ខេត្តកណ្តាល : នៅព្រឹកថ្ងៃអាទិត្យ ០៣ រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ០៧ ខែឧសភា ឆ្នាំ ២០២៣ នេះ លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកពញឮ ខេត្តកណ្តាល រួមជាមួយលោកអភិបាលស្រុកពញាឮ បានអញ្ជេីញចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់សាលារៀនអនុវិទ្យាល័យ ១ ខ្នង មាន៨ បន្ទប់ តម្លៃ ១៤២.៧០០ ដុល្លារអាមេរិក ស្ថិតក្នុងវិហារឃ្លាំងស្បែក ភូមិឃ្លាំងស្បែក ឃុំកំពង់លួង ស្រុកពញាឮ ដែលជាអំណោយសប្បុរសធម៌ដ៏ថ្លៃថ្លារបស់លោករដ្ឋមន្រ្តី ។
សូមបញ្ជាក់ថា, គិតត្រឹមថ្ងៃនេះ ការ ងារសាងសង់សម្រេចបានប្រមាណ ៨១% ហេីយគ្រោងនឹងបញ្ចប់ការងារសាងសង់ ១០០% នៅកំឡុងចុង ខែឧសភា ឆ្នាំ ២០២៣ នេះ ។ ក្នុងឱកាសអញ្ជេីញចុះពិនិត្យជាក់ស្តែងនេះ ឯកឧត្តមរដ្ឋមន្ត្រី បានទទួលយកនូវសំណូមពររបស់លោកគ្រូ អ្នកគ្រូ និងគណៈកម្មការសាលា ដោយបានឧបត្ថម្ភនូវ តុ កៅអី សម្រាប់សិស្សានុសិស្សសិក្សា ដល់សាលាអនុវិទ្យាល័យទាំង ៨ បន្ទប់ផងដែរ ។
សូមជម្រាបថា, ឆ្លៀតក្នុងឱកាសនេះ លោក រដ្ឋមន្រ្តី ក៏បានអញ្ជើញចូលរួមជួបសំណេះសំណាលជាមួយ គណៈចលនាកម្មករ-កម្មការិនីស្រុកពញាឮ បងប្អូនកម្មករ-កម្មការិនីប្រចាំឃុំទាំង ១១ នាក់ និងតំណាងមណ្ឌលតាមបណ្តាភូមិទាំង ១៥៩ នាក់ នៃស្រុកពញាឮ ៕
ដោយ : សុខ ខេមរា