សារព័ត៌មាន AFP នៅថ្ងៃព្រសហ្បតិ៍ ទី២៧ ខែមេសា ឆ្នាំ២០២៣ អ្នកនាំពាក្យរបស់ក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បាននិយាយនៅថ្ងៃទី២៧ខែមេសាថា ប្រទេសរុស្ស៊ីមិនមានបំណងធ្វើឱ្យកើនឡើងនូវភាពតានតឹងនុយក្លេអ៊ែរ ក្នុងការប្រឈមមុខជាមួយប្រទេសលោកខាងលិចលើបញ្ហាអ៊ុយក្រែននោះទេ ប៉ុន្តែអ្នកផ្សេងទៀតមិនគួរសាកល្បងការអត់ធ្មត់របស់ពួកគេនោះទេ។
ការអត្ថាធិប្បាយរបស់លោកស្រីបែបនេះ ធ្វើឡើងបន្ទាប់ពីការព្រមានដ៏ព្រឺព្រួចរបស់មន្ត្រីជាន់ខ្ពស់រុស្ស៊ី រួមទាំងប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន ថា ការគាំទ្រយោធារបស់លោកខាងលិចចំពោះអ៊ុយក្រែន បង្កើនហានិភ័យនៃជម្លោះនុយក្លេអ៊ែរដ៏មហន្តរាយ។
លោកស្រី Zakharova បាននិយាយនៅក្នុងសន្និសីទកាសែតជាទៀងទាត់ថា «យើងនឹងធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបានដើម្បីការពារព្រឹត្តិការណ៍ពីការអភិវឌ្ឍទៅរកសេណារីយ៉ូដ៏អាក្រក់បំផុត ប៉ុន្តែមិនមែនដោយការចំណាយលើការរំលោភផលប្រយោជន៍សំខាន់របស់យើងនោះទេ»។
អ្នកនាំពាក្យរូបនេះបានបន្ថែមថា «ខ្ញុំមិនណែនាំឱ្យនរណាម្នាក់សង្ស័យលើការប្ដេជ្ញាចិត្តរបស់យើង ហើយយកវាទៅសាកល្បងក្នុងការអនុវត្តនោះទេ»។
លោកស្រីបានសង្កត់ធ្ងន់ថា «ពួកគេ (សហរដ្ឋអាមេរិក) បន្តរំលោភបំពានដោយចេតនាលើផលប្រយោជន៍ជាមូលដ្ឋានរបស់យើង ដោយមានចេតនាបង្កើតនិងធ្វើឱ្យហានិភ័យកាន់តែធ្ងន់ធ្ងរឡើងក្នុងការប្រឈមមុខជាមួយរុស្ស៊ី…»។
អតីតប្រធានាធិបតីរុស្ស៊ី លោក ឌីមីទ្រី មេដវេដេវ ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់លោក ពូទីន បាននិយាយនៅដើមសប្តាហ៍នេះថា ពិភពលោកគឺ «ទំនងជាជិតឈានទៅដល់សង្រ្គាមពិភពលោកថ្មីមួយមែនទែនហើយ»។
រុស្ស៊ីបានរិះគន់យ៉ាងខ្លាំងចំពោះការផ្គត់ផ្គង់សព្វាវុធរបស់លោកខាងលិចដល់អ៊ុយក្រែន និងការពង្រីកសម្ព័ន្ធភាពយោធារបស់អង្គការណាតូនៅជិតព្រំដែនរបស់ខ្លួន។ ប្រទេសហ្វាំងឡង់ដែលមានព្រំដែនវែងជាមួយរុស្ស៊ីបានក្លាយជាសមាជិកទី៣១នៃអង្គការណាតូក្នុងខែនេះ ខណៈដែលអ៊ុយក្រែនខ្លួនឯងក៏ចង់ចូលរួមផងដែរ បើទោះបីជាប្រទេសនេះប្រឈមមុខនឹងការប្រឆាំងពីប្រទេសមួយចំនួនក៏ដោយ៕ ដោយធីរីណា
រូបថត : TTXVN