ភ្នំពេញ៖ ដូចការបញ្ជាក់កាលពីប៉ុន្មានខែមុខរបស់តារាចម្រៀងល្បីឈ្មោះ អ្នកនាងពេជ្រ សោភា ថា នាងនឹងចាកចេញពីផលិតកម្មហង្សមាស ក្រោយពីបញ្ចប់ភារកិច្ចជាគ្រូបង្វឹកក្នុងកម្មវិធីលំដាប់ពិភពលោក The Voice Cambodia រដូវកាលទី២ ។
ក្នុងការផ្សាយបន្តផ្ទាល់លើកគេហទំព័រហ្វេសប៊ុក តារាចម្រៀង ពេជ្រ សោភា បានធ្វើឲ្យអ្នកគាំទ្ររាប់ពាន់អ្នកបង្ហាញពីអារម្មណ៍រំជួលចិត្តអាណិតនាង និងស្នើមិនឲ្យតារាស្រីរូបនេះចាកចេញពីផលិតកម្មធំមួយនៅកម្ពុជានេះ។
ពេជ្រ សោភា ប្រាប់ថា នាងនឹងចាកចេេញពីផលិតកម្មខាងលើជាផ្លូវការក្រោយពីបញ្ចប់ការងារជាគ្រូបង្វឹក ដែលនាងមិនមានជម្រើសណាក្រៅពីការចាកចេញទេ ។ ទោះជាយ៉ាងណានាងមិនបានបញ្ជាក់អំពីមូលហេតុដែលបណ្តាលឲ្យមានការចាកចេញដ៏គួរឲ្យសោកស្តាយនេះទេ។
តារាចម្រៀង ពេជ្រ សោភា បញ្ជាក់ថា នាងពិតជាចាកចេញពីហង្សមាស ហើយនាងក៏អាចនឹងចាកចេញពីពិភពសិល្បៈទាំងមូលដែរ។ នាងបន្តថា ដោយសារតែមូលហេតុមានជំងឺបាក់ទឹកចិត្តទើបនាងសម្រេចចិត្តចាកចេញពីផលិតកម្ម ហើយនាងមិនប្រាកដអំពីការវិលរកសិល្បៈវិញនៅពេលណាដែរ គឺនាងអាចនឹងទៅរស់នៅទីឆ្ងាយមួយដើម្បីសម្រាក។ នាងថាកន្លងមកនាងមានឪពុកនៅជិតផ្តល់កម្លាំងចិត្តនាងជានិច្ចប៉ុន្តែក្រោយពីឪពុកនាងស្លាប់បានធ្វើឲ្យនាងកាន់តែបាក់ទឹកចិត្តទ្វេឡើង។
លោក អ៊ិន ទីតូ អ្នកគ្រប់គ្រងផលិតកម្មវិធីរបស់ទូរទស្សន៍ហង្សមាសបញ្ជាក់ថា លោកនៅមិនទាន់ដឹងអំពីដំណឹងនៃការចាកចេញរបស់តារាស្រីរូបនេះនៅឡើយទេហើយលោកស្នើមិនធ្វើការអធិប្បាយពាក់ព័ន្ធនឹងបញ្ហាខាងលើ។
គួរបញ្ជាក់ដែរថា កាលពីចុងខែធ្នូឆ្នាំ២០១៥ តារាស្រីប្រចាំផលិតកម្មហង្សមាស ពេជ្រ សោភា បានសរសេរព័ត៌មានលើ Facebook Page ផ្លូវការរបស់នាងថា នាងនឹងលាឈប់ពីហង្សមាស ប៉ុន្តែនាងនឹងនៅតែធ្វើការងាររបស់នាងឲ្យ The Voice Cambodia រដូវកាលទី២ ចប់ចុងចប់ដើម។
សារនេះកើតក្រោយមានព័ត៌មានថា ពេជ្រ សោភា ត្រូវថ្នាក់លើស្ដីបន្ទោសខ្លាំងបន្ទាប់ពីនាងចុះពីលើឆាកការប្រគំតន្ត្រីមួយនៅកោះពេជ្រនាគ្រានោះផងដែរ៕
ដោយ៖ វឌ្ឍនា