ភ្នំពេញ : អង្គការអន្តរជាតិទេសន្តរប្រវេសន៍ (International Organization for Migration-IOM) បានអះអាងអំពីការផ្ដល់ការគាំទ្រ និង ជំនួយរបស់ខ្លួនដល់កម្ពុជា ដើម្បីជំរុញដល់ការគ្រប់គ្រងទេសន្តរប្រវេសន៍” នេះជាការបញ្ជាក់របស់ លោកស្រី Sarah Lou Arriola នាយកប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិកនៃអង្គការ IOM នៅក្នុងឱកាស ចូលជួបសម្តែងការគួរសមលោក លុយ ដាវីត រដ្ឋលេខាធិការក្រសួងការបរទេស និងសហ ប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង។
លោកស្រី Sarah Lou Arriola បានសម្តែងការអបអរសាទរចំពោះជោគជ័យនៃភាពជា ប្រធានអាស៊ានរបស់កម្ពុជា កាលពីឆ្នាំ២០២២ និងការទទួលធ្វើជាម្ចាស់ផ្ទះជាប្រវត្តិសាស្ត្ររៀបចំ 32nd SEA Games។ ជាមួយការកោតសរសើរពីកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងកម្ពុជា និង IOM លោកស្រីបានជម្រាបជូនពីការប្ដេជ្ញាចិត្តរបស់លោកស្រីក្នុងការថែរក្សាកិច្ចសហប្រតិបត្តិការយ៉ាង ល្អប្រពៃដែលមានស្រាប់នេះ និងបន្តធ្វើការងារយ៉ាងជិតស្និទ្ធជាមួយភាគីពាក់ពន្ធ័ទាំងអស់នៅក្នុង ការគ្រប់គ្រងទេសន្តប្រវេសន៍។ លោកស្រីក៏មានបំណងចង់ឃើញកិច្ចសហប្រតិបត្តិការយ៉ាងជិត ស្និទ្ធក្នុងចំណោមប្រទេសសមាជិកអាស៊ាន ក៏ដូចជារវាងអាស៊ាននិងក្រុមប្រឹក្សាកិច្ចសហប្រតិបត្តិការ ឈូងសមុទ្រ (Gulf Cooperation Council-GCC) ដើម្បីប្រឆាំងការរត់ពន្ធមនុស្ស ការរត់ពន្ធគ្រឿង ញៀន និងការគ្រប់គ្រងត្រួតពិនិត្យតាមព្រំដែន។
លោក លុយ ដាវីត បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះដំណើរទស្សនកិច្ចរបស់លោកសី Sarah Lou Arriola នៅកម្ពុជា និងអបអរសាទរចំពោះលោកស្រី ដែលត្រូវបានតែងតាំងជានាយក ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិកនៃអង្គការ IOM កាលពីពេលថ្មីៗ នេះ។ លោករដ្ឋលេខាធិការបាន វាយតម្លៃខ្ពស់ចំពោះជំនួយគាំទ្ររបស់អង្គការ IOM ក្នុងការការពារជនទេសន្តរប្រវេសន៍កម្ពុជាដែល ងាយរងគ្រោះ ក៏ដូចជាការកសាងសមត្ថភាពនៅកម្ពុជា។ លោករដ្ឋលេខាធិការបានថ្លែងកោតសរសើរអង្គការ IOM ! ចំពោះកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធជាមួយអាជ្ញាធរថ្នាក់ជាតិ និងមូលដ្ឋាន កម្ពុជា និងដៃគូអភិវឌ្ឍន៍ក្នុងការផ្ដល់ជំនួយបន្ទាន់ដល់ពលករចំណាកស្រុកដែលវិលត្រឡប់មក កម្ពុជាវិញក្នុងកំឡុងវិបត្តិជាសាកលនៃការរាតត្បាតជំងឺកូវីដ-១៩។
នៅពេលបញ្ចប់ ភាគីទាំងពីរបានបញ្ជាក់ការប្ដេជ្ញាចិត្តសាជាថ្មីក្នុងការលើកកម្ពស់ថែមទៀត នូវកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងកម្ពុជា និង IOM៕
ដោយ : សិលា