លោក បាន គីមូន បំពេញទស្សនកិច្ចនៅក្នុងប្រទេសមីយ៉ាន់ម៉ា

ចែករំលែក៖

សារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៤ ខែមេសា ឆ្នាំ២០២៣ បានដកស្រង់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ាដែលបានរាយការណ៍នាថ្ងៃចន្ទនេះថា អតីតអគ្គលេខាធិការនៃអង្គការសហប្រជាជាតិ (UN) លោក បាន គីមូន (Ban Ki Moon) បានធ្វើដំណើរមកដល់ប្រទេសអាស៊ានមួយនេះ ដែលកំពុងបន្តស្ថិតក្នុងវិបត្តិយ៉ាងបង្ហូរឈាមចាប់តាំងពីផ្ទុះរដ្ឋប្រហារកាលពីឆ្នាំ២០២១មក។

កិច្ចប្រឹងប្រែងការទូតដើម្បីបញ្ចប់វិបត្តិនៅមីយ៉ាន់ម៉ាដែលបង្កឡើងដោយរដ្ឋប្រហាររបស់យោធាប្រទេសនេះ គឺបានជាប់គាំងដោយរបបសឹកមិនអើពើនឹងការរិះគន់ របស់សហគមន៍អន្តរជាតិជុំវិញសកម្មភាពបង្រ្កាបដ៏ចាស់ដៃរបស់ខ្លួនលើក្រុមអ្នកប្រឆាំង ហើយមិនព្រមបើកទ្វារទទួលយកការចរចាគ្នាជាមួយគូបដិបក្ខ។
សារព័ត៌មានមីយ៉ាន់ម៉ា Global New Light of Myanmar បានរាយការណ៍ថា លោក បាន គីមូន និងក្រុមការងាររបស់លោកបានធ្វើដំណើរមកដល់រដ្ឋធានីណៃពិដោ តាមជើងយន្តហោះកាលពីថ្ងៃអាទិត្យកន្លងទៅនេះ។ ប្រព័ន្ធផ្សព្វផ្សាយមីយ៉ាន់ម៉ាមិនបានផ្តល់ព័ត៌មានលម្អិតអំពីដំណើរទស្សនកិច្ចរបស់លោក បាន ឡើយ ប៉ុន្តែរូបលោកត្រូវគេស្គាល់ថាជាសមាជិកនៃក្រុមថ្នាក់ដឹកនាំពិភពលោក ផ្តួចផ្តើមបង្កើតឡើងដោយអតីតប្រធានាធិបតីអាហ្រ្វិកខាងត្បូង លោក ណែលសុន ម៉ាន់ដេឡា (Nelson Mandela) ដែលធ្វើការដើម្បីលើកកម្ពស់សន្តិភាពនិងបន្ធូរបន្ថយភាពតានតឹងនៃជម្លោះ។
លោក បាន គីមូន ក៏ធ្លាប់បានធ្វើដំណើរមកមីយ៉ាន់ម៉ាប៉ុន្មានលើកដែរ អំឡុងពេលលោកនៅជាប្រមុខ UN។ កាលពីឆ្នាំ២០០៩ លោកបានធ្វើដំណើរមកកាន់មីយ៉ាន់ម៉ាដើម្បីដាក់សម្ពាធឱ្យរបបយោធាកាលពីពេលនោះដោះលែងលោកស្រី
អោងសាន ស៊ូជី។ រីឯនៅឆ្នាំ២០១៦ ដោយលោកស្រី ស៊ូជី ត្រូវបានដោះលែង និងមានតួនាទីជា មេដឹកនាំរដ្ឋាភិបាលស៉ីវិលរបស់មីយ៉ាន់ម៉ា លោក បាន គីមូន ក៏បានត្រឡប់មកវិញជាថ្មីម្តងទៀតដើម្បីពង្រឹងការគាំទ្ររបស់អន្តរជាតិ ចំពោះកិច្ចប្រឹងប្រែងរបស់លោកស្រី ក្នុងការសម្រេចឱ្យបានកិច្ចព្រមព្រៀងសន្តិភាពជាមួយក្រុមឧទ្ទាមជាច្រើននៃជនជាតិភាគតិចរបស់ប្រទេសមីយ៉ាន់ម៉ា។
លោកស្រី ស៊ូជី ត្រូវបានចាប់ឃុំខ្លួនសាជាថ្មីក្រោយផ្ទុះរដ្ឋប្រហារយោធាខែកុម្ភៈ ឆ្នាំ២០២១ ដែលបានរុញច្រានឱ្យមីយ៉ាន់ម៉ាធ្លាក់ទៅក្នុងភាពវឹកវរ ហើយធ្វើឱ្យសេដ្ឋកិច្ចប្រទេសធ្លាក់ដុនដាបជាខ្លាំង។ តុលាការមីយ៉ាន់ម៉ាបានកាត់ទោសលោកស្រីចប់រួចរាល់កាលពីខែធ្នូ ឆ្នាំ២០២២ ដោយលោកស្រីត្រូវជាប់ពន្ធនាគារ រយៈពេលសរុប៣៣ឆ្នាំ។ បេសកជនពិសេសរបស់ UN ទទួលបន្ទុកមីយ៉ាន់ម៉ា ធ្លាប់បានស្នើសុំជួបមុខលោកស្រី ស៊ូជី អំឡុងទស្សនកិច្ចកាលពីខែសីហា ឆ្នាំមុន ប៉ុន្តែត្រូវបានរបបសឹកបដិសេធ៕ ដោយធីរីណា

...

រូប​ថត​ : Myanmar

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print