ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកគិរីវង់ ធ្វេីការឃាត់ខ្លួនកាលពីវេលាម៉ោង ២៣និង២០នាទី ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣ ស្ថិតក្នុងភូមិកំពង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ ពាក់ព័ន្ធករណីអំពើលួច(ម៉ូតូ) ។
ជនសង្ស័យខាងលេីមានឈ្មោះ ចាន់ ផានិត ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិជ្រោយស្លែង ឃុំគិរីចុងកោះ ស្រុកគិរីវង់ ខេត្តតាកែវ បានធ្វើសកម្មភាពលូចម៉ូតូរបស់កងកម្លាំងនៅអធិការដ្ឋាននគរបាលស្រុកគិរីវង់ អំឡុងពេលដែលកម្លាំងសមត្ថកិច្ចកំពុងសម្រាកលង់លក់ ដែលជាកម្មសិទ្ធិរបស់ឈ្មោះ ម៉ុក ភីរម្យ ភេទប្រុស អាយុ៣៨ឆ្នាំ (មុខរបរមន្រ្តីនគរបាលជាតិ នៃអធិការដ្ឋាននគរបាលស្រុកគិរីវង់ ) មានទីលំនៅភូមិកំពង់ ឃុំព្របាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ ។ តែត្រូវកងកម្លាំងភ្ញាក់ទាន់ឃើញជនសង្ស័យកំពុងធ្វើសកម្មភាពក៏បានឃាត់ខ្លួនតែម្តង ក្នុងនោះ ដោយបានការយកចិត្តទុកដាក់ពីសំណាក់លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលពីលោក ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ លោកវរសេនីយ៍ឯក យុគ សារ៉ាត់ អធិការនគរបាលស្រុកបានចាត់ឱ្យលោកវរសេនីយ៍ទោ យ៉ាង តារា អធិការរង និងលោកវរសេនីយ៍ត្រី នៅ នី អធិការរង ធ្វើការឃាត់ខ្លួនសួរនាំ ។ ម៉ូតូដែលជនសង្ស័យលួចម៉ាក (វីស្ទុន ពណ៌ស្លែ ) (ម៉ូតូវៀតណាម) ។
គួរបញ្ជាក់ថា៖ មុនធ្វើសកម្មភាពលួចម៉ូតូនៅអធិការដ្ឋាននគរបាលស្រុកគិរីវង់ជនសង្ស័យក៏បានចូលលួចឧបករណ៍មួយ ចំនួននៅមន្ទីរពេទ្យបង្អែកស្រុកគិរីវង់ និងបន្តមកធ្វើសកម្មភាពលួចម៉ូតូនៅអធិការដ្ឋានតែជាប់អន្ទាក់សមត្ថកិច្ចស្រុកគិរីវង់តែម្តង ។
បច្ចុប្បន្ននេះ សមត្ថកិច្ចជំនាញកំពុងធ្វើការសាកសួរនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕
ដោយ៖ ភារ៉ា ដង្កោ