កីឡាការិនី​ បូ សំណាង​ ពិតអស្ចារ្យណាស់ រត់ចំងាយ ៥០០០ម៉ែត្រ រហូតដល់គោលដៅ ទោះភ្លៀង ផ្គរ ខ្យល់កន្ត្រាក់ យ៉ាងណាក៏ដោយ !

ចែករំលែក៖

ភ្នំពេញ : កីឡាការិនីរត់ប្រណាំង បូ សំណាង ព្យាយាមរត់ ៥គីឡូម៉ែត្រ ទាំងកំពុងធ្លាក់មេឃភ្លៀង ផ្គរ និងខ្យល់កន្ត្រាក់ខ្លាំង ដោយនាងមិនឈប់ឡើយ ទោះចាញ់គេច្រើនជុំក៏ដោយ នាងតស៊ូរហូតដល់ទី។
សកម្មភាពរបស់ កីឡាការិនីរត់ប្រណាំង បូ សំណាង ទទួលបានការគាំទ្រយ៉ាងខ្លាំងពី ប្រជាពលរដ្ឋ និងបង្ហោះព្រោងព្រាត ពេញបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក តាំងពីយប់មុិញ រហូតដល់ព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣ កាន់តែមានការបង្ហោះ លើ facebook ភាគច្រើន ជាសារកោតសរសើរ ផ្តល់កម្លាំងចិត្តដល់នាង ។
ដោយឡែក កាសែតវៀតណាម និងកាសែតថៃ បានផ្តិតយកសកម្មភាពភាពរត់ចំងាយនេះ សរសេរពីភាព តស៊ូ របស់នាង រហូតដល់គោលដៅ ទោះចាញ់ក៏ដោយ ក៏នាងមិនបោះបង់ការរត់ បញ្ឈប់កណ្តាលទីឡើយ។

មានអ្នកខ្លះបានបង្ហោះថា “នេះជាមេរៀនដែលខ្ញុំបានរៀនពី សំណាង” ៖

-ទោះបីជាគោលដៅនៅឆ្ងាយ​ នាងទៅទាល់តែដល់ទោះយឺតជាងអ្នកដទៃ​
-ប្រឹងប្រែងទៅមុខ​ មិនបោះបង់​ មិនថាជួបឧបសគ្គបែបណា
-ដំណេីរដ៏វែងឆ្ងាយនៃជីវិត​ អ្នកនឹងជួបឧបសគ្គគ្រប់បែបយ៉ាង​ ព្យុះភ្លៀង​ បង្រៀនយេីងអោយជម្នះទៅមុខទៀត​
-អ្នកអាចយំបាន​ តែអ្នកមិនត្រូវចុះចាញ់ជាដាច់ខាត
-ដល់គោលដៅមុន​ ឬក្រោយ​ មិនសំខាន់​ កាលដែលសំខាន់​ មិនបោះបង់គោលដៅខ្លួនឯងពាក់កណ្តាលទី។

ជីវិតយេីងម្នាក់ៗដូចការរត់ប្រណាំង​ ឆ្លងកាត់ភ្លៀងព្យុះ​ ដូច​ បូ​ សំណាងបែបនេះឯង។

បូ សំណាង រត់មកដល់ទី ក្រោយគេ លើកទង់ជាតិកម្ពុជា របស់ ទាំងទឹកភ្នែក ពេលមេឃ កំពុងភ្លៀង ផ្គរ ខ្យល់កន្ត្រាក់ខ្លាំង ។ សូមជូនពរដល់ កីឡាការិនី​ បូ សំណាង នឹងយកជ័យជំនះ សម្រាប់ពេលក្រោយៗទៀត។ អ្នកមានបេះដូងធំទូលាយ ប្រទេសជិតខាង ត្រូវបានអ្នកប្រមូលបេះដូងបានអស់ហើយ ចំពោះប្រជាពលរដ្ឋជាតិយើងវិញ ពិតរំភើបចិត្ត គាំទ្រអ្នកខ្លាំងបំផុត ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print