ភ្នំពេញ : ដោយឃើញនូវវីរភាពរបស់ក្មួយស្រី ប៊ូ សំណាង ក្នុងការតស៊ូរត់រហូតដល់គោលដៅកំណត់ ឯ.ឧ លី វ៉ាន់ហុង មន្រ្តីក្រសួងព័ត៌មានសូមចូលរួមជួយលើកទឹកចិត្តជាថវិកា ១ ០០០ ០០០ (មួយលាន)រៀល ។ លោកអ្នក ទទួលបន្ទុកតំណាងអត្តពលិក ប៊ូ សំណាង សុំមកទទួលថវិកាពីខ្ញុំ កឹម គុណវឌ្ឍន៍ 012 554 535។ នេះបើយោងតាមការបញ្ជាក់ជាផ្លូវការ របស់លោក Kem Gunawadh រដ្ឋលេខាធិការ ក្រសួងព័ត៌មាន ដែលបង្ហោះ លើ facebook មុននេះបន្តិច នាថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣។ លោក លី វ៉ាន់ហុង ជារដ្ឋលេខាធិការក្រសួង ព័ត៌មាន និងប្រតិភូរាជរដ្ឋាភិបាល ។
សូមអបអរសាទរ ចំពោះកីឡាការី ប៊ូ សំណាង តស៊ូ រត់ទាំងដំណក់ទឹកភ្លៀង ស្រោចជោកជាំ លើទីលានប្រកួត។
សូមបញ្ជាក់ថា , គ្រាន់តែការប្រកួតរត់ប្រណាំងចាប់ផ្តើមភ្លាម ព្រះភិរុនក៏បង្អុរចុះមក។ រត់ក្រោមដំណក់ភ្លៀង សំណាងត្រូវបានគូប្រកួតដទៃទៀត រត់ចោល ប៉ុន្តែនាង សម្រេចចិត្តថាមិនបោះបង់ ហើយនៅតែបន្តរត់ទៅមុខតាមតែអាចធ្វើទៅបាន។ នៅប្រមាណជា ៧នាទីចុងក្រោយនៃការប្រកួត មេឃភ្លៀងធ្លាក់មកកាន់តែខ្លាំង អត្តពលិកផ្សេងទៀតបានចូលជួរ ប៉ុន្តែនាងនៅតែបន្តរត់រហូតដល់ទីបញ្ចប់ អ្នកទោះបីនាងជាអ្នកចុងក្រោយក៏ដោយ។
នៅចុងបញ្ចប់នៅលើចម្ងាយផ្លូវ ៥០០០ម៉ែត្រ ជាមួយនឹងពេលវេលា ២២.៥៤នាទី ដែលគាត់អាចធ្វើបាន… ការទះដៃអបអរសាទរពីអ្នកគាំទ្រនៅសងខាងផ្លូវ និងត្រង់ចំណុចគោលដៅ ចាប់ផ្តើមបន្លឺឡើងយ៉ាងរំពងអើងកង។
នាងយំ ហើយជូតទឹកភ្លៀង លើកដៃអគុណដល់ភ្លៀងដែលធ្លាក់មក។
នេះគឺជាថ្ងៃដែលពួកមើលឃើញមនុស្សយំហើយមិនឃើញទឹកភ្នែក ប៉ុន្តែបើយើងក្រឡេកទៅមើលនាង វាគឺទិដ្ឋភាពនៃការដឹងគុណអ្វីមួយ។
អ្វីដែលដែលដឹង ពិភពលោកនៃការប្រណាំងប្រជែង គឺជាគូប្រកួតដែលរត់ដល់គោលដៅលឿនជាងគេ។
ប៉ុន្តែ នៅក្នុងជីវិតពិត ជំហានដែលអ្នកដើរ គោលដៅដែលអ្នកកំពុងតែឆ្ពោះទៅរក និងទីបញ្ចប់របស់វា គឺមិនមែនកំណត់ដោយពេលវេលានោះទេ។
អ្វីគ្រប់យ៉ាងមិនមែនសុទ្ធតែត្រូវបានកំណត់ដោយច្បាប់នោះទេ យើងអាចកែប្រែវាបាន មិនថាអ្នករត់យឺតប៉ុនណានោះទេ ដរាបណាអ្នកមិនបោះបង់ អ្នកនឹងដល់ដោលដៅ។
លទ្ធផលពិតនៃជីវិត មិនមែនកំណត់ដោយពេលវេលានោះទេ មិនថាលឿន ឬក៏យឺត ឲ្យអ្នកដើរដល់គោលដៅ នោះហើយជាជោគជ័យពិតប្រាកដ។
