចេកទេសរៀបចំ “ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០៣០” បានមានប្រសាសន៍ថា ការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម ជាកក្តាដ៏សំខាន់ដើម្បីសម្រេចបាននូវកំណើនសេដ្ឋកិច្ចប្រកបដោយសមធម៌ និងបរិយាបន្ន។ ឈរលើមូលដ្ឋាននៃស្ថេរភាពនយោបាយ ម៉ាក្រូសេដ្ឋកិច្ច និងវឌ្ឍនភាពក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម, រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦ -២០២៥ ដោយបានជួយលើកស្ទួយសន្តិសុខប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ តាមរយៈការអនុវត្តកម្មវិធីជាតិជំនួយសង្គម និងរបបសន្តិសុខសង្គម ក្របដោយប្រសិទ្ធភាពខ្ពស់។  

លោកអនុរដ្ឋលេខាធិការ បានបន្តថា ដើម្បីធ្វើឱ្យប្រព័ន្ធគាំពារសង្គកម្ពុជាកាន់តែមានភាពរឹងមាំ និងប្រសើរឡើង ចាំបាច់ណាស់ក្នុងការធ្វើបច្ចុប្បន្នភាពលើក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គមដែលមានស្រាប់ ដែលត្រូវបានរៀបចំក្រោមការដឹកនាំនិងសម្របសម្រួលដោយក្រុមប្រឹក្សាជាតិគាំពារសង្គម និងមានការពិគ្រោះយោបល់យ៉ាងទូលំទូលាយរវាងក្រសួង-ស្ថាប័នពាក់ព័ន្ធនានា និងថ្លែងអំណរគុណចំពោះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលបានចូលរួមសហការយ៉ាងពេញទំហឹង ក្នុងការអនុវត្តក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គមនាពេលកន្លងមកទាំងទិដ្ឋភាពគោលនយោបាយ និងទិដ្ឋភាពអនុវត្ត៕

...

ដោយ ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print