កម្ពុជា​-កូរ៉េ​៖​ ប្តេជ្ញាចិត្តបន្តកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធិ សំដៅពង្រឹង ពង្រីក និងជំរុញទំនាក់ទំនងសេដ្ឋកិច្ច-ពាណិជ្ជកម្ម និងវិនិយោគ រវាងប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត

ចែករំលែក៖

ភំ្នពេញ៖ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូន លោក Dr. PARK JUNG-WOOK ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដែលទើបទទួលបានការតែងតាំងថ្មី ចូលជួបសំដែងការគួរសម និងពិភាក្សាការងារព្រមទាំងផ្លាស់ប្តូរយោបល់លើការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច​ កាលពីព្រឹកថ្ងៃ៣ ខែឧសភាម្សិលមិញនេះ​ នៅទីស្តីការក្រសួងពាណិជ្ជកម្ម។

ជាកិច្ចចាប់ផ្ដើម លោករដ្ឋមន្រ្តី បានសម្តែងការអបអរសាទរ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោកឯកអគ្គរដ្ឋទូត ដែលទទួលបានការទុកចិត្តពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ តែងតាំងជាឯកអគ្គរដ្ឋទូតប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងបានថ្លែងអំណរគុណដល់ភាគីកូរ៉េ ដែលតែងតែជួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច និងសង្គម។

ជាមួយគ្នានេះ លោករដ្ឋមន្រ្តី សង្ឃឹមថា ក្នុងអាណត្តិរបស់ លោកឯកអគ្គរដ្ឋទូត ទំនាក់ទំនងទ្វេភាគីកម្ពុជា-កូរ៉េនឹងកាន់តែរីកចម្រើនបន្ថែមទៀត ជាពិសេសការជំរុញទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ។

ក្នុងជំនួបនេះដែរ លោករដ្ឋមន្ត្រី បានសម្តែងការពេញចិត្តនូវកំណើនពាណិជ្ជកម្មទ្វេភាគី ដែលសមិទ្ធផលនេះមានការរួមចំណែកយ៉ាងសំខាន់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ដែលបានចូលជាធរមានកាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅនេះ។ ក្នុងន័យនេះ លោករដ្ឋមន្រ្តី បានជំរុញឱ្យភាគីទាំងពីរ ចាប់ផ្តើមពិភាក្សា និងត្រៀមរៀបចំការចរចាលើសេវាកម្ម និងវិនិយោគ ដើម្បីជំរុញនិងលើកកម្ពស់កិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីបន្ថែមទៀត។

បន្ថែមពីនេះ លោករដ្ឋមន្រ្ដី ក៏បានជំរុញឱ្យភាគីទាំងពីរសហការគ្នាក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានាដែលភាគីទាំងពីរជាសមាជិកមានដូចជា អាសិប អាស៊ាន-កូរ៉េ ដើម្បីទាញយកប្រយោជន៍ និងបំពេញបន្ថែមឱ្យគ្នា។

ឆ្លៀតក្នុងឱកាសនោះ លោករដ្ឋមន្រ្តី ក៏បានសម្តែងការគាំទ្រដល់ការរៀបចំវេទិកាធុរកិច្ចកម្ពុជា-កូរ៉េឆ្នាំ២០២៣ ដែលគ្រោងនឹងរៀបចំឡើងនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ និងលើកទឹកចិត្តឱ្យបន្តសហការរៀបចំវេទិកាធុរកិច្ចនេះឱ្យបានច្រើនបន្ថែមទៀត ដើម្បីផ្សព្វផ្សាយ និងទាក់ទាញវិនិយោគិនពីកូរ៉េនិងបរទេសឱ្យមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា។

ជាការឆ្លើយតប លោកឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោករដ្ឋមន្រ្តី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកទទួលជួបគណៈប្រតិភូកូរ៉េ នាពេលនេះ និងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏ល្អប្រសើររវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម។

ជាមួយគ្នានេះ លោកឯកអគ្គរដ្ឋទូត ក៏បានគាំទ្រនូវអនុសាសន៍របស់ លោករដ្ឋមន្រ្តី ក្នុងការទាញយកប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងកិច្ចព្រមព្រៀងនានាដែលភាគីទាំងពីរជាសមាជិក តាមរយៈការផ្សព្វផ្សាយ សិក្ខាសាលា ការកសាងសមត្ថភាពមន្រ្តីជំនាញពាក់ព័ន្ធនានា ជាដើម។

ទន្ទឹមនឹងនោះ លោកឯកអគ្គរដ្ឋទូត ក៏បានថ្លែងអំណរគុណដល់កម្ពុជា ដែលតែងតែជួយគាំទ្រកូរ៉េលើបេក្ខភាពរបស់កូរ៉េក្នុងព្រឹត្តិការណ៍នានាកន្លងមក និងប្តេជ្ញាបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី ក៏ដូចជាការកៀរគររកវិនិយោគិនកូរ៉េនិងបរទេសមកវិនិយោគនៅកម្ពុជាឱ្យកាន់តែច្រើនបន្ថែមទៀត។

...

នៅកិច្ចបញ្ចប់ ភាគីទាំងពីរបានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តបន្តកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធិ សំដៅពង្រឹង ពង្រីក និងជំរុញទំនាក់ទំនងសេដ្ឋកិច្ច-ពាណិជ្ជកម្ម និងវិនិយោគ រវាងប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត៕ ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print