ខេត្តព្រះសីហនុ៖ ហេតុការណ៍គ្រោះថ្នាក់មួយបានកើតឡើងនៅវេលាម៉ោង៦ព្រឹក ថ្ងៃទី២៧ មេសា ឆ្នាំ២០២៣ នៅចំណុចមុខកោះខ្យង ស្ថិតនៅភូមិកោះខ្យង ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
សមត្ថកិច្ចមូលដ្ឋានឱ្យដឹងថា បុរសម្នាក់ត្រូវរន្ទះបាញ់លើទូកនេសាទរួចធ្លាក់ទឹកបាត់ខ្លួន។ បច្ចុប្បន្នសមត្ថកិច្ចនិងប្រជាពលរដ្ឋបានស្វែងរកសាកសពឃើញហើយ។ សមត្ថកិច្ចឱ្យដឹងថា ជនរងគ្រោះ ឈ្មោះ បេន ខាវ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរនេសាទ មានទីលំនៅភូមិកោះខ្យង ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
តាមការបំភ្លឺរបស់ឈ្មោះ ផេន បេន ជាឪពុកជនរងគ្រោះបានប្រាប់សមត្ថកិច្ចថា កាលពីម៉ោង៦ព្រឹកថ្ងៃទី២៧ខែមេសានេះ រូបគាត់និងកូនប្រុសបានចេញទៅនេសាទនៅមុខកោះខ្យង ស្របពេលមេឃកំពុងធ្លាក់ភ្លៀង ស្រាប់តែមានរន្ទះបាញ់ចំទូក បណ្តាលឱ្យកូនប្រុសគាត់និងរូបគាត់ធ្លាក់ ទឹក ហើយរូបគាត់បានដឹងខ្លួនក៏ឡើងលើទូកវិញ ប៉ុន្តែបាត់កូនប្រុសមិនឃើញ និងក្រោយមកទើបរកឃើញសាកសពអណ្ដែតទឹកនៅជិតច្រកព្រែកកោះខ្យង។
សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះទាំងពីរនាក់ឪពុកកូនបានចេញទៅនេសាទដោយអូសមងកន្ទុយកណ្តុរ នៅមុខកោះខ្យងពេលមេឃកំពុងភ្លៀង។ ភ្លាមៗនោះស្រាប់តែមានរន្ទះបាញ់បណ្តាលអោយជនរងគ្រោះ ឈ្មោះ បេន ខាវ ភេទប្រុស អាយុ២១ឆ្នាំត្រូវជាកូននិងឪពុកឈ្មោះផេន បេន ភេទប្រុស អាយុ៥៤ឆ្នាំ បានធ្លាក់ចូលក្នុងទឹក ប៉ុន្តែបុរសជាឪពុកបានឡើងលើទូកវិញ តែបាត់កូនមិនឃើញងើប ទើបរាយការណ៍ទៅសមត្ថកិច្ចអោយជួយរកក៏ប្រទះឃើញសពកូននៅព្រែកកោះខ្យងតែម្តង។
ក្រោយពិនិត្យនិងធ្វើកោសល្យវិច័យតាម
នីតិវិធី សមត្ថកិច្ចក៏បានប្រគល់សាកសព ជូនគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយសហការី