ភ្នំពេញ ៖ ប្រជាពលរដ្ឋកម្ពុជារាប់ម៉ឺននាក់ នៅក្នុងរាជធានីភ្នំពេញ និងមកពីបណ្តាខេត្តក្នុងប្រទេសកម្ពុជា នាព្រឹកថ្ងៃទី០៦ ខែ ឧសភា ឆ្នាំ២០២៣ នេះបានសម្រុកមកទទួលយកសំបុត្របាល់ទាត់ នៅក្នុងបរិវេណ ពហុកីឡដ្ឋានជាតិអូឡាំកពិក ចាប់តាំងពីម៉ោង២ជាងទាបភ្លឺមកម្លេះ។
ជាក់ស្ដែងនៅក្នុងបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិក ប្រជាពលរដ្ឋដែលមករង់ចាំទទួលយកសំបុត្រ បានបញ្ជាក់ឲ្យដឹងថា ពួកគាត់មកយកសំបុត្របាល់ទាត់នេះ គឺ ក្រោងតាំងពីម៉ោង២មកម្លេះ ដោយធ្វើដំណើរមកពហុកកីឡដ្ឋានជាតិអូឡាំពិក ដើម្បីរងចាំទទួលយកសំបុត្រចូលទស្សនា ។ ពួកគាត់ពិតជារំភើបខ្លាំងណាស់ ចំពោះការផ្តល់សំបុត្រ ដោយឥតគិតថ្លៃ ដើម្បីចូលទស្សនា និងបានគាំទ្របាល់ទាត់កម្ពុជាប៉ះ ប្រទេសមីយ៉ាន់ម៉ាវគ្គសន្សំពូលអេ ។ បើទោះបី ពួកគេត្រូវ ក្រោកពីម៉ោង២មករងចាំទទួលយកសំបុត្រក៏សប្បាយចិត្តក្នុងនាមប្រជាពលរដ្ឋម្ចាស់ផ្ទះ និងជាអ្នកគាំទ្រ ពួកគេបានជូនពរឲ្យក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាឈ្នះឡើងទៅវគ្គបន្ត ដើម្បីឈានដល់ការប្រជែងដណ្តើមមេដាយជូនជាតិ។
សម្រាប់ ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ប្រភេទកីឡាបាល់ទាត់ ដែលត្រូវប្រកួតនៅថ្ងៃទី៧ ខែ ឧសភា ស្អែកនេះ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ប៉ះ ក្រុមបាល់ទាត់ជម្រើសជាតិប្រទេសមីយ៉ាន់ម៉ាវគ្គសន្សំពិន្ទុក្នុងពូលអេ ប្រសិនបើកម្ពុជាឈ្នះមីយ៉ាន់ម៉ា បានឡើងទៅវគ្គខ្វែងពូលតែម្តង បើទោះបីសល់មួយប្រកួត ប៉ះជាមួយក្រុមបាល់ទាត់ជម្រើស ប្រទេសឥណ្តូនេស៊ីនៅថ្ងៃទី១០ ខែ ឧសភា ឆ្នាំ២០២៣ខាងមុខនេះក៏ដោយ ។
សូមបញ្ជាក់ថា សំបុត្រដែលចែកជូនប្រជាពលរដ្ឋអ្នកគាំទ្របាល់ទាត់កម្ពុជានៅថ្ងៃទី៦ ខែ ឧសភា ឆ្នាំ២០២៣ មាន ២២៥០០សន្លឹក៕ ដោយ ៖ ភារ៉ា ដង្កោ