អគ្គរដ្ឋទូតអាមេរិក៖ ហ្វីលីពីន និងអាមេរិក អាចនឹងយាមល្បាតនៅសមុទ្រចិនខាងត្បូងនាចុងឆ្នាំ ២០២៣នេះ

ចែករំលែក៖

ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅហ្វីលីពីន លោក Jose Manuel Romualdez បានបញ្ជាក់ថា ការយាមល្បាតរួមនៅតំបន់សមុទ្រចិនខាងត្បូង រវាងហ្វីលីពីននឹងអាមេរិកនៅចុងឆ្នាំ២០២៣នេះ។

សារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៨ ខែឧសភា ឆ្នាំ២០២៣នេះបានផ្សាយថា មន្រ្តីទូតជាន់ខ្ពស់របស់ទីក្រុងម៉ានីលបានឱ្យដឹងនៅថ្ងៃចន្ទនេះថា ប្រតិបត្តិការល្បាតរួមគ្នារវាងហ្វីលីពីននឹងសហរដ្ឋអាមេរិក នៅក្នុងតំបន់សមុទ្រចិនខាងត្បូង ប្រហែលនឹងចាប់ផ្តើមនៅប៉ុន្មានខែខាងមុខ ខណៈដែលទីក្រុងវ៉ាស៉ីនតោនទើបតែចេញគោលការណ៍ណែនាំស្តីពីការការពារទីក្រុងម៉ានីល ពីការវាយប្រហារនៅដែនសមុទ្រ។
ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំសហរដ្ឋអាមេរិក លោក ចូសេ ម៉ានូអែល រ៉ូមូលឌែស (Jose Manuel Romualdez) បាននិយាយថា ដំណើរការពិភាក្សាគ្នាកំពុងតែបន្តប្រព្រឹត្តទៅជុំវិញប្រតិបត្តិការល្បាតដែនសមុទ្ររួមគ្នារវាងហ្វីលីពីននឹងអាមេរិក ដែលត្រូវបានប្រកាសដំបូង កាលពីខែកុម្ភៈ ឆ្នាំនេះ។ លោក រ៉ូមូលឌែស បានប្រាប់បណ្តាញសារព័ត៌មាន CNN Philippines ថា បើតាមការប៉ាន់ប្រមាណ ការល្បាតនោះគួរតែអាចចាប់ផ្តើម មិនយូរជាងត្រីមាសទី៣ នៃឆ្នាំ២០២៣ឡើយ។
កាលពីខែកុម្ភៈ រដ្ឋមន្រ្តីការពារជាតិអាមេរិក លោក ឡយ អូស្ទីន (Lloyd Austin) បានប្រកាសថា រូបលោកហើយនិងប្រមុខការពារជាតិរបស់ហ្វីលីពីន លោក កាលីតូ ហ្កាល់វេស (Carlito Galvez) បានយល់ព្រមចាប់ផ្តើមការល្បាតដែនសមុទ្ររួមគ្នាឡើងវិញនៅឯតំបន់សមុទ្រចិនខាងត្បូង។ ការល្បាតនោះត្រូវបានអតីតប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌុយទែតេ ដែលបានព្យាយាមស្វែងរកទំនាក់ទំនងកក់ក្តៅជាមួយចិន បានសម្រេចផ្អាក ក្រោយលោកឡើងកាន់អំណាចកាលពីឆ្នាំ២០១៦។
ចំណងទ្វេភាគីរវាងប្រទេសទាំងពីរ បាននិងកំពុងមើលឃើញភាពប្រសើរឡើងវិញ នៅក្រោមអាណត្តិប្រធានាធិបតីហ្វីលីពីនបច្ចុប្បន្ន គឺលោក ហ្វឺឌីណាន់ ម៉ាកូស ចេអរ (Ferdinand Marcos Jr) ដែលបានទៅជួបប្រធានាធិបតីអាមេរិក លោក ចូ បៃដិន អំឡុងទស្សនកិច្ចរយៈពេល៤ថ្ងៃ នៅទីក្រុងវ៉ាស៉ីនតោនកាលពីសប្តាហ៍មុន។ អំឡុងពេលនោះ មន្ទីរបញ្ចកោណបានចេញគោលការណ៍ណែនាំ ដែលរៀបរាប់នូវលក្ខខណ្ឌច្បាស់ៗនៃការប្តេជ្ញារបស់សហរដ្ឋអាមេរិក ចំពោះសន្ធិសញ្ញាការពារជាតិជាមួយហ្វីលីពីន ដែលបានផ្តោតជាពិសេសអំពីការវាយប្រហារនៅសមុទ្រចិនខាងត្បូង ក្នុងនោះរួមមានទាំងទៅលើកងកម្លាំងឆ្មាំសមុទ្រហ្វីលីពីន៕ ដោយធីរីណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print