លោក ហ៊ុន កុសល គោរពអរគុណសម្តេចតេជោ នាយករដ្ឋមន្ត្រីក្រោយពីត្រូវបានតុលាការដោះលែង

ចែករំលែក៖

ភ្នំពេញ៖ លោក ហ៊ុន កុសល សកម្មជនអតីតគណបក្សសង្គ្រោះជាតិ  ដែលត្រូវបានតុលាការសាលាដំបូងរាជធានីភ្នំពេញសម្រេចដោះលែងឲ្យមានសេរីភាពនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ ម្សិលមុិញ នេះ បានថ្លែងអំណរគុណជូនចំពោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី  នៃកម្ពុជា ដែលបានសម្របសម្រួលជាមួយតុលាការស្វែងរកការដោះលែងលោក។

សូមបញ្ជាក់ថា,លោក ហ៊ុន កុសល បានសរសេរនៅលើ facebook page របស់លោកនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ នេះថា៖ «ឱកាសដែលខ្ញុំអាចនៅក្រៅឃុំបណ្តោះអាសន្ននេះ ដោយសារមានការសម្របសម្រួលដ៏សំខាន់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ ឆ្លៀតក្នុងឱកាសនេះដែរ ខ្ញុំបាទ សូមថ្លែងអំណរគុណចំពោះសម្តេចតេជោ ហ៊ុន សែន ដែលបានយោគយល់ និងអនុគ្រោះដេីម្បីសម្របសម្រួលដ៏សំខាន់ចំពោះរឿងក្តីរបស់ខ្ញុំ»។

សាលាដំបូងរាជធានីភ្នំពេញបានសម្រេចដោះលែងលោក ហ៊ុន កុសល ឲ្យនៅក្រៅឃុំចាប់ពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ នេះ។

ការដោះលែងលោក ហ៊ុន កុសល គឺធ្វើឡើងតែមួយថ្ងៃបន្ទាប់ពីមិត្តភក្កិរបស់លោកគឺលោក យឹម ស៊ីណន បានស្នើសុំចុះចូលជាមួយនឹងគណបក្សប្រជាជន និងបានជួបជាមួយនឹងនាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន នៅឯភូមិគ្រឹះរបស់សម្ដេចកាលពីថ្ងៃម្សិលមិញ។

ក្នុងដីកាបង្គាប់ឲ្យដោះលែងចុះថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ឃី សុខវួច បានបញ្ជាទៅប្រធានមណ្ឌលអប់រំកែប្រែទី១ (ម១) នៃក្រសួងមហាផ្ទៃដោះលែងជនត្រូវចោទឈ្មោះ ហ៊ុន កុសល ពីថ្ងៃនេះតទៅ។

គួរឲ្យដឹងដែរថា កាលពីថ្ងៃទី២២ ខែមីនា សាលាដំបូងរាជធានីភ្នំពេញបានចេញដីកាឱ្យឃុំខ្លួនលោក ហ៊ុន កុសល និងសមភាគីលោកគឺលោក យឹម ស៊ីណន ក្រោមបទ «ប្រមាថចំពោះព្រះមហាក្សត្រ និងបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» តាមមាត្រា៤៣៧ (ស្ទួន) នៃច្បាប់វិសោធនកម្មក្រមព្រហ្មទណ្ឌ មាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ។

សូមជម្រាបជូនថា, សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធាន គណបក្សប្រជាជនកម្ពុជា តែងមានការសន្តោសប្រណី អនុគ្រោះ មិនគំគួន ទៅលើអ្នកនយោបាយណា ដែលដឹងកំហុស ស្គាល់អ្វីថាអាក្រក់ អ្វីជាការពិតឡើយ ។ ការមានមនោសញ្ចេតនា ចិត្តទន់ ប្រកបដោយព្រហ្មវិហារធម៌ ធ្វើអោយសម្តេច មានការគាំទ្រយ៉ាងខ្លាំងពីប្រជាពលរដ្ឋ ក្នុង និងក្រៅប្រទេស និងមានឈ្មោះបោះសម្លេងលើឆាកអន្តរជាតិ ជាស្ថាបនិក បិតា សន្តិភាព នៅកម្ពុជា ៕

ដោយ : សហការ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print