សារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែមេសា ឆ្នាំ២០២៣បានផ្សាយថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិនបាននិយាយនៅថ្ងៃពុធសប្ដាហ៍នេះថា លោកអាចផ្ដួលលោកដូណាល់ ត្រាំ ម្ដងទៀតក្នុងការបោះឆ្នោតនៅឆ្នាំ២០២៤ ហើយ បានព្រមានដែរថា អតីតប្រធានាធិបតីមកពីបក្សសាធារណរដ្ឋរូបនេះធ្លាប់ជាការគំរាមកំហែងដល់សហរដ្ឋអាមេរិក។
លោក ចូ បៃដិន ធ្វើការកត់សម្គាល់ខាងលើបន្ទាប់ពីលោកប្រកាសជាផ្លូវការពីការសម្រេចចិត្តឈរឈ្មោះជាបេក្ខជនប្រធានាធិបតី សម្រាប់ការបោះឆ្នោតប្រធានាធិបតីអាមេរិកនៅឆ្នាំ២០២៤ និងជាការឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មានម្នាក់ដែលសួរថា តើរូបលោកប្រកាសឈរឈ្មោះជាថ្មីដោយសារតែជឿថាខ្លួនឯងគឺជាមនុស្សតែម្នាក់គត់ដែលអាចផ្ដួលលោកដូណាល់ ត្រាំ បានឬ? លោក បៃដិន បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំប្រហែលមិនមែនជាមនុស្សតែម្នាក់គត់នោះទេ ប៉ុន្តែខ្ញុំបានស្គាល់គាត់ (លោក ត្រាំ) យ៉ាងច្បាស់ ហើយខ្ញុំ ដឹងថា គាត់គឺជាការគំរាមកំហែងដល់ប្រជាធិបតេយ្យរបស់យើង»។
នៅក្នុងការប្រកាសជាផ្លូវការពីការឈរឈ្មោះឡើងវិញ លោក ចូ បៃដិន ដែលមានអាយុ៨០ឆ្នាំ កាលពីដើមសប្ដាហ៍កន្លងទៅនេះ បានបញ្ចេញរូបភាពមួយចំនួនបង្ហាញពីសកម្មភាពរបស់ក្រុមអ្នកគាំទ្រលោក ត្រាំ វាយប្រហារសម្រុកចូលវិមានកាពីតូលកាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ផងដែរ ជាមួយការសន្យាការពារប្រជាជនអាមេរិកពីក្រុមអ្នកជ្រុលនិយមមានទំនាក់ទំងជាមួយអតីតប្រធានាធិបតីអាមេរិករូបនេះ៕ ដោយធីរីណា
រូបថត : AP