ភ្នំពេញ៖ យោងតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងនៅថ្ងៃពុធទី២៦ ខែមេសា ឆ្នាំ២០២៣នេះថា ក្នុងត្រីមាសទីមួយនៃឆ្នាំ២០២៣នេះ កម្ពុជាបាននាំចេញអង្ករសរុបចំនួនជាង ១៧ម៉ឺនតោន ដោយទទួលបានប្រាក់ចំណូលប្រមាណជាង ១២៦ លានដុល្លារអាមេរិក។
របាយការណ៍ដដែលបន្តថា ការនាំចេញអង្ករបានកើនឡើង ៣,៥ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ អង្ករដែលនាំចេញរួមមាន អង្ករក្រអូប អង្ករសគ្រាប់វែង អង្ករសម្រូប និងអង្ករសរីរាង្គ។ អង្ករកម្ពុជា ត្រូវបាននាំចេញទៅកាន់ប្រទេស និងតំបន់ចំនួន ៤១។
សូមជម្រាបថា ប្រទេសចិន នៅតែជាអ្នកទិញអង្ករកំពូលរបស់កម្ពុជា ដោយបានទិញអង្ករចំនួន ជាង៨,៤ ម៉ឺនតោន ឬ ៤៨ ភាគរយនៃការនាំចេញអង្ករសរុបរបស់កម្ពុជានៅក្នុងត្រីមាសទីមួយ។ ចំណែកទីផ្សារអឺរ៉ុប តំណាង ៣៨ភាគរយ ។
ដោយឡែកបរិមាណស្រូវ ដែលបាននាំចេញចំនួន ជាង ១,៥ លានតោន ទៅកាន់ប្រទេសវៀតណាម ទទទួលបានចំណូលជាង ៣៩០លានដុល្លារ។
គួរបញ្ជាក់ដែរថា កម្ពុជា នៅឆ្នាំ២០២២ បាននាំចេញអង្ករជាង ៦៣ម៉ឺនតោន ទៅកាន់ប្រទេសចំនួន៥៩ រកចំណូលបាន ៤១៤លានដុល្លារ ខណៈចំណូលពីការនាំចេញស្រូវមាន ៨៤១លានដុល្លារ។
បន្ថែមពីនេះ សហព័ន្ធស្រូវអង្ករកម្ពុជា បានកំណត់គោលដៅប្រកបដោយមហិច្ឆិតា ក្នុងការនាំចេញអង្ករយ៉ាងតិចមួយលានតោននៅឆ្នាំ២០២៥ ដែលកើនឡើងជាង៥០ភាគរយ បើធៀបនឹងតួលេខនាំចេញនៅឆ្នាំ២០២២៕ដោយ៖សហការី