បើករថយន្តវ៉ាជែងមិនមើលស្ថានភាពផ្លូវបណ្ដាលឲ្យបុកម៉ូតូនៅខាងមុខស្លាប់ម្នាក់និងរបួសធ្ងន់២នាក់

ចែករំលែក៖

ខេត្តកណ្ដាល: រថយន្តសាំយ៉ុងមួយគ្រឿង បើកវ៉ាជែងរថយន្តមួយគ្រឿងនៅខាងមុខ ជ្រុលទៅបុកម៉ូតូមួយគ្រឿងច្រាស់ទិសគ្នាពេញមួយទំហឹង បណ្ដាលឲ្យអ្នកបើកបរម៉ូតូម្នាក់ស្លាប់ រីឯអ្នករួមដំណើរ២នាក់ទៀតរងរបួសធ្ងន់។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ៩និង៤២នាក់ នៅចំនុចផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រ១៩-២០ ក្នុងភូមិ គគីរ ឃុំ គគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
មន្ត្រីនគរបាលចរាចរណ៍ស្រុកកៀនស្វាយបានឲ្យដឹងថា ជនរងគ្រោះស្លាប់ឈ្មោះ ជា សុភ័ក្រ ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិតាងូវលើ សង្កាត់និរោធ ខ័ណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បើកបរម៉ូតូម៉ាកHONDA SCOOPY-i ព៌ណខ្មៅ ប្រភេទស្រី ពាក់ផ្លាកលេខ 1HO-2173 មានអ្នករួមដំណើរ២នាក់ ទី១ ឈ្មោះ កែវ សុផន ភេទស្រី អាយុ ២៥ឆ្នាំ មានទីលំនៅភូមិតាងូវលើ សង្កាត់និរោធ ខ័ណ្ឌច្បារអំពៅ រាជធានីភ្នំពេញ(ត្រូវជាប្រពន្ធរងរបួសធ្ងន់) និងទី២ ឈ្មោះ រិទ្ធ សុភាព ភេទប្រុស អាយុ៣ឆ្នាំ មានទីលំនៅភូមិតាងូវលើ សង្កាត់និរោធ ខ័ណ្ឌច្បារអំពៅ រាជធានីភ្នំពេញ(ត្រូវជាកូនរងរបួសធ្ងន់)។ រីឯរថយន្តម៉ាកSSANG YONG ISTANA ព៌ណស ប្រភេទដឹកអ្នកដំណើរធុនតូច ពាក់ផ្លាកលេខ ស្វាយរៀង 2B-4735 បើកបរដោយឈ្មោះ ឌីម បូណា ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅ ភូមិទ័ពស្តេច ឃុំច្រេស ស្រុកមេសាង ខេត្តព្រៃវែង។
ប្រភពដដែលបន្តថា នៅថ្ងៃខែឆ្នាំវេលាម៉ោងខាងលើគេបានឃើញរថយន្តម៉ាក SSANG YONG ISTANA បើកមានទិសដៅពីអ្នកលឿងទៅភ្នំពេញ តាមផ្លូវជាតិលេខ១ ពេលបើកមកដល់ចំនុចកើតហេតុខាងលើបានបើកជែងរថយន្តមួយគ្រឿងទៀត រួចក៏រ៉េចង្កូតទៅខាងឆ្វេងបានបុកជាមួយម៉ូតូម៉ាក HONDA SCOOPY-i ព៌ណខ្មៅ បណ្តាលអោយអ្នកបើកបរម៉ូតូស្លាប់ រីឯអ្នករួមដំណើរ២នាក់រងរបួសធ្ងន់ ត្រូវបានបងប្អូន បញ្ជូនទៅមន្ទីពេទ្យបង្អែកស្រុកកៀនស្វាយ ។
តាមការសន្និដ្ឋានរបស់សមត្ថកិច្ច ករណីនេះបណ្ដាលមកពីអ្នកបើកបររថយន្ត ធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុសប្រយ័ត្ន ប្រជែងចូលចំណែកផ្លូវនៃយានយន្តដែលបើកមកពីទិសដៅផ្ទុយ ក្នុងស្ថានភាពគ្រោះថ្នាក់៕ដោយ៖ ស្អាងជ័យ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print