ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ ៨កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ នៅក្នុងពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២២ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៣ របស់សាលាភូមិន្ទរដ្ឋបាល ដែលពិធីនេះត្រូវប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ។
ជាការចាប់ផ្តើម សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា និស្សិតខ្មែរ ខ្មែរ-អ៊ីស្លាម ដែលកំពុងសិក្សាទៅប្រទេសស៊ូដង់ ជាទីកំពុងមានសង្គ្រាមនោះ ត្រូវបានជម្លៀសមកកាន់ប្រទេសអារ៉ាប់ប៊ីសាអូឌីតហើយ និងបន្តមកកាន់ប្រទេសម៉ាឡេស៊ី ជាទីដែលមានសុវត្ថិភាព។ សម្តេចតេជោក៏បានបានថ្លែងអំណរគុណផងដែរ ដល់ប្រទេសម៉ាឡេស៊ី ដែលបានបញ្ជូននាវាទៅជម្លៀសប្រជាជនរបស់ខ្លួនចេញពីតំបន់សង្គ្រាមក្នុងប្រទេសស៊ូដង់ ក្នុងនោះក៏មាននិស្សិតខ្មែរផងដែរ។សម្តេចក៏បានអំពាវនាវដល់ក្រុមគ្រួសារនិស្សិត ខ្មែរ-អ៊ីស្លាម កុំមានការព្រួយបារម្ភពីសុវត្ថិភាពពួកគេ។
នៅថ្ងៃនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី សុំអោយមានការគិតគូរឡើងវិញពាក់ព័ន្ធអនុក្រឹត្យចាស់ ដែលត្រូវនិរាសករណ៍ និងជំនួសដោយអនុក្រឹត្យថ្មី ដើម្បីធានានិរន្តរភាពសត្វផ្សោត ដែលបច្ចុប្បន្នកំពុងរងគ្រោះ និងគំរាមកំហែង នៅខេត្តក្រចេះ។សម្តេចតេជោ បានបញ្ជាឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវពិនិត្យ និងគ្រប់គ្រងឲ្យបានច្បាស់លាស់ចំពោះបងប្អូននេសាទ ដែលធ្វើការនេសាទនៅតំបន់មានសត្វផ្សោត ខណៈបងប្អូននេសាទខ្លះនៅបន្តដាក់មងក្រឡាធំ ដែលបានធ្វើសត្វផ្សោតងាប់ជាបន្តបន្ទាប់។
នៅថ្ងៃនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងនូវការកោតសរសើរដល់សាលាភូមិន្ទរដ្ឋបាលក្នុងការបណ្តុះបណ្តាលមន្ត្រីបានយ៉ាងល្អប្រសើរ ហើយសម្តេចក៏សូមលើកទឹកចិត្តឱ្យបន្តកិច្ចខិតខំប្រឹងប្រែងនេះ ដោយត្រូវបើកវគ្គផ្សេងៗទៀត ដើម្បីតម្រង់ទិសមន្ត្រីយើងជាបន្តបន្ទាប់ទៀត។ សម្តេចតេជោបានមានប្រសាសន៍ថា កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅក្នុងប្រទេសកម្ពុជា បានទទួលផលរួចទៅហើយ ទាំងថ្នាក់ជាតិ និងមូលដ្ឋាន គឺបានទទួលផលពីការផ្ទេរអំណាពីថ្នាក់ជាតិទៅថ្នាក់មូលដ្ឋាន។ ប្រសិនគ្មានការផ្ទេរអំណាចទៅដល់ថ្នាក់មូលដ្ឋានទេ រាជរដ្ឋាភិបាលពិតជាមានការលំបាកក្នុងការគ្រប់គ្រប់ការងារផ្សេងៗ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ពីគោលបំណងឡើងវិញ ក្នុងការមកបើកវគ្គបណ្តុះបណ្តាល និងផ្តល់ទស្សនទានដល់សិស្ស និស្សិត នៃសាលាភូមិន្ទរដ្ឋបាល ខណៈដែលសម្តេចនៅមានឈ្មោះជាសាស្ត្រាចារ្យកិត្តិយស នៃសាលាភូមិរដ្ឋបាលនៅឡើយ។ សម្តេចតេជោបានមានប្រសាន៍ថា
