ខេត្តកំពង់ធំ៖ បុរស់ម្នាក់ដែលភូមិអះអាងថាមានជម្ងឺសសៃរប្រសាទ ហើយដើរវង្វេងផ្លូវបានរអិលជើងធ្លាក់ ទឹកបឹង បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម។
ហេតុការណ៍សពអណ្តែតទឹកនេះ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញវេលាម៉ោងប្រមាណ១៣និង០០នាទី ថ្ងៃ ទី០២ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចបឹងអណ្ដូងនៃស្ទឹងព្រៃប្រស់ ស្ថិតក្នុងភូមិព្រៃព្រាល(ក) ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
យោងតាមសាក្សីជាប្រជាពលរដ្ឋបានជួបបុរសជនរង គ្រោះខាងលើ ពេលព្រលប់មុនថ្ងៃកើតហេតុ ជនរងគ្រោះបានប្រាប់គាត់ថា មានស្រុកកំណើតនៅខេត្តបាត់ដំបង និងមានប្រពន្ធនៅខេត្តកំពតផងដែរ។ និយាយហើយក៏បន្តដំណើរទៅមុខទៀត រហូតដល់ថ្ងៃកើតហេតុបានទទួលព័ត៌មានថា បុរសនោះលង់ទឹកស្លាប់បាត់ហើយ។
ដោយឡែកសមត្ថកិច្ចស្រុកកំពង់ស្វាយ បញ្ជាក់ឲ្យដឹងថា ជនរងគ្រោះមិនស្គាល់អត្តសញ្ញាណ ភេទប្រុស អាយុប្រហែល ៣៨ឆ្នាំ កំពស់ប្រហែល១៧០សង់ទីម៉ែត្រសំបុរ ស្រអែម អត់អាវ ស្លៀកខោជើងវែងពណ៌ខ្មៅ និងមាន ស្នាមសាក់នៅលើស្មា លើខ្នង និង លើភ្លៅ ។ ដោយមិនមានសាច់ញាតិមកទំនាក់ទំនងទទួលយកសាកសព បច្ចុប្បន្នត្រូវបានប្រជាពលរដ្ឋយកមកបញ្ចុះនៅក្នុងវត្តប្រាសាទស្វាយព្រៃ ស្ថិតក្នុងភូមិត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
សមត្ថកិច្ចបញ្ជាក់ថាមូលហេតុដើរវង្វេងផ្លូវ ក៏រអិលធ្លាក់ ទឹកបឹងបណ្ដាលឲ្យលង់ស្លាប់តែម្ដង (សសៃរប្រសាទ)៕ ដោយ៖ សូរិយា