ប៊ូ សំណាង កីឡាករិនីរត់ប្រណាំងជម្រើសជាតិកម្ពុជាលើវិញ្ញាសារត់ចម្ងាយ ៥០០០ម៉ែត្រ មានឈ្មោះល្បី គ្រប់គ្នាបានសរសើរនាង។
លោក មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងព័ត៌មាន បានបង្ហោះថា, ” សូមកោតសរសើរប្អូនស្រីដោយស្មោះចំពោះការខិតខំតស៊ូដេីម្បីជាតិកម្ពុជាយេីង។ ប្អូនស្រីបានឈ្នះបេះដូងប្រជាជនកម្ពុជាគ្រប់រូប និងមនុស្សជុំវិញពិភពលោក” ។
លោក ខៀវ កាញារឹទ្ឋ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានស៊ែរពី ផេក (Sports Cambodia) ដែលមានន័យថា,លទ្ធផលបែបណាក៏ដោយ អ្នកបានធ្វើរឿងអស្ចារ្យបំផុតហើយ ការតាំងចិត្ត ថ្ងៃនេះ ជោគជ័យនឹងមានថ្ងៃមុខ 🇰🇭🇰🇭 ពួកយើងមានមោទនភាពចំពោះអ្នក អរគុណចំពោះការខំប្រឹងប្រែង🙏🙏 និងបង្ហោះថា (My respects!)។
អ្នកខ្លះសរសេរថា, កុំយំណា!!ប្អូនស្រីអស្ចារ្យណាស់ 🙏🏻💪 កីឡាការិនីរត់ប្រណាំង បូ សំណាង ព្យាយាមរត់ ៥គីឡូម៉ែត្រ ទាំងមេឃភ្លៀងនិងខ្យល់ខ្លាំង ដោយប្អូន មិនឈប់ឡើយ ទោះចាញ់គេច្រើនជុំក៏ដោយ ប្អូនស្រីតស៊ូរហូតដល់ទី 🇰🇭🇰🇭
ប្អូនស្រីមិនបានឈ្នះមេដាយពិតមែន តែប្អូនបានឈ្នះមេដាយពីប្រជានជនកម្ពុជាទាំងអស់គ្នា 🙏🏻❤️🇰🇭💝💝។
ផេកឈ្មោះ ( Royal du Cambodge ) ភាគច្រើនសរសេរតែព្រះរាជសកម្មភាព ព្រះករុណាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះថា,
«កីឡា គឺលើសពីភាពឈ្នះ និងចាញ់»
កីឡា មិនបានសំដៅទៅលើតែសេចក្តីឈ្នះចាញ់ចំពោះគូរប្រកួតនោះទេ ខ្លឹមសារបំផុតរបស់អត្តពលិក គឺការបង្ហាញឲ្យឃើញនូវសេចក្តីអំណត់តស៊ូ ការខិតខំប្រឹងប្រែងយកឈ្នះលើខ្លួនឯងចំពោះបញ្ហាដែលកំពុងប្រឈម ស្តែងឲ្យឃើញនូវចំណុចពិសេសរបស់យើងទៅកាន់ពិភពខាងក្រៅ មួយជំហាននៃការខិតខំប្រឹងប្រែង គឺមួយជំហានខិតទៅរកភាពជោគជ័យ។
ប្រជាជនកម្ពុជាគ្រប់រូបមានមោទនភាពយ៉ាងក្រៃលែងចំពោះ អត្តពលិក តំណាងដល់កម្ពុជាទាំងអស់ដែលបានខិតខំប្រឹងប្រែងស្វែងរកមេដាយជូនជាតិ ហើយរក្សាបានជូនកម្ពុជានូវចំណាត់ថ្នាក់ទី១ នៃប្រទេសទទួលបានមេដាយច្រើនជាងគេក្នុងការប្រកួតកីឡាសុីហ្គេមលើកទី៣២ ។
យើងនៅទីនេះគាំទ្រអ្នក មិនថាជ័យជំនះ ឫបរាជ័យ ៕
ដោយ : សិលា