បើសម្ដេចមានឱកាសទៅចែករំលែកដល់និស្សិតសាលាភូមិន្ទរដ្ឋបាល សម្តេចនឹងផ្ដោតសំខាន់លើការសួរសំណួរមកសម្តេចត្រឹម១០សំនួរ ពីបទពិសោធផ្ទាល់របស់សម្ដេចដែលបានឆ្លងកាត់ជាមន្ត្រី និងជាអ្នកបម្រើប្រជាជនជាបន្តបន្ទាប់នោះ។
សម្តេចតេជោបានមានប្រសាសន៍ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវប្រឹងប្រែងពង្រឹងសមត្ថភាពមន្ត្រីរបស់ខ្លួន ដើម្បីភាពល្អប្រសើរ នៃការបំពេញការងារបម្រើប្រជាពលរដ្ឋ។ សម្តេចតេជោ បានបញ្ជាក់ថា មន្ត្រីត្រូវចេះកែទម្រង់ខ្លួនឯង ឧទាហរណ៍ដូចជា បច្ចុប្បន្ននេះជាសម័យ Digital ទៅហើយ តែបើមនុស្សមិនDigitalក៏មិនអាចទៅរួចដែរ។សម្តេចតេជោ បានមានប្រសាន៍បញ្ជាក់ថា បើចង់កែទម្រង់ស្ថាប័ន គឺត្រូវកែទម្រង់មនុស្សជាមុនសិន ព្រោះមនុស្សជាអ្នកដឹកនាំស្ថាប័ន។ សម្តេចបន្តជំរុញឱ្យក្រសួងស្ថាប័នបន្តពង្រឹងសមត្ថភាពធនធានមនុស្សថែមទៀត ដើម្បីបំពេញតម្រូវការមន្រ្ដីដល់រាជការ។ សម្តេចបានមានប្រសាសន៍បន្តថា មុននឹងតែងតាំង និងដំឡើងឋានៈតួនាទីដល់មន្ត្រីណាមួយ ត្រូវឆ្លងកាត់វគ្គបណ្តុះបណ្តាលជាមុនសិន ព្រោះធ្វើយ៉ាងនេះ ដើម្បីអោយកម្រិតចំណេះដឹងរបស់មន្ត្រីយើងក៏មានភាពល្អប្រសើរ។
ជាថ្មីម្ដងទៀតនៅថ្ងៃនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានអំពាវនាវឲ្យបងប្អូនដែលស្នេហាវិស័យកីឡាមេត្តាយោគយល់ និងរក្សាភាពថ្លៃថ្នូរតាមរយៈការប្រកួតនីមួយៗ និងពាវនាវសូមកុំសម្រុកចូលទៅកន្លែងប្រកួតដោយគ្មានសំបុត្រចូលទស្សនា ហើយមិនអនុញ្ញាតឱ្យមានការផ្លោះរបងចូលទៅប្រជ្រៀតនៅទីកន្លែងនោះដែរ។ កុំឱ្យការចំណាយថវិការាប់លានក្លាយជាអសារបង់ ថែមទាំងខូចឈ្មោះទៀតផង តាមរយៈឥរិយាបថរបស់ម្ចាស់ផ្ទះ។
សម្តេចតេជោ ហ៊ុន សែន ក៏ជំរុញឱ្យមន្រ្ដីនៅតាមបណ្ដាខេត្ត យកចិត្តទុកដាក់ដោះស្រាយវិវាទរបស់ប្រជាពលរដ្ឋដែលកើតមានឡើងតាមរយៈការដោះស្រាវវិវាទក្រៅប្រព័ន្ធតុលាការ ដោយការសម្របសម្រួល ហើយដើម្បីធានាបានលើបញ្ហានេះ មន្រ្ដីគឺ ត្រូវឈរនៅលើចំណុចកណ្ដាល ជាពិសេសសម្ដេចណែនាំដល់ មន្រ្ដីត្រូវប្រយ័ត្នចំពោះការចុះហត្ថលេខាលើដីកម្របព្រៃឈើ និងដីអភិរក្សជាដើម។
មុននឹងបញ្ចប់ សម្ដេចតេជោ ហ៊ុន សែន ក៏បានជូនពរឱ្យសិស្សមន្ត្រីរាជការ នៃសាលាភូមិន្ទរដ្ឋបាលដែលបានបញ្ចប់ការសិក្សា និងបើកវគ្គសិក្សាថ្មីនេះ ឲ្យទទួលបាននូវភាពជោគជ័យជាបន្តបន្ទាប់ទៀត នាពេលខាងមុខ៕ដោយ៖ស តារា