លេចចេញការវែកញែកពេញបណ្តាញសង្គមមុននេះក្រោយពីមានការជជែកគ្នាច្រើនជុំវិញករណីជីវិតរបស់តារាសម្តែង ឌី សូនីតា ពិសេសពាក់ព័ន្ធនឹងចំណងស្នេហារវាងនាងនិងតារាសម្តែង ចន អេឡិចហ្សូរ៉ានោះ។ មានទស្សនិកជនជាច្រើនសង្ស័យថាតារាប្រុសរូបនេះមិនមែនជាឪពុកបង្កើតរបស់កូនស្រីនាងឡើយ ដែលផ្ទុះការសង្ស័យនេះនាំឲ្យនាងបញ្ចេញសារវែងអន្លាយមួយរៀបរាប់ពីជីវិតនាង។
ក្រោយពីមានតារាស្រីម្នាក់បានកោះកកាយរឿងជីវិតគ្រួសាររបស់តារាស្រី ឌី សូនីតា ថាការពិតទៅ លោក អេឡិចហ្សូរ៉ាមិនមែនជាប៉ាពិតប្រាកដរបស់កូននាងទេ គឺជាបុរសខ្មែររស់នៅ អូស្រ្តាលីទៅវិញ។ ដែលរឿងនេះបានធ្វេីអោយ តារាស្រី ឌី សូនីតា នៅមិនសុខ ទាំងយប់ ហើយក៏បានចេញមុខ បកស្រាយភ្លាម ដោយបានភ្ចាប់សារយ៉ាងវែងអន្លាយថា ថ្ងៃនេះទូរស័ព្ទខ្ញុំជិតផ្ទុះដោយសារមានសារជាច្រើនផ្ញើមក មើលហើយក៏ស្លុតចិត្ត ជាពិសេសលឺម្តាយទាំងសងខាងរបស់ពួកខ្ញុំឆាតមក។ ខ្ញុំមានអារម្មណ៍ថាខុសធ្ងន់ទៀតហើយដែលធ្វើអោយពួកគាត់ពិបាកចិត្តដោយសារទង្វើរបស់ពួកខ្ញុំ។ មានមនុស្សជាច្រើនដែលចង់ដឹងរឿងរបស់ពួកខ្ញុំ ហើយពួកខ្ញុំមិនទម្លាប់យករឿងដែលអវិជ្ជមានបង្ហាញនៅលើបណ្តាញសង្គមទេ។ ពួកខ្ញុំខំស្ងាត់កន្លងមកក៏ដោយសារតែគិតថារឿងរបស់ពួកខ្ញុំ អ្នកណាខុសរឺត្រូវក៏ជារឿងរបស់ពួកខ្ញុំ ជីវិតរបស់ពួកខ្ញុំ ការពិតបែបណាទោះបីបង្ហាញរឺមិនបង្ហាញអោយគេដឹងក៏នៅតែជារឿងរបស់ពួកខ្ញុំ ពួកខ្ញុំអ្នកជួប ពួកខ្ញុំអ្នកដោះស្រាយ។ ចម្លែកអីតែបងស្រីនោះយករឿងរបស់ពួកខ្ញុំមកវែកញ៉ែករកហេតុផល ។ បងស្រីខ្ញុំនិយាយត្រង់ ខ្ញុំមិនដែលមានរឿងជាមួយបងសូម្បីតែម្តង ទោះបីជាកន្លងមកបងបានធ្វើអ្វីខ្លះនិងនិយាយអ្វីខ្លះដាក់ខ្ញុំក៏ខ្ញុំនៅតែមិនមាត់។ ហើយបងដឹងថាខ្ញុំដឹងរឿងមកពីណាទេ គឺបងប្រុសជាអ្នកប្រាប់ខ្ញុំ ហើយអោយខ្ញុំស្ងាត់ រហូតមកដល់ពេលនេះ។ ពេលដែលពួកខ្ញុំបញ្ជប់ទំនាក់ទំនងជាង១ឆ្នាំមកហើយ បងក៏វ៉ៃប្រហាខ្ញុំចំមុខតែម្តង។ បងស្រី និយាយមកហាក់ដឹងច្បាស់ថាជីវិតពួកខ្ញុំពីរនាក់បានជួបរឿងអីខ្លះចឹង នៅមកភ្ជាប់ប្រធានបទកូនស្រីខ្ញុំចូលទៀត។ ខ្ញុំបញ្ជាក់ប្រាប់បងដោយបើកចំហដែរចុះថា ទោះកូនខ្ញុំឪពុកជាអ្នកណាក៏ជារឿងរបស់ពួកខ្ញុំ សំខាន់ពួកខ្ញុំទទួលនឹងប្រឈមមុខទៅថ្ងៃមុខជាមួយគ្នាបែបណា? ពួកខ្ញុំបានដើរតួរនាទីធ្វើឪពុកម្តាយគេបានដោយល្អកំរឹតណា? ដោយមានទំនួលខុសត្រូវបែបណា? បន្ទាប់ពីការដែលខ្វែងគំនិតគ្នា មានរឿងជាច្រើនដែលកើតឡើងក្នុងជីវិតពួកខ្ញុំ ពួកខ្ញុំក៏សម្រេចចិត្តបញ្ចប់ បញ្ចប់ដោយស្ងប់ស្ងាត់ ដោយអភ័យ ដោយសតិវិធី ដោយអស់ចិត្ត