ភ្នំពេញ៖ បញ្ចប់ការដោះស្រាយក្រៅផ្លូវតុលាការឈានដល់ឧកញ៉ា ជា សារ៉ន និងបក្ខពួក៨នាក់ត្រូវបានឃាត់ខ្លួនហើយក្នុងករណីបោកប្រាស់លុយប្រជាពលរដ្ឋជិត ៤០លានដុល្លារអាមេរិក ។ អាចជនទុច្ចរិតនេះគ្មានប្រាក់ដោះស្រាយជូនប្រជាពលរដ្ឋ រងគ្រោះតាមការកំណត់របស់អភិបាលនៃគណៈអភិបាលខេត្តកំពត។
ផ្ទុះការភ្ញាក់ផ្អើលជាខ្លាំងនារាត្រីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣នេះ បន្ទាប់ពីសមត្ថកិច្ចខេត្តកំពតបានប្រកាសឱ្យដឹងថា ឧកញ៉ា ជា សារ៉ន និងបក្ខពួក៨នាក់ត្រូវបានឃាត់ខ្លួនហើយក្នុងករណីបោកប្រាស់លុយប្រជាពលរដ្ឋជិត៤០លានដុល្លារអាមេរិក។
បើតាមស្នងការដ្ឋាននគរបាលខេត្តកំពតសរសេរលើហ្វេសប៊ុកផេកផ្លូវការរបស់ខ្លួនថា ប្រជាពលរដ្ឋដែលចាញ់បោកឧកញ៉ា ជា សារ៉ន និងបក្ខពួកមានចំនួន២៤៦១គ្រួសារ និងទំហំទឹកប្រាក់គឺមានសរុបជិត ៤០លានដុល្លារ។
ស្នងការដ្ឋាននគរបាលខេត្តកំពតបានបង្ហោះរូបភាពឧកញ៉ា ជា សារ៉ន និងបក្ខពួកទាំង៨នាក់ ព្រមទាំងសរសេរសារលើហ្វេសប៊ុករបស់ខ្លួនថា «ក្រុមហ៊ុនវិនិយោគលើទឹកភ្នែករាស្ត្រ ឬហៅមួយបែបទៀតធ្វើនំអត់ម្សៅ ខ្ញុំអាណិតបងប្អូនប្រជាពលរដ្ឋខ្លាំងណាស់ ២ ៤៦១គ្រួសារសរុបទឹកប្រាក់ជិត ៤០លានដុល្លា មានទាំងបងប្អូននៅខេត្តផ្សេងៗទៀតក៏ត្រូវចាញ់ការបោកបញ្ឆោតរបស់ក្រុមវិនិយោគដីឡូត៍អស់នេះ សូមបងប្អូនផ្សេងៗទៀតពិចារណាផងមុននឹងវិនិយោគជាមួយក្រុមហ៊ុនប្រភេទនេះ»។
ជុំវិញការចាប់ខ្លួន ឧកញ៉ា ជា សារ៉ន និងបក្ខពួកទាំង៨នាក់ ទទួលបានការសាទរពីមហាជនជាខ្លាំង ក្នុងនោះអ្នកប្រើប្រាស់បណ្តាញសង្គមបានធ្វើការចែកចាយភ្លូកទឹកភ្លូកដីលើការចាប់ខ្លួននេះ ព្រមទាំងបញ្ចេញទស្សនៈគាំទ្រយ៉ាងច្រើនលើសលប់។
សូមបញ្ជាក់ថា មានពលរដ្ឋជិត៦០០០គ្រួសារ អះអាងថា ឧកញ៉ា ជា សារ៉ន បោកប្រាស់លុយពួកគាត់សរុបរាប់លានដុល្លារ ដែលឧកញ៉ា ជា សារ៉ន យកទៅធ្វើអ្នកមាន ទាំងប្រជាពលរដ្ឋ រកមុខ ខ្វះក្រោយ។
ប្រភពព័ត៌មានច្បាស់ការណ៍បានអោយដឹងថា នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ ឧកញ៉ា ជា សារ៉ន ត្រូវបាននាំទៅសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តកំពត តាមបទបញ្ជាផ្ទាល់មាត់របស់លោក ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត ជាលទ្ធផល អភិបាលខេត្តដោះស្រាយជូនប្រជាពលរដ្ឋបានមួយកម្រិតច្រើន និងក៏
