ខេត្តកណ្តាល : ករណីគ្រោះថ្នាក់ចរាចរណ៍ បើកបរក្នុងល្បឿនលឿន បានចាប់ហ្វ្រាំងបណ្តាលអោយដួលម៉ូតូ ហើយអ្នកបើកបរម៉ូតូដួលបោកក្បាលនៅនឹងផ្លូវ បណ្តាលអោយស្លាប់ និងរងរបួសធ្ងន់អ្នករួមដំណើរ ។ បើតាមរបាយការណ៍របស់ អធិការនគរបាលស្រុកពញាឮ រាយការណ៍ជូន លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាក់អោយដឹងថា, ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បង្ករទ្បើងដោយខ្លួនឯង(បើកម៉ូតូដួល)។ ភ្លាមៗនោះបណ្ដាលអោយ ស្លាប់ចំនួន ០១នាក់(ប្រុស) ស្លាប់នៅកន្លែងកើតហេតុ និងរងរបួសធ្ងន់ ០១នាក់(ស្រី)។
ដោយឡែកខូចខាតម៉ូតូ ០១គ្រឿង។
សមត្ថកិច្ចបានបញ្ជាក់ថា, កើតហេតថ្ងៃពុធ ១៤កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង១៩ និង១៥នាទី នៅលើផ្លូវលំក្រាលគ្រួសក្រហម ស្ថិតក្នុងភូមិពោធិ៍រ៉ាល ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល។
តាមរបាយការណ៍បញ្ជាក់ថា, នៅថ្ងៃ-ខែ-ឆ្នាំ វេលាម៉ោងកើតហេតុខាងលើ មានម៉ូតូមួយគ្រឿងម៉ាក HONDA SCOOPY ពណ៌ស ពាក់ផ្លាកលេខ កណ្តាល 1W-4935 បើកបរឈ្មោះ ជ្រេង សម្បត្តិ ភេទប្រុស អាយុ ២៥ឆ្នាំ មានទីលំនៅភូមិពញាឮ ឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្តាល(ពាក់មួកសុវត្ថិភាព-ស្លាប់នៅកន្លែងកើតហេតុ)។ មានអ្នករួមដំណើរជាមួយម្នាក់ឈ្មោះ ជ្រេង គឹមស្រៀន ភេទស្រី អាយុ ៣៦ឆ្នាំ មានទីលំនៅភូមិពញាឮ ឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្តាល(មិនពាក់មួកសុវត្ថិភាព-រងរបួសធ្ងន់)។ បើកបរមានទិសដៅពីលិច ទៅកើត លុះពេលបើកបរមកដល់ចំណុចកើតហេតុខាងលើ បើកបរក្នុងល្បឿនលឿន បានចាប់ហ្វ្រាំងបណ្តាលអោយដួលម៉ូតូ ហើយអ្នកបើកបរម៉ូតូដួលបោកក្បាលនៅនឹងផ្លូវ បណ្តាលអោយស្លាប់អ្នកបើកបរម៉ូតូ និងរងរបួសធ្ងន់អ្នករួមដំណើរ។
សាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកអ្នករងរបួសធ្ងន់ ត្រូវបានបញ្ជូនមកសង្រ្គោះនៅមន្ទីរពេទ្យភ្នំពេញ។
ចំពោះវត្ថុតាងម៉ូតូ ត្រូវបានយកមករក្សាទុកបណ្តោះអាសន្ននៅប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំបាត។
សូម បញ្ជាក់ថា ចំពោះគ្រោះថ្នាក់ចរាចរណ៍នេះ សមត្ថកិច្ចក៏បន្តស្រាវជ្រាវ ផងដែរ ៕
ដោយ៖ស្អាង ជ័យ