ខេត្តព្រះសីហនុ៖ នាវាវ៉េសស្ទើដាម (Westerdam) នឹងមកចូលចតសាជាថ្មីម្តងទៀត នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅចុងឆ្នាំ២០២៣ ។ នេះជាការបញ្ជាក់ពី
លោក លូ គឹមឈុន អគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤។
លោកបានលើកឡើងបន្តថា , នាវាវ៉េសស្ទើដាម (Westerdam) នឹងមកចូលចតសាជាថ្មីម្តងទៀត នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ បន្ទាប់ពីបានចូលចតនៅថ្ងៃ១៣ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងគ្រាអាសន្នដោយសារជំងឺកូវីដ-១៩ បន្ទាប់ពីប្រទេសជាច្រេីនបានបដិសេធមិនឱ្យចូលចត ហើយចុងក្រោយមានតែប្រទេសកម្ពុជាមួយប៉ុណ្ណោះដែលយល់ព្រមឱ្យចូលចត និងក៏មានវត្តមានសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានទៅទទួលដោយភាពកក់ក្តៅ និងស្និទ្ធស្នាលស្នាល មិនអាចបំភ្លេចបាន។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឱ្យនាវាទេសចរណ៍ អាម៉េរិក ដែលមានឈ្មោះថា Westerdam ចូលចតនៅកំពង់ផែស្វយ័តខេត្តព្រះសីហនុ ក្រោយពីប្រទេស និងកោះចំនួន ៥ (ជប៉ុន តៃវ៉ាន់ កោះហ្គា ម ហ្វីលីពីន និងថៃ) បានបដិសេធលើការស្នើសុំចតរបស់ក្រុមហ៊ុន Holland America Line ដោយសារបារម្ភពីជំងឺកូវីដ-១៩ ខណៈកំពុងផ្ទុកមនុស្សជាង ២២០០នាក់ នៅលើនាវា ក្នុងនោះ អ្នកដំណើរ ១, ៤៥៥នាក់ មានជាង ៤០សញ្ជាតិ និងបុគ្គលិកបម្រើការងារតាមផ្នែកលើនាវា ៨០២នាក់។ អ្នកទេសចរដែលច្រើនជាងគេមាន អាម៉េរិក មានចំនួន ៦៥១នាក់ កាណាដា ២៧១នាក់ អង់គ្លេស ១២៧នាក់ ហូឡង់ ៩១នាក់ អូស្ត្រាលី ៧៩នាក់ អាល្លឺម៉ង់ ៥៧នាក់ និងជនជាតិមួយចំនួនទៀត។
សូមបញ្ជាក់ថា , សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ធ្លាប់មានប្រសាសន៍ថា, ការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលក្នុងការអនុញ្ញាតឱ្យនាវាទេសចរណ៍ Westerdam ចូលចត គឺដោយសារហេតុផលមនុស្សធម៌។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានលើកឡើងថា “ហេតុអ្វីត្រូវសម្រេចអនុញ្ញាតឱ្យនាវានេះចូលចត តើត្រូវឱ្យពួកគេទៅណា បើគេបានបិទអស់ហើយ ដូចដែលខ្ញុំបាននិយាយហើយថា ជំងឺពិតប្រាកដគឺភាពភ័យខ្លាច មិនមែនជាជំងឺកូរ៉ូណានោះទេ។ ការអនុញ្ញតឱ្យចូលនេះ បង្ហាញពីការលុបបំបាត់នូវជំងឺភ័យខ្លាច ដែលកំពុងកើតមាននៅលើពិភពលោកយើងនេះ ហើយកម្ពុជាគ្មានឡើយការរើសអើងពូជសាសន៍ ត្រូវតែចូលរួមសង្រ្គោះក្នុងកិច្ចការមនុស្សធម៌ ខណៈពួកគេកំពុងជួបគ្រោះអាសន្ន។”
សម្តេចតេជោបានបន្តទៀតថា យើងត្រូវសហការគ្នា ទាំងអ្នកជាប់នៅលើនាវា ដើម្បីជួយសង្រ្គោះដោយមិនខ្វល់ពីជាតិសាសន៍ ទោះបីជាតិសាសន៍ណាក៏ដោយ កិច្ចការនេះបង្ហាញពីការងារមនុស្សធម៌ដ៏ប្រពៃ និងសណ្តានចិត្តរបស់កម្ពុជាសម្រាប់មនុស្សលើពិភពលោក ក្នុងការយកអាសារសម្រាប់ជាតិសាសន៍ដទៃ។ សម្ដេចតេជោបានលើកឡើងថា “បើគេមិនទទួល កម្ពុជាទទួល ហើយកម្ពុជាក៏ចង់បង្ហាញថា កម្ពុជាមិនមែនគ្រាន់តែសហការជាមួយចិននោះទេ គឺធ្វើជាមួយគ្រប់ជាតិសាសន៍ទាំងអស់ ព្រោះបញ្ហានេះវាក្លាយជាបញ្ហាប្រឈម ជាសកលរួចទៅហើយ និងម្យ៉ាងទៀតបញ្ហាមនុស្សធម៌ក៏គ្មានព្រំដែនដែរ។ យើងត្រូវតែជួយពួកគេនៅពេលដែលពួកគេសុំឱ្យយើងជួយ យើងត្រូវតែជួយគេប្រកបដោយស្មារតីទទួលខុសត្រូវ។”
ក្រុមហ៊ុន Holland America Line និងអ្នកដំណើរដែលកំពុងស្ថិតនៅលើនាវា Westerdam បានសរសេរសារនៅលើបណ្តាញ Facebook ដោយសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះកម្ពុជា ដែលបានគាំទ្រ និងអនុញ្ញាតឱ្យកប៉ាល់របស់ខ្លួនបានចូលចតនៅកំពង់ផែក្រុងព្រះសីហនុ។ ជាមួយគ្នានេះ នៅក្នុងសារមួយនៅលើបណ្តាញសង្គម Twitter លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា ក៏បានសម្តែងការកោតសរសើរយ៉ាងខ្លាំងចំពោះទង្វើមនុស្សធម៌របស់អាជ្ញាធរកម្ពុជា ដែលបានអនុញ្ញាតឱ្យនាវាទេសចរណ៍ Westerdam និងទេសចរ ដែលភាគច្រើនជាជនជាតិអាម៉េរិកឱ្យចូលចតនៅកំពង់ផែក្រុងព្រះសីហនុ៕
ដោយ : សិលា