ភ្នំពេញ ៖ បុរសម្នាក់ទំនងជាស្រវឹងស្រាខ្លាំង បានបេីករថយន្តម៉ាក LEXUS RX350 មួយគ្រឿងក្នុងល្បឿនលឿន រួចជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឱ្យបាក់របាំងថ្មមួយកង់ខ្ទាតមកកណ្ដាលផ្លូវចំហៀងម្ខាងទៀត រីឯរថយន្តបង្កបានខ្ទេចមួយចំហៀងខាងមុខផ្នែកខាងឆ្វេងយ៉ាងដំណំ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១០ និង៣០នាទីយប់ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ នៅចំណុចក្បែរស្ទុបចំការមន តាមបណ្ដោយផ្លូវព្រះនរោត្ដម ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង ។
តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា មុនកេីតហេតុនោះ គេឃេីញរថយន្តម៉ាក LEXUS RX350 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ព្រះសីហនុ 2D-1134 ធ្វេីដំណេីរតាមបណ្ដោយផ្លូវព្រះនរោត្ដម ទិសដៅពីជេីងមកត្បូងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែរេចង្កូតបុករបាំងថ្មពេញទំហឹង បណ្ដាលឱ្យរបាំងថ្មខ្ទាតមកកណ្ដាលផ្លូវចំហៀងម្ខាងទៀតរងការខូចខាត ។ រីឯរថយន្តបង្កក៏បានដាច់កាឡេកង់មុខផ្នែកខាងឆ្វេងនិងកាងមុខ រងការខូចខាតយ៉ាងដំណំ តែក្នុងហេតុការណ៍មិនបង្កឱ្យមនុស្សណាម្នាក់រងរបួសនោះឡេីយ ។
ក្រោយកេីតហេតុ គេសង្កេតឃេីញបុរសម្នាក់បេីកទ្វារចេញពីរថយន្តបង្កដោយទំនងជាស្រវឹងស្រា មួយសន្ទុះក៏គេចខ្លួនបាត់បន្សល់រថយន្តបង្កទុកចោលកន្លែងកេីតហេតុ ។ បន្ទាប់មកទេីបមានសមត្ថកិច្ចមូលដ្ឋានចុះមកដល់ និងសហការគ្នាជាមួយជំនាញចរាចរណ៍ធ្វេីការវាស់វែងយករថយន្តបង្កទៅរក្សាទុក រង់ចាំដោះស្រាយតាមច្បាប់នាពេលក្រោយ៕ ដោយ ៖ ភារ៉ា ដង្កោ