ជនសង្ស័យម្នាក់លួចរថយន្តពីរាជធានីភ្នំពេញត្រូវកម្លាំងនគរបាលនៅខេត្តបន្ទាយមានជ័យឃាត់ខ្លួន

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ: ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលការិយាល័យចរាចរណ៍ និងកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការគ្នាស្ទាក់ឃាត់ខ្លួនយកមកសួរនាំ ក្រោយពីធ្វើសកម្មភាពលួចរថយន្តរបស់គេចេញពីការាសជួសជុលរថយន្តមួយកន្លែងនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣។

   អនុវត្តតាមការណែនាំនិងបទបញ្ចារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោគនិងកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានចេញប្រតិបត្តិការស្រាវជ្រាវ និងស្ទាក់ឃាត់បានជនសង្ស័យ១នាក់ ឈ្មោះ ផល រីរុំ ភេទប្រុស អាយុ២៤ឆ្នាំ និងដកហូតបានរថយន្ត១គ្រឿងម៉ាក RANGE ROVER ពាក់ស្លាកលេខភ្នំពេញ 2BT-5818។ 

   លោកវរសេនីយ៍ឯក ព្រហ្ម ប៊ុនធឿន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបានឱ្យដឹងថា មុនឃាត់ខ្លួនជនសង្ស័យឈ្មោះ ផល រីរុំ ដែលជាជាងជួសជុលរថយន្តបានលួចរថយន្តRANGE ROVERខាងលើពីការាសរថយន្តរបស់ឈ្មោះ ស៊ីម ពិសិដ្ឋ ក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ហើយបើករត់គេចខ្លួន។ ម្ចាស់រថយន្តរងគ្រោះ ក្រោយពីទទួលបានព័ត៌មានថា ចោរលួចរថយន្តក៏បានទៅប្តឹងសមត្ថកិច្ចឲ្យជួយធ្វើអន្តរាគមន៍ ទីបំផុតជនសង្ស័យក៏ត្រូវបានកម្លាំងស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យស្ទាក់ចាប់បានទាំងជនសង្ស័យនិងរថយន្ត នៅលើកំណាត់ផ្លូវជាតិលេខ៥ ក្នុងឃុំរហាល ស្រុកព្រះនេត្រព្រះ។

    ក្រោយសួនាំ ជនសង្ស័យរួមជាមួយរថយន្តត្រូវបានប្រគល់ជូនទៅឱ្យកម្លាំងអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ទទួលយកទៅអនុវត្តបន្តតាមនីតិវិធី៕វណ្ណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print