ក្លិប Fortuna Dusseldorf ដែលកំពុងលេងនៅលីកលំដាប់ទី២របស់អាល្លឺម៉ង់ នឹងផ្តល់សំបុត្រដោយឥតគិតថ្លៃដល់អ្នកគាំទ្រទាំងអស់ក្នុងការប្រកួតមួយចំនួននៅរដូវកាលក្រោយ ដែលជាផ្នែកនៃយុទ្ធសាស្រ្តថ្មីនៃការផ្សព្វផ្សាយក្លិបឱ្យកាន់តែល្បីល្បាញទៅកាន់ទីក្រុង និងអ្នកគាំទ្រ នៅពេលដែលឧស្សាហកម្មផ្លាស់ប្តូរ។
មន្ត្រីក្លិប Fortuna បាននិយាយថា សំបុត្រឥតគិតថ្លៃដល់អ្នកគាំទ្រទាំងអស់ ដោយចុះឈ្មោះនៅលើវេទិកាដើម្បីជាផ្នែកមួយនៃការចាប់ឆ្នោតនឹងត្រូវបានផ្តល់ជូនសម្រាប់ការប្រកួតលីកក្នុងផ្ទះយ៉ាងហោចណាស់ចំនួន៣នៅរដូវកាលក្រោយ ហើយតម្លៃនឹងត្រូវរ៉ាប់រងដោយអ្នកឧបត្ថម្ភ។
លោក Alexander Jobst នាយកប្រតិបត្តិក្លិបបានប្រាប់សន្និសីទសារព័ត៌មានថា “យើងបើកកីឡាបាល់ទាត់សម្រាប់ទាំងអស់គ្នា។យើងនឹងមានការចូលរួមដោយឥតគិតថ្លៃសម្រាប់ការប្រកួតលីកនៅក្នុងកីឡដ្ឋាននេះ។ យើងហៅថា Fortuna សម្រាប់ទាំងអស់គ្នាដែលអាចនឹងនាំយើងទៅកាន់អនាគតដ៏ជោគជ័យ”។
លោកបានបន្តថា “ដំណាក់កាលសាកល្បងជាមួយនឹងការប្រកួតក្នុងផ្ទះយ៉ាងហោចណាស់បីប្រកួតនៅរដូវកាលក្រោយនឹងត្រូវបានពង្រីកទៅការប្រកួតបន្ថែមទៀត ហើយនៅទីបំផុតទៅគ្រប់ការប្រកួតក្នុងផ្ទះទាំងអស់។ Fortuna នៅតែជាក្លិបមួយ ហើយក្លិបនេះជាកម្មសិទ្ធិរបស់មិត្តភក្តិ និងសមាជិក។ យើងមានទំនួលខុសត្រូវក្នុងការកំណត់មូលដ្ឋានគ្រឹះសម្រាប់អនាគតដ៏ជោគជ័យ។ នោះគឺជាត្រីវិស័យរបស់យើង”។
ក្លិបបានប្រកាសថា ក្រុមហ៊ុនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរយៈពេល៥ឆ្នាំដែលមានតម្លៃ៤៥ លានអឺរ៉ូ។ ប្រហែល២០ភាគរយនៃប្រាក់ចំណូលទាំងនោះនឹងទៅយុវជន និងបាល់ទាត់នារី និង២០ ភាគរយទៀតនឹងទៅហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងកីឡដ្ឋាន។
ក្លិប Fortuna មានអ្នកចូលទស្សនាក្នុងកីឡដ្ឋានជាម្ចាស់ផ្ទះជាមធ្យមជិត៣០,០០០នាក់នៅក្នុងលីកទី២នៅរដូវកាលនេះ។Bundesliga ជាកំពូលរបស់អាឡឺម៉ង់គឺជាលីកបាល់ទាត់ដែលមានអ្នកទស្សនាច្រើនជាងគេបំផុតរបស់ពិភពលោកដែលមានអ្នកគាំទ្រច្រើនជាង៤២,០០០ជាមធ្យមក្នុងមួយប្រកួត។
អភិបាលក្រុង Dusseldorf លោក Stephan Keller បាននិយាយថា “វាគឺជាគំនិតតែមួយគត់សម្រាប់បាល់ទាត់ ហើយខ្ញុំមានទំនុកចិត្តថាវានឹងនាំ Fortuna ឆ្ពោះទៅមុខ។ អ្នក អាច មាន អារម្មណ៍ ថា អ្វី ដែល ថ្មី ចាប់ ផ្តើ ម នៅ ថ្ងៃ នេះ ដែល អាច បញ្ឆេះ បដិវត្តន៍ដ៏ មាន សក្តា នុ ពល នៅ ក្នុង កីឡា បាល់ ទាត់ ” ៕ (រូបភាព ៖ Reuters/CNA)