ខេត្តកណ្ដាល៖ ផ្ដើមចេញពីការជំពាក់លុយថ្លៃស៊ីឈ្នួលចំនួន៤០ម៉ឺនរៀល ជនសង្ស័យជាកូនឈ្នួលបានយកកាំបិតខ្វែវកាប់ទៅលើបុរសជាម្ចាស់បំណុល បណ្ដាលឲ្យរងរបួសយ៉ាងដំណំ។ ករណីនេះបានកើតឡើងនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ១៧និង៣០នាទី នៅចំណុចបឹងក្រពេី ភូមិបឹងក្រចាប់ត្បូង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល។
មន្ត្រីនគរបាលស្រុកខ្សាច់កណ្ដាលបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ វ៉ុន សៅ ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិបឹងក្រចាប់ត្បូង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល របួសរយះចេញឈាមលេីស្នាខាងស្តាំមួយកន្លែង និងរបួសរយះលេីថ្លេីមដៃខាងឆ្វេងមួយកន្លែង។ ចំណែកជនសង្ស័យឈ្មោះ យឿន ឈាន ហៅស្វិត ភេទប្រុស អាយុ៣០ឆ្នាំ សញ្ជាតិខ្មែរ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
ប្រភពដដែលបន្តថា កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៣ ជនរងគ្រោះបានជួលជនសង្ស័យមកមេីលម៉ាស៉ីនបូមទឹកស្រះចាប់ត្រីឱ្យខ្លួនដោយឲ្យថ្លៃឈ្នួលក្នុងមួយថ្ងៃ ៤ម៉ឺនរៀល រយះពេល១០ថ្ងៃ ហេីយជនរងគ្រោះមិនបានឱ្យលុយទៅជនសង្ស័យទេ សរុបទាំងអស់៤០ម៉ឺនរៀល ។ លុះមកដល់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង៨និង០០នាទី ជនរងគ្រោះបានទៅបូមទឹកស្រះនៅចំណុចបឹងក្រពេី ភូមិបឹងក្រចាប់ត្បូង ឃុំព្រែកតាមាក់ដេីម្បីចាប់ត្រីលក់ រហូតដល់វេលាម៉ោង១៧.៣០នាទី ថ្ងៃដដែល ជនសង្ស័យបានកាន់កាំបិតខ្វែវមួយនៅនឹងដៃ ដេីរទៅទារលុយពីជនរងគ្រោះនៅកន្លែងចាប់ត្រីនោះ ពេលទៅដល់ជនសង្ស័យស្រែកទារលុយពីជនរងគ្រោះដែលជំពាក់ខ្លួន ពេលនោះជនរងគ្រោះ
ឆ្លេីយថា ចាំចាប់ត្រីលក់សិនចាំសង តែជនសង្ស័យមិនព្រមនៅតែស្រែកទារ ក៏មានទំនាស់ពាក្យសម្តីជាមួយគ្នា។ បន្ទាប់មកជនសង្ស័យយារកាំបិតខ្វែវកាប់ទៅលើជនរងគ្រោះត្រូវចំលេីស្នាខាងស្តាំរបួសមួយកន្លែង និងត្រូវចំថ្លេីមដៃខាងឆ្វេងរបួសមួយកន្លែង។ ជនរងគ្រោះស្ទុះយកដំបងវាយជនសង្ស័យវិញ ត្រូវចំមេដៃខាងស្តាំ និងត្រូវចំគុម្ពត្រចៀកខាងឆ្វេង ទេីបជនសង្ស័យរត់គេចខ្លួនបាត់ ។ ចំណែកជនរងគ្រោះត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យរាជធានីភ្នំពេញ ។
ក្រោយមកកម្លាំងប៉ុស្តិ៍នគរបាលព្រែកតាមាក់ និងកម្លាំងប៉ុស្តិ៍នគរបាលវិហារសួគ៌បានចុះស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ រួចបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាលបន្តអនុវត្តតាមនីតីវិធី ៕ ដោយស្អាងជ័យ