នៅពេលនេះ សហគមន៍អឺរ៉ុប ចាំបាច់ត្រូវតែកែប្រែគោលនយោបាយរបស់ខ្លួនចំពោះចិន ប៉ុន្តែនៅរក្សាតុល្យភាពទំនាក់ទំនងជាមួយសហរដ្ឋអាមេរិកដដែល ដោយមិនអាចបោះបង់ចោលភាគីណាមួយនោះឡើយ។
សារព័ត៌មាន Reuters នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ បានផ្សាយថា ទីភ្នាក់ងារសេវាកម្មខាងក្រៅរបស់សហភាពអឺរ៉ុបបានដាក់ចេញនូវផែនការដើម្បីកែសម្រួលគោលនយោបាយរបស់ប្លុកចំពោះចិន ក្នុងគោលបំណងកាត់បន្ថយហានិភ័យនៃការពឹងផ្អែកសេដ្ឋកិច្ចលើទីក្រុងប៉េកាំង ខណៈបន្តកិច្ចសហប្រតិបត្តិការលើបញ្ហាពិភពលោក។
ទីភ្នាក់ងារសេវាកម្មខាងក្រៅរបស់សហភាពអឺរ៉ុបបានបង្ហាញសំណើនេះនៅក្នុងឯកសារចំនួន៧ទំព័រ ដែលបានផ្ញើទៅកាន់រដ្ឋាភិបាលនៃបណ្តាប្រទេសសហភាពអឺរ៉ុប មុនពេលកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសរបស់ពួកគេធ្វើឡើងក្នុងទីក្រុងស្តុកខុល (Stockholm) នាថ្ងៃសុក្រនេះ។ សំណើនេះបង្ហាញថា ការធ្វើកិច្ចសហប្រតិបត្តិការ លក្ខខណ្ឌនៃការប្រកួតប្រជែង នឹងបន្តស្ថិតនៅចំកណ្តាលនៃគោលនយោបាយរបស់សហភាពអឺរ៉ុបចំពោះចិន ទោះបីជាកម្រិតអាចប្រែប្រួលទៅតាមអាកប្បកិរិយារបស់ប្រទេសចិនក៏ដោយ។ ឯកសារនេះក៏បានបញ្ជាក់ដែរថា ការសម្របសម្រួលរវាងសហភាពអឺរ៉ុបជាមួយសហរដ្ឋអាមេរិក «នៅតែមានសារៈសំខាន់»។ ប៉ុន្តែ EU មិនគួរក្លាយជាចំណុចកណ្តាលនៃការប្រកួតប្រជែងរបស់មហាអំណាចទាំងពីរនោះទេ។
ក្នុងលិខិតអមជាមួយសំណើនេះ ប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុប លោក ចូសេព បូរ៉ែល (Josep Borrell) បាននិយាយថា មានហេតុផលយ៉ាងតិច៣សម្រាប់ «ការកែសម្រួលឡើងវិញ» លើគោលនយោបាយចំពោះចិន។ នេះជាចំណាត់ការដើម្បីផ្លាស់ប្តូរការកើនឡើងនូវមនោគមវិជ្ជានៃអ្នកជាតិនិយមចិន ក៏ដូចជាការពង្រឹងការប្រកួតប្រជែងរវាងសហរដ្ឋអាមេរិកនឹងចិនដែលបានប៉ះពាល់ដល់គ្រប់វិស័យ រួមទាំងការណ៍ពិតដែលថាប្រទេសចិនគឺជាតួអង្គសំខាន់ក្នុងបញ្ហាតំបន់ និងពិភពលោក»។
ឯកសារគោលនយោបាយនេះគឺជាការចំណាត់ការថ្មីរបស់សហភាពអឺរ៉ុបក្នុងការធ្វើឱ្យមានតុល្យភាពទំនាក់ទំនងនៃប្រទេសសមាជិកទាំង២៧របស់ខ្លួន និងបំណងប្រាថ្នាដើម្បីរក្សាវិធីសាស្រ្តពិសេសរបស់សហភាពអឺរ៉ុបចំពោះទីក្រុងប៉េកាំង ខណៈដែលកំពុងរក្សាភាពជាដៃគូជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក៕ ដោយធីរីណា
រូបថត : CGTN