ភ្នំពេញ៖ ករណីកំពុងតែកក្រើកនៅលើបណ្តាញសង្គម និងរងការរិះគន់ យ៉ាងខ្លាំងទៅលើលោកស្រី ស៊ឹម សុខុន និងសុំឲ្យក្រសួងមហាផ្ទៃស្រាវជ្រាវរកមន្ត្រីដែលពាក់ព័ន្ធ ដើម្បីចាត់វិធានការតាមច្បាប់នោះអគ្គនាយកដ្ឋានពន្ធនាគារ នឹងកោះហៅអនុប្រធានពន្ធនាគារលោកស្រីស៊ឹម សុខុន ខេត្តបាត់ដំបងមកសាកសួរ។
អគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ នឹងកោះហៅលោកស្រី ស៊ឹម សុខុន អនុប្រធានពន្ធនាគារខេត្តបាត់ដំបងមកធ្វើការសាកសួរ និងបំភ្លឺលើករណីដែលប្រជាពលរដ្ឋប្តឹងទសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រឿងយកលុយពីប្រជាពលរដ្ឋជាងប្រាំបួនម៉ឺនដុល្លារជាថ្នូររត់ការចូល ក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិតែមិនបានសម្រេច។
នៅយប់ថ្ងៃទី១០ ខែឧសភា ឆ្នំា២០២៣នេះ ករណីនេះ សម្តេចក្រឡាហោម ស ខេង បានជ្រាបហើយ និងបាន ឱ្យខាងអគ្គនាយដ្ឋានពន្ធនាគារស្រាវជ្រាវលើករណីនេះឱ្យបានច្បាស់លាស់និងរកអ្នកដែលពាក់ព័ន្ធនៅពី ក្រោយរឿងនេះ ពោលគឺអ្នកដែលឃុបឃិតជាមួយលោកស្រី ស៊ឹម សុខុន អនុប្រធានពន្ធនាគារ ខេត្ត បាត់ដំបង។
មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃបានប្រាប់ឲ្យដឹងថា អគ្គនាយកដ្ឋានពន្ធនាគារ នឹងកោះអញ្ជើញលោកស្រី ស៊ឹម សុខុន មកធ្វើការសាកសួរបំភ្លឺលើករណីនេះ។ បន្ទាប់ពីស្តាប់ចម្លើយរួចនឹងធ្វើរបាយការណ៍គោរពជូនសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីពិនិត្យ និងសម្រេច។
លោកស្រី ស៊ឹម សុខុន មន្ដ្រីពន្ធនាគារខេត្តបាត់ដំបង ត្រូវបានប្រជាពលរដ្ឋ ១១គ្រួសារ រស់នៅភូមិឆករកា ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង បានដាក់ពាក្យបណ្ដឹងរួមគ្នា ប្តឹងទៅសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ រឿងបោកលុយជាង៩ម៉ឺនដុល្លារ ដើម្បីរត់ការចូលក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិ។
នៅក្នុងពាក្យបណ្តឹង រៀបរាប់ជូនសម្ដេចក្រឡាហោម ស ខេង ថា កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១យើងខ្ញុំទាំង ១១នាក់ បានយកថវិកាទៅប្រគល់ជូនលោកស្រី ស៊ឹម សុខុន នៅគេហដ្ឋានរបស់លោកស្រីផ្ទាល់ ដោយមាន លោក ម៉ៅ ណាត លោកប្រាជ្ញ សុវណ្ណមន្នី និងលោក ម៉ៅ សំរេច ជាអ្នកបានឃើញយើងខ្ញុំទាំង១១នាក់ជួបប្រគល់ថវិកាទៅលោកស្រីពិតប្រាកដមែន ដោយគាត់សន្យា និងជួយរត់ការប្រឡងចូលក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ប្រសិនបើមិនបាន គាត់និងប្រគល់ថវិកាជូនវិញគ្រប់ចំនួន ។ គាត់អះអាងថាគេ នឹងរើសចេញពីជួរយុវជនគណបក្សប្រជាជនកម្ពុជា។
ក្រោយពេល ដល់ថ្ងៃកំណត់ប្រឡងរួចតែលទ្ធផល មិន បានជាប់ដូចការសន្យា ទើបយើងខ្ញុំទាំងអស់គ្នាសម្រេច ចិត្ត សុំដកយកថវិកាមកវិញ តែរយ:ពេលមួយឆ្នាំហើយមិនព្រមឱ្យ យើងខ្ញុំសម្រេចចិត្តដាក់ពាក្យបណ្តឹងទៅសាលាខេត្ត បាត់ដំបង ហើយអភិបាលរងនៃគណៈអភិបាលខេត្ត បានព្យាយាមដោះស្រាយចំនួនបីលើក តែមិនបានថវិកាមកវិញទើប យើងខ្ញុំសម្រេចចិត្តដាក់ពាក្យបណ្តឹងជូនសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជួយដោះស្រាយ និងរកយុត្តិធម៌ ជូនយើងខ្ញុំឲ្យបានថវិកាគ្រប់ចំនួន៩៤.៧០០ ដុល្លាអាម៉េរិក មកវិញផងតាមឈ្មោះ និងចំនួនថវិកាដូចតារាងជូនភ្ជាប់។ សេចក្ដីដូចបានគោរពជម្រាបជូននេះ សូមសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ មេត្តាពិនិត្យ និងសម្រេចដោយសេចក្ដីអនុគ្រោះ។
ទាក់ទងចំពោះករណីនេះ លោកស្រីឧត្តមសេនីយ៍ត្រី ស៊ឹម សុខុន មន្ដ្រីពន្ធនាគារខេត្តបាត់ដំបង មិនអាចសុំការអត្ថាធិប្បាយបានទេ៕ ដោយ៖ សូរិយា