ភ្នំពេញ : នៅ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានអោយដឹងថា, នៅក្នុងសម័យប្រជុំរបស់ខ្លួន កាលពីខែ មេសា ឆ្នាំ២០២៣ ក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិ (United Nations Economic and Social Council – ECOSOC) បានរៀបចំការបោះឆ្នោត ដើម្បីបំពេញតំណែង ទំនេរក្នុងស្ថាប័នចំណុះចំនួន១៤ នៃ ក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិ។ ព្រះរាជាណាចក្រកម្ពុជាបានជាប់ក្នុងការបោះឆ្នោតសម្រាប់តំណែងសំខាន់ចំនួនពីរ ដូចខាងក្រោម៖
1. សមាជិកពេញសិទ្ធិរបស់ក្រុមជំនាញស្តង់ដាគណនេយ្យ និងរាយការណ៍អន្តរជាតិ (International Standards of Accounting and Reporting – ISAR) សម្រាប់ អាណត្តិ២០២៤-២០២៦ ដោយគិតចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ និង
2 សមាជិកនៃក្រុមប្រឹក្សាសម្របសម្រួលកម្មវិធី របស់កម្មវិធីអង្គការសហប្រជាជាតិ ប្រយុទ្ធជំងឺអេដស៍ (Programme Coordinating Board (PCB) of the Joint United Nations Programme on HIV/AIDS – UNAIDS) សម្រាប់អាណត្តិ ២០២៣- ២០២៥ ដោយគិតចាប់ពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២៥។
ការជាប់ឆ្នោតជាសមាជិក ISAR និង UNAIDS PCB បង្ហាញពីទំនុកចិត្តរបស់សហគមន៍ អន្តរជាតិចំពោះកម្ពុជា និងការទទួលស្គាល់របស់សហគមន៍អន្តរជាតិនូវការកសាងជាតិឡើងវិញ និងការគ្រប់គ្រង ការរាតត្បាតមេរោគអេដស៍ ប្រកបដោយជោគជ័យរបស់ព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាការរួមចំណែករបស់កម្ពុជា ជាមួយអង្គការសហប្រជាជាតិ ក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុង ការកសាងពិភពលោកឱ្យកាន់តែប្រសើរឡើង។ នេះគឺជាសមិទ្ធផលមួយក្នុងចំណោមសមិទ្ធផលគួរឱ្យកត់សម្គាល់ជាច្រើន ដែលព្រះរាជាណាចក្រកម្ពុជា សម្រេចបាន ក្នុងការលើកកម្ពស់កិត្យានុភាព ជាតិ និងការចូលរួមយ៉ាងសកម្មក្នុងកិច្ចការអន្តរជាតិ។
រាជរដ្ឋាភិបាលកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការគាំទ្រ និងការជឿ ទុកចិត្តពីរដ្ឋាភិបាលទាំងអស់ ដែលបានបោះឆ្នោតគាំទ្រព្រះរាជាណាចក្រកម្ពុជា សម្រាប់តួនាទីដ៏ សំខាន់ទាំងនេះ៕
ដោយ : សុខ ខេមរា