ភ្នំពេញ ៖ បុរសម្នាក់ជាអ្នករើសអេតចាយបានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុគួរឱ្យអាណោចអាធ័ម បន្ទាប់ពីជិះម៉ូតូបោះពួយយ៉ាងលឿនជ្រុលទៅបុករថយន្តបែនដឹកខ្សាច់ពីក្រោយពេញទំហឹងរីឯរថយន្តបន្តបើកទៅមុខគេចបាត់ស្រមោល ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧ និង៣០នាទីយប់ថ្ងៃព្រហស្បតិ៍ ទី៤ ខែឧសភា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
សពជនរងគ្រោះមានឈ្មោះញឹក ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបររើសអេតចាយ ស្នាក់នៅតំបន់មិនរៀបរយ ដោយប្រក់តង់អែបចិញ្ចើមផ្លូវ៦០ម៉ែត្រ ក្បែរកន្លែងកេីតហេតុ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះជិះម៉ូតូម៉ាក ស្មាស់រីវ៉ូ ពណ៌ខ្មៅពាក់ផ្លាកលេខកណ្ដាល1 K -8922 ធ្វើដំណើរតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើក៏ជ្រុលទៅបុករថយន្តបែនដឹកខ្សាច់មិនចាំស្លាកលេខ ពីក្រោយពេញទំហឹងបណ្ដាលឱ្យជនរងគ្រោះបោកក្បាលបែកស្លាប់ភ្លាមៗ ចំណែកអ្នកបើករថយន្តក៏មិនបានដឹងម៉ូតូបុកពីក្រោយដែរបានបើកបន្តទៅមុខបាត់ស្រមោលតែម្ដង ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌមានជ័យ បានចុះមកធ្វើកំណត់ហេតុប្រគល់សពឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកម៉ូតូជនរងគ្រោះត្រូវបានសមត្ថកិច្ចយកទៅរក្សាទុករង់ចាំធ្វើការស្រាវជ្រាវរករថយន្ត ដេីម្បីឱ្យម្ចាស់ចូលខ្លួនមកដោះស្រាយគ្នាតាមច្បាប់ ៕ ដោយ ៖ ភារ៉ា ដង្កោ