ខេត្តពោធិ៍សាត់៖ មុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀនម្នាក់ បានប្រើកញ្ចប់កាហ្វេ ដេីម្បីលាក់ទុកគ្រឿងញៀន បិតបាំងភ្នែកសមត្ថកិច្ច ប៉ុន្តែទោះជាយ៉ាងណាក៏គេចមិនផុត ត្រូវកម្លាំងសមត្ថកិច្ចស្រាវជ្រាវចាប់ឃាត់ខ្លួនយកមកដាក់ទោសតាមច្បាប់។ នេះបេីយោងតាមប្រភពព័ត៍មានពីអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងនៅព្រឹកថ្ងៃចន្ទទី០១ ខែឧសភា ឆ្នាំ២០២៣។
ប្រភពដដែលបន្តថា ដោយអនុវត្តជាប្រចាំតាមមតិចង្អុលការណែនាំរបស់លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ ស្ដីពីការការពារសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឲ្យកាន់តែល្អប្រសើរនោះ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងខ្នារសហការជាមួយជំនាញស្រុកបានចុះបង្ក្រាបករណីជួញដូរ រក្សាទុក និងប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចអាហារដ្ឋានមាត់ស្ទឹង ស្ថិតនៅភូមិខ្នាចរមាស ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់ កាលពីរសៀលថ្ងៃអាទិត្យទី៣០ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង១៦និង១៣នាទី។
លោកអធិការ នាង វុធ បានឱ្យដឹងថា សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់-ឈ្មោះ ម៉ង់ ងេវ (ហៅលេវ) ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិបឹងប្រិយ៍ ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់នឹងវត្ថុតាង ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន០៤កញ្ចប់(ទម្ងន់១,៧៩ក្រាម សាច់ថ្នាំសុទ្ធ) ប្រដាប់ជក់០១កំប្លេ អំពូលសំរាប់ជក់០១កំណាត់ ទូរស័ព្ទ ០១គ្រឿង កន្រ្តៃចំនួន០១ថង់ រំលែកថ្នាំមួយចំនួន។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងសមត្ថកិច្ចបានបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកបាកានដេីម្បីចាត់ការតាមនីតិវិធី៕ ដោយ៖សហការី