ហើយមិនព្យាយាមលាតត្រដាងទេ ព្រោះគិតដល់កូន។ ហេតុអីពេលនេះបងទើបមកបើកកកាយវែកញ៉ែក? ខ្ញុំគិតថាបងជាម្តាយគេមួយរូប បងគួរតែយល់ក្នុងនាមជាម្តាយ តែមើលទៅបងហាក់ដូចជាចង់បានអ្វីម្យ៉ាងទាំងដែលមិនមែនរឿងរបស់បង។ បងនិយាយមកហាក់ទាមទាយុត្តធម៌អោយបងសូរ៉ា ទាំងដែលបងមិនបានដឹងហេតុផលពួកយើងទាំងពីរអោយច្បាស់នៅឡើយ។ បងគិតតែប៉ុននេះចុះ ជីវិតមួយនេះវាមិនស្រស់បំព្រងដូចអ្វីដែលយើងគិតនិងប៉ងទេ គ្មានអ្នកណាម្នាក់ចង់មានរឿងអោយឈឺក្បាលទេ ពួកខ្ញុំក៏មិនទម្លាប់ចង់ល្បីដោយរឿងមិនល្អដែរ។ ពួកខ្ញុំបានមកដល់ដំណាក់កាលនេះមិនមែនតិចដងទេដែលពួកយើងព្យាយាមផ្សះផ្សាគ្នារកចំនុចកណ្តាលដើម្បីបន្ត ប៉ុន្តែជីវិតពួកខ្ញុំក៏វាមិនដូចអ្វីដែលមហាជនក៏ដូចជាបងស្រីគិត រឿងពួកខ្ញុំវានៅតែជារឿងពួកខ្ញុំដដែល ទោះបីបងគិតថាដឹងច្បាស់ក៏នៅតែមិនច្បាស់។ មនុស្សពីរនាក់បើសុទ្ធតែជាអ្នកត្រូវ ក៏មិនបែកបាក់គ្នាដែរ វាមានហេតុនិងផល ហើយហេតុផលអស់ទាំងនោះគឺនៅតែជារឿងផ្ទៃក្នុងរបស់ពួកខ្ញុំ សំខាន់ថាតើយើងរើសផ្លូវមួយណាដែលជាជម្រើសល្អសម្រាប់រវាងគ្នានិងគ្នា។ មកដល់ពេលនេះខ្ញុំមិនដែលនិយាយថាអ្នកណាត្រូវអ្នកណាខុស ដឹងតែម្យ៉ាងគឺបញ្ចប់ទំនាក់ទំនងរួចហើយ។
នាងបន្តថាបងសូរ៉ាជាមនុស្សតែម្នាក់ដែលមិនទម្លាប់និយាយរឿងអវិជ្ជមានរបស់ខ្លួនទៅកាន់ក្រុមគ្រួសារទេ ព្រោះគាត់ស្រលាញ់ម្តាយគាត់ណាស់ ហើយដោយសារតែបែបនេះទើបពួកខ្ញុំក៏មិនចង់បង្ហាញពីរឿងអវិជ្ជមានមួយយចំនួនទៅកាន់ពួកគាត់ដែរ រឿងរបស់ពួកខ្ញុំមួយចំនួន សូម្បីតែអ្នកម្តាយពួកយើងក៏មិនដឹងផង។ ពួកគាត់ចាស់ៗហើយ មិនគួរមកពិបាកចិត្តខ្លាំងដោយសារពួកខ្ញុំ តែទីបញ្ចប់បងស្រីក៏លើកយករឿងហ្នឹងមកវែកញ៉ែកអោយគ្រួសារខ្ញុំទាំងពីរពិបាកចិត្តរហូតដល់ប៉ះពាល់អារម្មណ៍ពួកគាត់។ បងស្រីមិនខ្លាចបាបកម្មដោយមិនដឹងខ្លួនដោយសារតែទង្វើដែលឈឺឆ្អាលរឿងរបស់អ្នកដទៃហួសហេតុចឹងទេ?ខ្ញុំពិតជាសោកស្តាយនៅកំហុសរបស់ខ្ញុំដែលធ្វើជាម្តាយគេមិនបានល្អហើយអោយគេលើកយកកូនមកធ្វើជាប្រធានបទបែបពេបជ្រាយគាត់ទាំងដែលគាត់មិនទាន់ដឹងអី ឈឺណាស់ឈឺពិតមែន។
គួរបញ្ជាក់ដែរថា ចំណងស្នេហារវាង ឌី សូនីតា និងចន អេឡិចហ្សូរ៉ា បានប្រកាសជាសាធារណៈអស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ ប៉ុន្តែត្រូវបានទស្សនិកជនសង្ស័យថាជារឿងមិនពិតរហូតដល់ចុងឆ្នាំ២០១៩ នាងសម្រាលបានកូនស្រីម្នាក់ ក៏ អេឡិច ហ្សូរ៉ាទទួលស្គាល់ដែរថាជាកូនស្រីដែលជាតំណក់ឈាមរួមគ្នាជាមួយ ឌី សូនីតា ប៉ុន្តែមួយរយៈចុងក្រោយនេះពួកគេហាក់ចែកផ្លូវគ្នាដើរលែងផ្អែមល្ហែមស្និទ្ធស្នាលដូចមុន៕