សារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២២ ខែមេសា ឆ្នាំ២០២៣បានឱ្យដឹងថា រដ្ឋមន្រ្តីការពារជាតិជប៉ុន លោក យាស៊ូកាហ៊្សុ ហាម៉ាដា (Yasukazu Hamada) នៅថ្ងៃសៅរ៍នេះបានចេញបញ្ជាឱ្យកងកម្លាំងស្វ័យការពារនៃប្រទេសរបស់លោកត្រៀមលក្ខណៈឱ្យបានរួចរាល់ដើ់ម្បីបាញ់ទម្លាក់ផ្កាយរណបស៉ើបការណ៍ឬក៏គ្រាប់រ៉ុក្កែតនានារបស់កូរ៉េខាងជើង ប្រសិនបើពួកវាធ្លាក់ចុះមកនៅក្នុងបរិវេណទឹកដីរបស់ជប៉ុន។
ក្រសួងការពារជាតិជប៉ុនបាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា លោក ហាម៉ាដា បានចេញបញ្ជាឱ្យកងកម្លាំងស្វ័យការពារជប៉ុនធ្វើការត្រៀមលក្ខណៈផ្សេងៗដែលចាំបាច់ ខណៈដែលរូបលោកអាចនឹងបញ្ជាឱ្យមានការបាញ់កម្ទេចរ៉ុក្កែតនិងវត្ថុដទៃទៀត។ ដើម្បីកាត់បន្ថយហានិភ័យ ប្រសិនបើវត្ថុទាំងនោះត្រូវធ្លាក់ចុះមកចំទឹកដីរបស់ជប៉ុន ការត្រៀមលក្ខណៈរួមមានដូចជា ការបញ្ជូនប្រព័ន្ធការពារមីស៉ីលបាទ្រី
យ៉ូត (Patriot) ទៅដាក់ពង្រាយតាមផ្នែកនៃខេត្តអូគីណាវ៉ា ព្រមទាំងការចល័តក្រុមនាវាចម្បាំងដែលបំពាក់មីស៉ីលសម្រាប់បាញ់ស្ទាក់ SM-3 ទៅកាន់ដែនទឹកជុំវិញជប៉ុន។
ការត្រៀមលក្ខណៈខាងលើរបស់ជប៉ុនកើតឡើងបន្ទាប់ពីនាពេលថ្មីៗ មេដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន ទើបតែបានដាក់បញ្ជាឱ្យបាញ់បង្ហោះផ្កាយរណបស៉ើបការណ៍យោធាដំបូងបំផុតរបស់ប្រទេសខ្លួន ប៉ុន្តែមិនបានកំណត់ពេលវេលាជាក់លាក់ទេ។ យ៉ាងណាមិញ លោក គីម បានអះអាងថា ផ្កាយរណបនោះត្រូវបានសាងសង់រួចរាល់ហើយ និងបានបញ្ជាឱ្យក្រុមមន្រ្តីពន្លឿនការត្រៀមរៀបចំបាញ់បង្ហោះ ដែលមានន័យថាវាអាចនឹងប្រព្រឹត្តទៅក្នុងពេលឆាប់ៗនេះ៕ ដោយធីរីណា
រូបថត : NORAD