ភ្នំពេញ: បុរសម្នាក់បើករថយន្ដឡិចស៊ីស RX300 មួយគ្រឿងយ៉ាងលឿនក្នុងសភាពស្រវឹងស្រាជោកជាំ ក៏ជ្រុលទៅបុករះ រទេះលក់ពោតមួយគ្រឿង រថយន្ដវីហ្គូរមួយគ្រឿង និងរម៉ក់ម៉ូតូកង់បីមួយគ្រឿង បណ្ដាលឲ្យស្ត្រីពីរនាក់រងរបួសធ្ងន់ ហើយព្យាយាមបើករត់គេច តែត្រូវនាក់រត់រ៉ឺម៉កម៉ូតូកង់បីដេញតាមចាប់ជាប់តែម្តង ។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះដែរបានកើតឡើងកាលពីវេលាម៉ោង៨យប់ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០១៥ តាមបណ្ដោយវិថី ឧកញ្ញា ស៊ូរ ស្រ៊ុន កែងផ្លូវលេខ ២៤០ ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ។
តាមប្រភពពីសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញស្ត្រីម្នាក់លក់ពោតស្ងោរកំពុងដើររុញរទេះនៅចិញ្ចើមវិថី ឧកញ្ញា ស៊ូរ ស្រ៊ុន ទល់មុខនាយកដ្ឋាន អង្គរក្ស ភ្លាមនោះស្រាប់តែមានរថយន្ដមួយគ្រឿងម៉ាកវីហ្គូរ ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខ នគរបាល 2-1203 មកឈប់នៅក្បែរនោះដែរ ហើយត្រូវរថយន្ដបង្កម៉ាក់ ឡិចស៊ីស RX.300 ពណ៍ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2J-7788 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយវិថី ឧកញ៉ា ស៊ូរ ស្រ៊ុន ក្នុងទិសដៅពីត្បូងទៅជើង ស្ថិតក្នុងស្ថានភាពស្រវឹងយ៉ាងលឿនជ្រុលចង្កូតទៅបុករទេះលក់ពោតវិលមួយជុំ និងខ្ទាតទៅបះរថយន្ដវីហ្គោដែលនៅជិតគ្នាបណ្ដាលឲ្យស្ត្រីជាអ្នកលក់ពោតរងរបួសធ្ងន់ ហើយរថយន្ដបង្កបានព្យាយាមបើករត់គេចដល់ផ្លូវកែង និង២៤០បានទៅបុករ៉ឺម៉ក់ម៉ូតូកង់បីមួយគ្រឿងទៀតដែលធ្វើដំណើរតាមបណ្ដោយផ្លូវ២៤០ទិសដៅពីលិចទៅកើតដោយមានភ្ញៀវកំពុងជិះ៥ទៅ៦នាក់ពេញទំហឹងបណ្ដាលអោយរ៉ឺម៉កកង់បីក្រឡាប់រងរបួសស្ត្រីម្នាក់ទៀតផងដែរ ។
បន្ទាប់មក ម្ចាស់រថយន្ដបានព្យាយាមបើករត់គេច រហូតដល់ផ្លូវ១៧៤ ក្បែរវត្តកោះ ក្នុងសង្កាត់បឹងរាំង ទើបក្រុមនាក់រត់កង់បីតាមស្ទាក់ចាប់បានតែម្ដង។ ចំណែកឯស្ត្រីរងគ្រោះ ពីរនាក់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមុន្ទីរពេទ្យ ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុ បានឃាត់អ្នកបើកបរយកទៅសួរនាំនៅប៉ុស្តិ៍បឹងរាំង និងបញ្ជូនបន្តទៅការិយាល័យចរាចរណ៍ រាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយតាមនិតិវិធី ៕ស ដារ៉ា