ខេត្តបាត់ដំបង៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា កម្លាំងសមត្ថកិច្ចនគរបាលចម្រុះខេត្តបាត់ដំបង សហការស្រាវជ្រាវ និងបង្រ្កាបករណីប្រេីប្រាស់អាវុធខុសច្បាប់ បាញ់បោះសេរីក្នុងមូលដ្ឋានមួយករណីឃាត់ខ្លួនមនុស្សចំនួន០៣នាក់ កាលពីថ្ងៃទី១១ ឧសភាម្សិលមិញនេះ។
ប្រភពដដែលបន្តថា ក្នុងប្រតិបត្តិការនោះ លោកវរសេនីយ៍ទោសំ វីរះ អធិការនគរបាលស្រុកបាណន់ បានដឹកនាំកម្លាំង ចុះសហការជាមួយកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ដែលមានលោកវរសេនីយ៍ឯកពេជ្រ សារ៉ែន ជាអធិការ និងកម្លាំងនគរបាលការិយាល័យនគរបាលព្រហ្មទ័ណ្ឌកម្រិតស្រាលដែលមានលោកវរសេនីយ៍ឯក ចៀុក ផានិន ជានាយការិយាល័យនិងមានលោកវរសេនីយ៍ឯក ឈឿង គឹមសុង ស្នងការរងទទួលបន្ទុក បានធ្វេីការការបង្រ្កាបនិងឃាត់ខ្លួនមុខសញ្ញាប្រេីប្រាស់អាវុធខុសច្បាប់ចំនួន០១ករណី ឃាត់ខ្លួនមនុស្សចំនួន០៣នាក់ និងដកហូតបានអាវុធខ្លីចំនួន០២ដេីមនិងគ្រាប់មួយចំនួននិងរថយន្តជាមធ្យោបាយផង។
សូមជម្រាបជូនថាមូលហេតុដែលឃាត់ខ្លួននេះគឺកាលពីថ្ងៃទី១០ខែឧសភាឆ្នាំ២០២៣ វេលាម៉ោងប្រមាណ១២និង០០នាទីនៅវាលស្រែ ចំណុចក្រុមទី០១ ភូមិប៉ោយស្វាយ ឃុំតាគ្រាមស្រុកបាណន់ខេត្តបាត់ដំ បងមានមនុស្សមួយក្រុមជិះរថយន្តមួយគ្រឿងបានប្រេីប្រាស់អាវុធខ្លីបាញ់ជាច្រេីនគ្រាប់នៅចំណុចភូមិសាស្រ្តខាងលេី ដោយមិនដឹងពីមូលហេតុនិងបង្កឱ្យមានការភ្ញាក់ផ្អេីល។
ក្រោយធ្វេីសកម្មភាពបាញ់បោះរួចពួកគេបានជិះរថយន្តចាកចេញពីទីកន្លែងនោះ ទៅបាត់ ដោយបន្សល់ទុកនូវការងឿងឆ្ងល់ចំពោះមហាជននៅទីនោះ ប៉ុន្តែបញ្ហានេះត្រូវបានដឹងដល់សមត្ថកិច្ចនគរបាលស្រុកបាណន់ដែលមានលោកវរសេនីយ៍ទោ សំ វីរះ ជាអធិការបានដឹកនាំធ្វេីការស្រាវជ្រាវភ្លាមៗ។
តាមបទបញ្ជាដាច់ខាតរបស់លោកឧត្តមសេនីយ៍ទោស្នងការ សមត្ថកិច្ចបានស្រាវជ្រាវនិងកំណត់អត្តសញ្ញាណបាន រហូតឈានដល់ការសហការដេញបង្រ្កាបទាំងយប់និងឃាត់ខ្លួនបានជនសង័្សយចំនួន០៣នាក់គឺ៖
១-ឈ្មោះ ធុល សីហា ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិបែកចានថ្មី សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
២-ឈ្មោះ ទៀង ច័ន្ទឌីណា ភេទប្រុស អាយុ៣៥ឆ្នាំ ភូមិចុងទំនប់ សង្កាត់ក្តុលដួនទាវ ក្រុងបាត់ដំបងខេត្តបាត់ដំបង។
៣-ឈ្មោះ ស៉ីង កុកឃាង ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិបវេល ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង។
-*វត្ថុតាងដកហូតមាន៖
-អាវុធខ្លីម៉ាកRETAY ពណ៌ខ្មៅចំ នួន០២ដេីម បង់និងគ្រាប់មួយចំនួនផង ។
-រថយន្តម៉ាកPRUIS ពណ៌ខ្មៅ ស៊េរីឆ្នាំ2010 ស្លាកលេខ ភ្នំពេញ 2BU-7671 មួយគ្រឿង។
ពេលធ្វើការសាកសួរជាបឋមនៅអធិការដ្ឋាននគរបាលស្រុកលោកវរសេនីយ៍ទោ សំ វីរះ បានឱ្យដឹងថា នៅថ្ងៃទី១០ខែឧសភាឆ្នាំ២០២៣ ពួកគេប្រេីប្រាស់អាវុធចំនួន០៤ដេីម បាញ់អស់ចំនួន៦០គ្រាប់នៅទីតាំងខាងលេី បង្កឱ្យមានការភ្ញាក់ផ្អេីល ដែលការបាញ់នេះគឺជាការសាកអាវុធថ្មីរបស់ពួកគេ ដែលទេីបទិញបាន ហេីយមូលហេតុដែលគេទិញអាវុធមកប្រេីប្រាស់ដោយខុសច្បាប់បែបនេះគឺគេមានបំណងយកមកការពារខ្លួន។
នៅពេលនេះមានបក្សពួកគេផ្សេងទៀតរួមទាំងអាវុធខ្លីផង ដែលសមត្ថកិច្ចនគរបាលកំណត់មុខសញ្ញាបានហេីយ កំពុងតាមប្រម៉ាញ់យកមកផ្តន្ទាទោស។
បច្ចុប្បន្នករណីខាងលេីនេះ សមត្ថកិច្ចជំនាញបានឃាត់ខ្លួនជនសង្ស័យបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ដើម្បីចាត់ការតាមច្បាប់៕ដោយ៖សហការី