សូមអបអរសាទរជូនចំពោះពុកម៉ែបងប្អូនទាំងអស់សម្រាប់ដំណោះស្រាយរបស់ លោកអភិបាលខេត្តជាមួយក្រុមហ៊ុន ជា សារ៉នគ្រុប នាព្រឹកមិញនេះទទួលបានលទ្ធផលដូចខាងក្រោម ៖
១-ក្រុមហ៊ុន ជា សារ៉នគ្រុបត្រូវទទួលយកនូវបន្ទុកបំណុលដែលពុកម៉ែបងប្អូនយើង ទៅខ្ចីពីអ្នកមានលុយយកទៅឱ្យក្រុមហ៊ុន ដូចនេះក្រុមហ៊ុន ជា សារ៉នគ្រុប ត្រូវធានារ៉ាប់រងបង់ការប្រាក់ជំនួសពុកម៉ែបងប្អូនយើង។
២-អចលនទ្រព្យរបស់ពុកម៉ែបងប្អូនទាំងអស់ដែលយកទៅតម្កល់ជាមួយអ្នកមានលុយ ហើយខ្ចីនោះ ក្រុមហ៊ុនជា សារ៉នគ្រុបត្រូវយកទ្រព្យសម្បត្តិរបស់គាត់ ទៅតម្កល់ជំនួសអចលនទ្រព្យរបស់ពុកម៉ែ ហើយត្រូវបង្វិលអចលនទ្រព្យរបស់ពុកម៉ែ ជូនពុកម៉ែយើងវិញ។
៣-អ្នកដែលវិនិយោគជាមួយក្រុមហ៊ុន ជា សារ៉នគ្រុប ដែលមិនមានកម្ចីលុយពីនរណានោះ ក្រុមហ៊ុន ជា សារ៉នគ្រុបសុំពេលមួយ (០១)ខែ ដើម្បីធ្វើបច្ចុប្បន្នភាពស្រាវជ្រាវ ថាតើមានប៉ុន្មាននាក់ លើទំហំទឹកប្រាក់ចំនួនប៉ុន្មាន ដើម្បីឱ្យគាត់ពិនិត្យមើលលទ្ធភាពប្រមូលអចលនៈទ្រព្យ និងថវិការបស់គាត់ក្នុងការត្រៀមដោះស្រាយជូនពុកម៉ែបងប្អូនយើងវិញ។
៤-ពុកម៉ែបងប្អូនកូនក្មួយយើង ដែលបានបង់ផ្តាច់ហើយ ជាមួយការទិញលក់ដីឡូត៍នេះ មិនទាន់បានប្លង់កម្មសិទ្ធិ ត្រូវទៅប្រាប់ក្រុមហ៊ុន ជា សារ៉នគ្រុបដើម្បីចេញប្លង់ជូន (ហើយខាងជំនាញរៀបចំជូន)។
៥- ឯកឧត្តមអភិបាលខេត្តបានឱ្យមេធាវីខេត្ត តំណាងឱ្យពុកម៉ែបងប្អូនយើង ដើម្បីដាក់ពាក្យស្នើទៅម្ចាស់លុយទាំងអស់ សុំពន្យារក្នុងការទារប្រាក់គ្រប់យ៉ាងនេះ ដើម្បីបង្វិលបន្ទុកនេះទៅឱ្យក្រុមហ៊ុន ជា សារ៉នគ្រុបជាអ្នកទទួលខុសត្រូវ ហើយមិនឱ្យមកទារពុកម៉ែបងប្អូនយើងតាមខ្នងផ្ទះទេ ព្រោះបន្ទុកនេះក្រុមហ៊ុន ជា សារ៉នគ្រុប ជាអ្នកទទួលខុសត្រូវចំពោះមុខថ្នាក់ដឹកនាំទាំងអស់នៅទីនេះ!
ទីបំផុត ! ឧកញ៉ា ជា សារ៉ន ជនកំពូលបោក ត្រូវបានសមត្ថកិច្ចស៊ើបអង្កេត ស្រាវជ្រាវដឹងថាជនរូបនេះជាមួយនឹងបក្សពួក គ្មានសមត្ថភាពក្នុងការទទួលខុសត្រូវ ដោះស្រាយជូនប្រជាពលរដ្ឋតាមការបញ្ជារបស់អភិបាលខេត្តទើបឈានដល់សមត្ថកិច្ចឃាត់ខ្លួនដើម្បីការពារផលប្រយោជន៍ឲ្យ ប្រជាជនរងគ្រោះ ៕
ដោយ៖ សិលា