ផ្ទុះយ៉ាងខ្លាំងបណ្តាលឲ្យក្រឡាប់រថភ្លើងដឹកទំនិញនៅព្រំដែនរុស្ស៊ីជាមួយអ៊ុយក្រែន

ចែករំលែក៖

អាជ្ញាធររុស្ស៊ីបាននិយាយថា រថភ្លើងដឹកទំនិញចំនួន ២០គ្រឿងបានក្រឡាប់នៅតំបន់ភាគខាងលិចនៃទីក្រុង Bryansk ជាប់ព្រំដែនអ៊ុយក្រែន ដោយសារតែ “ការជ្រៀតជ្រែកដោយខុសច្បាប់” នៅទីនោះសម្រាប់ថ្ងៃទីពីរជាប់ៗគ្នា ពីសំណាក់អ៊ុយក្រែន។

ការផ្ទុះបានកើតឡើងនៅម៉ោងប្រហែល 5 និង 47 នាទីល្ងាចម៉ោងក្នុងស្រុកនៅថ្ងៃទី 2 ខែឧសភានៅពេលដែលរថភ្លើងដឹកទំនិញកំពុងធ្វើដំណើរឆ្លងកាត់ខ្សែរថភ្លើងនៅជិតស្ថានីយ Snezhetskaya ដែលមានទីតាំងនៅភាគអាគ្នេយ៍នៃទីក្រុង Bryansk ចម្ងាយប្រហែល 120 គីឡូម៉ែត្រពីព្រំដែនអ៊ុយក្រែន។ ហេតុការណ៍នេះបានធ្វើឱ្យខូចផ្លូវរថភ្លើង និងបណ្តាលឱ្យក្បាលរថភ្លើង ព្រមទាំងទូរថភ្លើងមួយចំនួនក្រឡាប់ ។
យោងតាមទីភ្នាក់ងារសារព័ត៌មាន Tass ក្រុមអ្នកពន្លត់អគ្គិភ័យ និងរថយន្តជួយសង្គ្រោះពីរគ្រឿងត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុ។ ការស៊ើបអង្កេតដំបូងមិនបានកត់ត្រាថាមានមនុស្សស្លាប់ក្នុងហេតុការណ៍នេះទេ។
អាជ្ញាធររុស្ស៊ីបានបញ្ជាក់ថា នេះជាករណីទី២ហើយនៃការបំផ្លិចបំផ្លាញផ្លូវដែកដែលបានរាយការណ៍នៅតំបន់ព្រំដែន Bryansk ក្នុងសប្តាហ៍កន្លងមកនេះ។ មួយថ្ងៃមុននេះ កាលពីថ្ងៃទី ១ ខែឧសភា ផ្នែកនៃផ្លូវដែកបានផ្ទុះនៅជិតស្រុក Unechsky ដែលបណ្តាលឱ្យរថភ្លើងដឹកទំនិញមួយទៀតបានក្រឡាប់និងឆេះ។
មន្ត្រីរុស្ស៊ីបានចោទប្រកាន់កងកម្លាំងអ៊ុយក្រែនថាបានបង្កើនការបាញ់ផ្លោងនិងការបំផ្លិចបំផ្លាញនៅក្នុងទឹកដីរបស់ប្រទេសរុស្ស៊ីនាពេលថ្មីៗនេះ។ ជនស៊ីវិល៤នាក់បានស្លាប់ និង២នាក់ទៀតរងរបួសក្នុងការវាយប្រហារដោយគ្រាប់រ៉ុក្កែតលើភូមិព្រំដែន Suzemka ក្នុងទីក្រុង Bryansk កាលពីថ្ងៃទី១ ខែឧសភា។
កាលពីថ្ងៃទី 2 ខែឧសភា ស្នងការរងប៉ូលិសនៃទីក្រុង Melitopol ក្នុងតំបន់ Zaporizhzhia ដែលភ្ជាប់ជាមួយប្រទេសរុស្ស៊ីកាលពីខែតុលាឆ្នាំមុន បានរងរបួសដោយការផ្ទុះមីននៅច្រកទ្វាររបស់គាត់។ នៅថ្ងៃដដែលនោះ សេវាសន្តិសុខរុស្ស៊ីក៏បានចាប់ខ្លួនជនសង្ស័យបីនាក់ដែលត្រូវបានចោទប្រកាន់ពីបទសម្លាប់មន្ត្រីប៉ូលិសម្នាក់ទៀតកាលពីសប្តាហ៍មុន៕ ដោយធីរីណា

...

រូប​ថត​ : vk.com

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print