អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានបញ្ជាក់ថា ទំនាក់ទំនងពាណិជ្ជកម្មរវាងរុស្ស៊ីនឹងចិន គឺបើកចំហ យុត្តិធម៌ និងមិនមានគោលដៅប្រទេសទីបីណាមួយឡើយ។
អ្នកនាំពាក្យក្រសួងការបរទេសចិនបាននិយាយថា “ទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងរុស្ស៊ី នឹងចិនមានភាពយុត្តិធម៌ និងតម្លាភាព។ ភាគីទាំងពីរមិនកំណត់គោលដៅប្រទេសទីបី និងមិនត្រូវបានទទួលរងនូវការជ្រៀតជ្រែកនិងការបង្ខិតបង្ខំពីភាគីទីបីនោះឡើយ”។
លោក Wang បានបន្ថែមថា ក្នុងករណីដែលសហភាពអឺរ៉ុបដាក់ទណ្ឌកម្មលើអង្គភាពរបស់ចិន ទង្វើនេះអាច “រំលោភលើទំនុកចិត្ត និងកិច្ចសហប្រតិបត្តិការយ៉ាងធ្ងន់ធ្ងរជាមួយប្រទេសចិន ធ្វើឱ្យមានការបែកបាក់កាន់តែធ្ងន់ធ្ងរ” និងប្រឈមមុខនឹងពិភពលោក។
អ្នកនាំពាក្យ Wang Wenbin បានសង្កត់ធ្ងន់ថា ប្រសិនបើទណ្ឌកម្មបែបនេះចូលជាធរមាន ប្រទេសចិននឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ដើម្បីការពារផលប្រយោជន៍របស់ខ្លួន។
កាលពីថ្ងៃទី 7 ខែឧសភា ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា សហភាពអឺរ៉ុប (EU) អាចនឹងដាក់ទណ្ឌកម្មជាលើកដំបូងលើក្រុមហ៊ុនចិនដែលត្រូវបានចោទប្រកាន់ថាបានលក់ឧបករណ៍យោធាទៅឱ្យប្រទេសរុស្ស៊ីក្នុងបរិបទនៃវិបត្តិសេដ្ឋកិច្ចរបស់ទីក្រុងម៉ូស្គូ ហើយបានអនុវត្តប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែន។
យោងតាមសេចក្តីព្រាងទណ្ឌកម្មដែលកាសែត Financial Times ទទួលបាននោះ បច្ចុប្បន្នក្រុមហ៊ុនចិនចំនួនប្រាំពីរត្រូវបានចោទប្រកាន់ពីបទលក់ទៅឱ្យប្រទេសរុស្ស៊ីនូវសមាសធាតុដែលអាចប្រើប្រាស់ក្នុងអាវុធ។ បញ្ជីនៃសេចក្តីព្រាងកញ្ចប់ទណ្ឌកម្មថ្មីរបស់សហភាពអឺរ៉ុបនឹងត្រូវបានពិភាក្សាដោយរដ្ឋសមាជិកនៃសហភាពអឺរ៉ុបក្នុងសប្តាហ៍នេះ។ អាជីវកម្មទាំងនេះមួយចំនួនមាននៅក្នុងបញ្ជីទណ្ឌកម្មរបស់សហរដ្ឋអាមេរិករួចហើយ៕ ដោយធីរីណា
រូបថត : TTXVN-VNA