ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយប៉ាគីស្ថានបានបញ្ជាក់ថា គ្រោះធម្មជាតិបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងនៅក្នុងប្រទេសប៉ាគីស្ថានបានបណ្តាលឲ្យមនុស្ស៨១នាក់បាត់បង់ជីវិតក្នុងអំឡុងពេល២សប្តាហ៍ប៉ុណ្ណោះ និងជាង៣០០.០០០នាក់ផ្សេងទៀតទទួលរងផលប៉ះពាល់ ។ ទីភ្នាក់ងារនេះបានព្រមានពីគ្រោះថ្នាក់យ៉ាងអាក្រក់ស្តីពីអាកាសធាតុនៅអំឡុងថ្ងៃខាងមុខនេះ ។
តាំងពីពាក់កណ្តាលខែកក្កដាមកម្ល៉េះ ភ្លើងបានចាប់ផ្តើមធ្លាក់ខ្លាំងមិនព្រមរាំងទាល់តែសោះ ស្ថិតនៅតំបន់ភាគខាងជើង និងភាគខាងត្បូងប៉ាគីស្ថាន ធ្វើឲ្យលំនៅឋានរបស់ប្រជាពលរដ្ឋប្រមាណជាង១៩០០ខ្នងរងការខូចខាត និងមនុស្សរាប់សិបនាក់បានរងរបួស ។ នេះបើតាមអ្នកនាំពាក្យអាជ្ញាធរគ្រប់គ្រងជាតិគ្រោះមហន្តរាយ (NDMA) ។
លោក Ahmed Kamal អ្នកនាំពាក្យ NDMA បានថ្លែងប្រាប់ AFP ថា មនុស្សយ៉ាងតិច៣៨នាក់បានបាត់បង់ជីវិត ស្ថិតនៅក្នុងខេត្ត Khyber Pakhtunkhwa ភាគពាយព្យតំបន់ដែលរងគ្រោះខ្លាំងជាងគេ និង១៩នាក់ទៀតបានបាត់បង់ជីវិតនៅតំបន់កាស្មៀរដែលស្ថិតក្រោមការគ្រប់គ្រងរបស់ប៉ាគីស្ថាន។ ស្ថិតនៅភាគកណ្តាលខេត្ត Punjab មនុស្ស១១នាក់បានស្លាប់ ខេត្ត Southwestern Baluchistan ស្លាប់៨នាក់ និងនៅតំបន់ Gilgit Baltistan ពលរដ្ឋរងគ្រោះស្លាប់៥នាក់ ។
ប្រភពបានបន្តថា ភ្លៀងធ្លាក់ខ្លាំង លាយឡំដោយកូនព្យុះបក់បោកនឹងកើតមាននៅប៉ុន្មានថ្ងៃខាងមុខទៀតនេះ។ រហូតមកដល់ពេលនេះ មនុស្សប្រមាណ១៧២.០១៦នាក់ត្រូវជម្លៀសខ្លួនទៅរកទីទួលមានសុវត្ថិភាព ។ ក្រុមជួយសង្គ្រោះរួមមានកងកម្លាំងទាហាន កម្លាំងរដ្ឋបាលខេត្ត ក៏ដូចជាក្រុម NDMA ផងដែរបានធ្វើសកម្មភាពជួយជម្លៀសពលរដ្ឋំ និងផ្តល់ជំនួយសង្គ្រោះបន្ទាន់ចំពោះពលរដ្ឋស្ថិតនៅតំបន់រងគ្រោះ ។
គ្រោះធម្មជាតិបានបំផ្លិចបំផ្លាញគ្រប់យ៉ាងទៅលើប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ផលដំណាំកសិកម្ម កសិផលរបស់ប្រជាកសិករ ហិនហោចសន្ទូងស្រែពលរដ្ឋប្រមាណ៣៧៥ភូមិស្ថិតនៅភាគខាងត្បូងខេត្តPunjab ។
ទីភ្នាក់ងារឧតុនិយមប៉ាគីស្ថានបានប្រកាសឲ្យសាធារណជនត្រៀមលក្ខណៈប្រុងប្រយ័ត្ននៅអំឡុងថ្ងៃខាងមុខទៀតនេះមានមានគ្រោះធម្មជាតិកើតឡើងស្ថិតនៅភាគខាងត្បូងខេត្ត Sindh ភាគកណ្តាលខេត្ត Punjab និងខេត្ត Khyber Pakhtunkhwa ព្រមទាំងនៅតំបន់កាស្មៀរផងដែរ ។
ជារៀងរាល់ឆ្នាំប៉ាគីស្ថានតែងតែទទួលរងការវាយប្រហារពីគ្រោះធម្មជាតិ ដោយបានសម្លាប់មនុស្សនិងបំផ្លាញផលស្រូវលានហិកតា ធ្វើឲ្យដុនដាបសេដ្ឋកិច្ចជាតិយ៉ាងខ្លាំង ៕