ភ្នំពេញៈ បន្ទាប់ពីមានការពុះកញ្ជ្រោល ជ្រួលច្របល់ដោយក្រុមគណបក្សប្រឆាំង តែងតែបានដឹកនាំសកម្មជន ក្រុមយុវជន ប្រជាពលរដ្ឋ ព្រះសង្ឃទៅធ្វើសកម្មភាពព្រំដែនកម្ពុជា-វៀតណាម ។ ថ្មីៗនេះ មានការប៉ះទង្គិចគ្នាមួយនៅព្រំដែនខេត្តព្រៃវែង រវាងតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ជាមួយនឹងប្រជាពលរដ្ឋ សមត្ថកិច្ចវៀតណាម ពីបញ្ហាព្រំដែននេះ ទើបនៅព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៥ លោក វ៉ា គឹមហុង ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែន និងជាប្រធានគណៈកម្មាធិការចំរុះកិច្ចការព្រំដែន បានធ្វើសន្និសីទសារព័ត៌មាន បើកជាចំហរមួយ ដល់អ្នកសារព័ត៌មានជាតិ អន្តរជាតិបានដឹងពីផែនទីផ្លូវការ ដើម្បីបង្ហាញផែនទីផ្លូវការដែលរាជរដ្ឋាភិបាល បាននិងកំពុងយកមកប្រើប្រាស់ ក្នុងការងារខ័ណ្ឌសីមា និងបោះបង្គោលព្រំដែនគោករវាងព្រះរាជាណាចក្រកម្ពុជា នឹងសាធារណរដ្ឋសង្គមនិយមវៀតណាម។
នៅក្នុងសន្និសីទសារព័ត៌មាននេះផងដែរ ក៏មានការចូលរួមពីលោកឡុង វិសាឡូ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, លោកស្រី កុយ ពិសី អនុប្រធានគណៈកម្មាធិការចម្រុះកិច្ចការព្រំដែន និងមានការចូលរួមពីតំណាងរាស្ត្រគណបក្សប្រឆាំង ពិសេសវត្តមានលោក រៀល ខេមរិន្ទ អ្នកតំណាងរាស្ត្រដែលបានដឹកនាំសកម្មជនរបស់ខ្លួនទៅព្រំដែន ហើយប៉ះទង្គិចជាមួយពលរដ្ឋ និងទាហានវៀតណាមនោះ ។
លោក វ៉ា គឹមហុង ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែន និងជាប្រធានគណៈកម្មាធិការចម្រុះកិច្ចការព្រំដែន បានឲ្យដឹងថា ផែនទីជាផ្លូវការសម្រាប់ប្រើប្រាស់ក្នុងការងារខ័ណ្ឌសីមា និងបោះបង្គោលព្រំដែនគោករវាងព្រះរាជាណាចក្រកម្ពុជា នឹងសាធារណរដ្ឋសង្គមនិយមវៀតណាម គឺបានយកមកពីវិទ្យាស្ថានភូមិសាស្ត្រជាតិបារាំងមកធ្វើជាមូលដ្ឋាន និងស្របតាមរដ្ឋធម្មនុញ្ញ មានចំនួន២៦ផ្ទាំង ។ នៅក្នុងសន្និសីទសារព័ត៌មាននេះ លោក វ៉ា គឹមហុង រួមទាំងក្រុមការងារបានបង្ហាញជូនផែនទីផ្លូវការ ទាំង២៦ផ្ទាំងដាក់ឲ្យអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ និងតំណាងរាស្ត្រគណបក្សប្រឆាំងផងដែរបានឃើញ ដើម្បីចៀសវាងការយល់ច្រឡំ បង្កើតឲ្យមានបញ្ហាស្មុគ្រស្មាញក្នុងយន្តការកំពុងយកមកប្រើប្រាស់ក្នុងការងារខ័ណ្ឌសីមា និងបោះបង្គោលព្រំដែនគោក ។
ឆ្លើយតបនឹងសំណួរថា កន្លងទៅលោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិធ្លាប់អះអាងថា ខ្លួនមានផែនទីនេះពីប្រទេសបារាំង និងមានចំនួន២៦ផ្ទាំងដែរ? លោកវ៉ា គឹមហុង បានបញ្ជាក់ថា ប្រសិនបើលោកសម រង្ស៊ី មានផែនទីនេះ និងយកមកពីវិទ្យាស្ថានភូមិសាស្ត្រជាតិបារាំង ពិតជាត្រឹមត្រូវដូចគ្នា ប៉ុន្តែ លោកខ្លាចផែនទីនោះ ជាផែនទី លក្ខណៈកាត់ត ឬចម្លងមិនត្រឹមត្រូវ យកទៅប្រើប្រាស់គ្រាន់តែ ជាការកេងចំណេញផ្នែកនយោបាយ សម្រាប់ការគាំទ្របក្សរបស់ខ្លួន ។
ដោយឡែកតំណាងរាស្ត្រគណបក្សប្រឆាំងដែលបានចូលរួមនៅក្នុងសន្និសីទសារព័ត៌មាននេះ គេបានឃើញកាន់ផែនទីមួយកំភ្លុះ ដើម្បីយកទៅផ្ទៀងផ្ទាត់ជាមួយផែនទីដែលប្រធានគណៈកម្មាធិការចម្រុះកិច្ចការព្រំដែនបានលាតត្រដាងបង្ហាញឲ្យឃើញជាផ្លូវការនោះ ។
ផែនទីដែលលោកវ៉ា គឹមហុង ចាត់ទុកជាផ្លូវការ និងយកមកពីវិទ្យាស្ថានភូមិសាស្ត្រជាតិបារាំងជាមូលដ្ឋានប្រើប្រាស់ក្នុងការងារខ័ណ្ឌសីមា និងបោះបង្គោលព្រំដែនគោករវាងព្រះរាជាណាចក្រកម្ពុជា នឹងសាធារណរដ្ឋសង្គមនិយមវៀតណាម ពិតជាផែនទីដែលមានលក្ខណៈដ៏ចាស់ ព្រមទាំងមានការប្រុងប្រយ័ត្នយ៉ាងខ្លាំងសម្រាប់ការពារលើការបាត់បង់ ហើយក៏ត្រូវបានបើកពន្លាតឲ្យឃើញក្នុងសន្និសីទសារព័ត៌មាននេះជាលក្ខណៈចំហ ៕ សុខ ខេមរា
លោកវ៉ា គឹមហុង បង្ហាញផែនទីផ្លូវការប្រើប្រាស់ក្នុងការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោករវាងកម្ពុជា-វៀតណាម
...