ភ្នំពេញ ៖ កម្លាំងសមត្តកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៣ បានចាប់ខ្លួនមន្ត្រីយោធាម្នាក់បញ្ជូនទៅតុលាការពាក់ពន្ធករណីហិង្សាដោយចេត នាមានស្ថានទម្ងន់ទោស ដោយប្រើប្រាស់អាវុធបង្កឱ្យរងរបួសដល់អ្នកដទៃ ។
ជនសង្ស័យឈ្មោះ ស៊ិន សុវណ្ណរ៉េត ហៅ ឌុក ភេទប្រុស អាយុ៥៨ឆ្នាំ មុខរបរជាយោធា ស្នាក់នៅផ្ទះលេខ១០c ផ្លូវលេខ១០២ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។ ជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌឫស្សីកែវ ធ្វើការឃាត់ខ្លួនកាលពីព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ បន្ទាប់ពីជនសង្ស័យផ្ទុះអាវុធបណ្តាលឱ្យរងរបួសដល់មនុស្ស២នាក់ម្នាក់ជាកូននិងម្នាក់ជាប្អូនថ្លៃ ។
ករណីខាងលើនេះត្រូវបានសមត្តកិច្ចមូលដ្ឋានបានឱ្យដឹងថា តាមការរៀបរាប់របស់ជនសង្ស័យ កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៣នេះ គាត់បានជិះរថយន្ត១គ្រឿងម៉ាកនីសាន់ពណ៌ខ្មៅ មកពីចំការដែលស្ថិតនៅភូមិតាកែនកោះស្លា ស្រុកឈូក ខេត្តកំពត ។ លុះមកដល់ផ្ទះវេលាម៉ោងប្រមាណជាង១០យប់ ក៏បានឃើញក្រុមគ្រួសារមានការផឹកស៊ីជុំគ្នាជាច្រើននាក់ ក្នុងនោះមានដន្លង ប្រុស ដន្លងស្រី កូនប្រុសបង្កើត កូនប្រសាស្រី និងប្អូនថ្លៃ ព្រមទាំងប្រពន្ធរបស់ខ្លួន(ជនសង្ស័យ)នៅទីនោះផងដែរ ។ ឃើញដូច្នោះគាត(ជនសង្ស័យ)បានស្តីបន្ទោសទៅប្រពន្ធថា នៅចំការមានគេលួចយកអាគុយសូឡា កង់គោយន្ត និងយកគោយន្តទៅប្រើប្រាស់អត់គិតគូរសោះ គិតតែនាំគ្នាផឹកស៊ី ។ ពេលឮជនសង្ស័យជាឪពុកពោលដូច្នោះ កូនប្រុសបង្កើតបានតបទៅវិញដោយប្រើពាក្យសំដីមិនសមរម្យថា “ភ្លើ ! ដឹងថាអា២នាក់ចោរហើយនៅតែយកដាក់កន្លែងនោះទៀត បើល្ងង់អញ្ចឹងកុំចង់ធ្វើចេះ” ពេលនោះជនសង្ស័យបានតបវិញថា “អញឪពុកអ្ហែងកុំប្រើពាក្យអញ្ចឹង”តែកូនប្រុសនៅតែប្រើពាក្យដដែលៗ ធ្វើឲ្យជនសង្ស័យជាឪពុកមានចិត្តខឹង ក៏បានលើកដៃបម្រុងវាយកូន តែត្រូវមិត្តភក្តិចាប់ជាប់ ។ បន្ទាប់មកជនសង្ស័យបានដើរចេញក្រៅ ពេលនោះកូនប្រុសក៏ស្ទុះទៅវាយឪពុកចំភ្នែកខាងស្តាំបែកវ៉ែនតាប្រ៉ាវ ធ្វើឲ្យជនសង្ស័យជាឪពុកងងឹតមុខឈឹង និងបោកក្បាលផ្ទប់ទៅទ្វារផ្ទះ ព្រមជាមួយនោះកូនប្រុសបានទាត់ឪពុកត្រង់ចង្កេះមួយជើងទៀត បណ្តាលឱ្យដួលទៅលើឥដ្ឋការ៉ូ ។ ដោយទប់កំហឹងនឹងកូនប្រុសបង្កើតមិនបានធ្វើទង្វើដូច្នេះមកលើខ្លួន ជនសង្ស័យខំប្រឹងស្ទុះក្រោករត់ចេញសំដៅទៅរថយន្តនៅមុខផ្ទះដើម្បីយកកាំភ្លើងខ្លីម៉ាកកា៥៤មកបាញ់គំរាម ហើយត្រូវប្អូនថ្លៃចូលទៅឃាត់ តែទោះជាយ៉ាងណាជនសង្ស័យបានផ្ទុះអាវុធចំនួន៤គ្រាប់ បណ្តាលឱ្យកូនប្រុស និងប្អូនថ្លៃរងរបួសជាទម្ងន់ ត្រូវដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែកមន្ត្រីយោធាជាឪពុកត្រូវសមត្តកិច្ចចាប់ខ្លួន ។ សំណុំរឿងខាងលើនេះតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កំពុងបើកការស៊ើបសួរ ៕ ដោយ រ៉ារ៉ា