ខេត្តកណ្ដាល៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាថ្ងៃព្រហស្បតិ៍ ១៥ កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៣ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបុណ្យវិសាខបូជា ប្រារព្ធនៅសាលាបុណ្យជើងភ្នំព្រះរាជទ្រព្យ ស្ថិតនៅឃុំផ្សាដែក ស្រុកពញាឭ ខេត្តកណ្ដាល។
ពិធីបុណ្យវិសាខបូជានាឱកាសនេះ បានប្រាព្ធឡើងដោយមានការយាង និងអញ្ជើញចូលរួមពី សម្ដេចព្រះអភិសិរី សុគន្ធា មហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្ដេចព្រះមហាសង្ឃរាជ នៃគណធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចព្រះមន្រ្តីសង្ឃ ឯកឧត្តម រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា ថ្នាក់ដឹកនាំក្រសួងស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងពុទ្ធបរិស័ទជាច្រើនរូបទៀត។
ពិធីបុណ្យវិសាខបូជា គឺការរម្លឹកដល់ព្រឹត្តិការណ៍ដ៏ពិសេសចំនួន ៣ ទាក់ទងនឹងព្រះសមា្មសម្ពុទ្ធ។ ព្រឹត្តិការណ៍ទាំងនោះរួមមាន ការប្រសូត ការត្រាស់ដឹង និងការចូលបរិនិព្វាន។ ព្រះពុទ្ធ មានព្រះនាមដើមថា សិទ្ធត្ថ ជាព្រះរាជបុត្រារបស់ព្រះនាង សិរិមហាមាយា និងព្រះបាទ សុទ្ធោទនៈ។ ព្រះអង្គ ត្រូវបានគេហៅព្រះនាមជាច្រើនទៀត ដូចជា ព្រះសម្មាសម្ពុទ្ធ, ព្រះសមណគោតម, ព្រះជិនស្រី, ព្រះសក្យមុនី, ព្រះបរមគ្រូ, ព្រះសាស្តាជាដើម។
ព្រះសមា្មសម្ពុទ្ធ ព្រះអង្គ ទ្រង់ប្រសូត នៅថ្ងៃសុក្រ ពេញបូណ៌មី ខែវិសាខ មុនគ្រិស្តសករាជចំនួន ៦២៣ ឆ្នាំ។ នៅពេលមានព្រះជន្ម ២៩ព្រះវស្សា ព្រះសិទ្ធត្ថ បានយាងទៅសាងផ្នួស។ ក្រោយពីក្លាយខ្លួនជាអ្នកបួសអស់រយៈពេល ៦ឆ្នាំ ព្រះអង្គក៏បានត្រាស់ដឹងកា្លយជាព្រះពុទ្ធ នៅថ្ងៃពុធ ពេញបូណ៌មី ខែវិសាខនាវេលាទៀបភ្លឺ។
ព្រះបរមគ្រូនៃយើង ទ្រង់ចូលបរិនិព្វាន នៅថ្ងៃអង្គារ ពេញបូណ៌មី ខែវិសាខ នៅពេលដែលព្រះអង្គមានព្រះជន្ម ៨០ ព្រះវស្សា។ រហូតមកដល់ពេលនេះ ព្រះសក្យមុនី បានរលត់សង្ខារអស់រយៈពេល ២៥៦៦ ឆ្នាំហើយ៕ ដោយ៖សហការី